អង្គការសិទ្ធិមនុស្សអស់សង្ឃឹមនឹងរដ្ឋាភិបាល ពីការចាប់ខ្លួនឈូក បណ្ឌិត
- ដោយ: ជា ធីរិទ្ធ
- កែប្រែចុងក្រោយ: November 03, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទោះបីជាតុលាការខេត្តស្វាយរៀង បានចេញដីការចាប់ខ្លួនលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត អស់រយៈពេលជាជិតមួយឆ្នាំហើយក៏ដោយ ក៏មកទល់ពេលនេះ អាជ្ញាធរនៅតែមិនទាន់អាចចាប់ខ្លួន ជនមានពិរុទ្ធរូបនេះយកមកផ្តន្ទាទោសបានដែរ។ អង្គការសង្គមស៊ីវិល ដែលធ្វើការផ្នែកសិទ្ធិមនុស្សនៅកម្ពុជា និងដែលតាមដានករណីនេះ បានសម្តែងការអស់សង្ឃឹមថា អាជ្ញាធរទំនងជាមិនអាចចាប់ខ្លួនលោក ឈូក បណ្ឌិត បាននោះទេ។
ផ្លាកសញ្ញាបញ្ជាក់ពីយុត្តិធម៌ ពីខាងក្រៅសាលាឧទ្ទរណ៍។ (រូបថត MONOROOM.info/ O. Vary)
រាជធានីភ្នំពេញ - បន្ទាប់ពីបានបើកសវនាការលើសំណុំរឿង ទាក់ទងនឹងអតីតអភិបាលក្រុវបាវិត បាញ់កម្មករិនី នៅខេត្តស្វាយរៀងកាលពីថ្ងៃទី ៣១ខែតុលា ម្សិលមិញរួចមក។ តុលាការឧទ្ធរណ៍ នឹងសម្រេចប្រកាសសាលដីការជុំវិញរឿងក្តីនេះ នៅថ្ងៃទី ៤ ខែ វិច្ឆិកា ខាងមុខ។ ការប្រកាសនៅពេលខាងមុខនេះ បើទោះបីសាលដីការរបស់សាលាឧទ្ធរណ៍ សម្រេចបង្គាប់ឲ្យចាប់ខ្លួនលោក ឈូក បណ្ឌិត យកមកឃុំក្នុងពន្ធនាគារដូចសាលក្រមរបស់តុលាការខេត្តស្វាយរៀងក៏ដោយ ក៏សាធារណៈជនទូទៅគ្មានជំនឿថា អជ្ញាធរអាចចាប់ខ្លួនលោក ឈូក បណ្ឌិត យកមកផ្តន្ទាទោសបាននោះដែរ។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្ស លោក អ៊ូ វីរៈ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូថា លោកមិនសូវមានសង្ឃឹមសោះឡើយ ដែលអជ្ញាធររដ្ឋាភិបាលអាចស្វែងរកចាប់ខ្លួនលោក ឈូក បណ្ឌិត បាននោះ។ លោក អូ វីរៈ បន្តថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាមានឆន្ទៈពិតប្រាកដក្នុងការចាប់ខ្លួនលោក ឈូក បណ្ឌិត នោះ គេប្រាកដជាអាចចាប់ខ្លួនបានជាក់ជាមិនខាន ព្រោះលោកឈូកបណ្ឌិតជាមនុស្សមានមុខមាត់«ធម្មតា» មិនមែនទេវតានោះទេ។
មេដឹកនាំអង្គការសិទ្ធិមនុស្សរូបនេះ បាននិយាយជាការប្រហាក់ប្រហែលថា ម្លេះពេលនេះលោកឈូក បណ្ឌិត ទំនងអាចរត់ទៅដល់ប្រទេសវៀតណាមបាត់ទៅហើយក៏មិនដឹង តែលោកថា ប្រសិនបើរដ្ឋាភិបាលចង់ចាប់នោះ គឺអាចធ្វើបានដោយស្រួលគ្រាន់តែសហការជាមួយរដ្ឋាភិបាលវៀតណាមទៅ ព្រោះប្រទេសនេះជាប្រទេសកុំម្មុយនីសងាយស្រួលក្នុងការចាប់ខ្លួនណាស់។ ក៏ប៉ុន្តែលោក អូ វីរៈ បានបញ្ជាក់ជាថ្មីទៀតថា រដ្ឋាភិបាល«គ្មានឆន្ទៈ»នោះទេ។
