សម្ភាស ណៃ វ៉ង់ដា៖ ថោង សារ៉ាត់ មាន​ទោស​ស្រាល ព្រោះ​ស្តង់ដា​ច្បាប់​កម្ពុជា​មាន​ពីរ

កម្ពុជាមានស្តង់ដាច្បាប់ពីរយ៉ាង សម្រាប់ដាក់ឲ្យអនុវត្ត យ៉ាងមានប្រសិទ្ធិភាព។ គេមិនចាំបាច់​ទៅ​មើល​ឯណា​ច្រើន​ទេ ព្រោះត្រឹមតែករណី លោកឧកញ៉ា ថោង សារ៉ាត់ មួយ ក៏អាចជឿជាក់បានដែរ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី១៦ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 17, 2014
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«មាត្រាបួន ចោរ​រួច​ខ្លួន​ម្ចាស់​ជាប់​គុក» នេះ​ជា​ការ​លើក​ឡើង​របស់​លោក ណៃ វ៉ង់ដា អនុ​ប្រធាន​អង្កេត​ការ​សិទ្ធ​មនុស្ស នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក។ លោក​បាន​ធ្វើការ​ពន្យល់​ថា