លោក អំ សំអាត មន្រ្តីមួយរូបទៀតនៃអង្គការសិទ្ធិមនុស្សលីកាដូ បានលើកឡើងថា លោកមានសង្ឃឹមតិចតួចណាស់ ដែលអជ្ញាធរអាចចាប់ខ្លួនលោក ឈូក បណ្ឌិត បាន បើទោះបីណាជាតុលាការសាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមសាលាដំបូងនាពេលខាងមុខក៏ដោយ។ លោកថា ករណីលោកឈូក បណ្ឌិតនេះ តុលាការនិងអាជ្ញាធរគ្រាន់តែធ្វើជាល្បែងលេងតែប៉ុណ្ណោះ គឺគ្មានចេតនាសោះឡើយក្នុងការស្វែងរកចាប់ខ្លួនពិតប្រាកដ។ លោក អំ សំអាត បញ្ជាក់ថាមូលហេតុដែលអាជ្ញាធរមិនអាចចាប់ខ្លួនលោក ឈូក បណ្ឌិត បាននោះ ដោយសារតែជនជាប់ចោទរូបនេះ មានខ្នងនៅពីក្រោយ«ធំ» ដែលធ្វើឲ្យអជ្ញាធរញញើត។
ចំណែកមន្រ្តីអង្គកាអាដហុក លោក ចាន់ សុវ៉េត បានសង្ឃឹមខ្លះៗដែលថា ប្រសិនបើរដ្ឋាភិបាលអាណត្តិថ្មីនេះ ប្រាកដជាចង់កែទម្រង់ប្រព័ន្ធតុលាការ ឬការដឹកនាំរដ្ឋដូចការអះអាង របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះ ក្នុងនាមលោកជា អង្គការសិទ្ធិមនុស្សយល់ថា រដ្ឋាភិបាលពិតជាអាចចាប់ខ្លួនលោក ឈូក បណ្ឌិត បាននៅក្នុងអាណត្តិថ្មីនេះ។ លោក ចាន់ សុវ៉េត ក៏ស្នើឲ្យរដ្ឋាភិបាលនីតិកាលថ្មីនេះ បង្ហាញនូវសកម្មភាពកែទម្រង់ភាពនិទណ្ឌភាពនៅក្នុងប្រទេសកម្ពុជា តាមរយៈការចាប់ខ្លួនលោក ឈូក បណ្ឌិត ដំបូងគេនេះផងដែរ។
អតីតអភិបាលក្រុងបាវិតលោក ឈូក បណ្ឌិត បានបាញ់ទៅលើក្រុមកម្មករ-កម្មការិនី ខណៈពេលដែលពួកគេបានធ្វើកូដកម្មនៅមុខរោងចក្រមួយកន្លែង ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីឆ្នាំ ២០១១ កន្លងទៅ។ នៅក្នុងហេតុការណ៍នោះ បានបណ្តាលឲ្យកម្មការិនី ៣ នាក់បានរងរបួសជាទម្ញន់។ បន្ទាប់ពីសាលាឧទ្ទរណ៍បានបង្គាប់ឲ្យយកសំនុំរឿងនេះ ទៅកាត់ក្ដីជាលើកទីពីរនោះ តុលាការខេត្តស្វាយរៀងបានបើកការជំនុំជម្រះសារជាថ្មី ដោយសម្រេចបង្គាប់ឲ្យចាប់ខ្លួនលោក ឈូក បណ្ឌិត យកមកដាក់ពន្ធនាគារចំនួនមួយឆ្នាំកន្លះ និងបង់សំណង់ជំងឺចិត្តដល់កម្មការិនីរងគ្រោះជាទឹកប្រាក់ប្រមាណជាជាង ៤០ លានរៀល។ ក៏ប៉ុន្តែមកទល់ពេលនេះ លោក ឈូក បណ្ឌិត បានរត់គេចខ្លួនបាត់គ្មានស្រមោល ហើយអជ្ញាធរមិនអាចស្វែងរកចាប់ខ្លួនជនជាប់ចោទរូបនេះបានទេ។
លោក ឈូក បណ្ឌិត ត្រូវបានគេស្គាល់ជាទូទៅថា មានខ្នងនៅពីក្រោយធំ គឺលោកស្រី មែន សំអន ដែលបច្ចុប្បន្នជាឧបនាយករដ្ឋមន្រ្តីប្រចាំការ និងជាមនុស្សស្និទជាមួយលោក នាយករដ្ឋមន្ត្រីហ៊ុន សែន ផងដែរ។ កាលពីដើមខែតុលាកន្លងទៅ មានសាក្សីបានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ ថាបានឃើញជនជាប់ពិរុទ្ធរូបនេះ នៅក្នុងផ្ទះរបស់លោកស្រីម៉ែន សំអន។ ប៉ុន្តែលោកស្រីអ្នកជំនួយការឲ្យ លោកស្រី ម៉ែន សំអន បានច្រានចោលការលើកឡើងនោះ ថាជារឿងមិនពិត៕
---------------------------------------------------
ដោយ៖ ជា ធីរិទ្ធ - ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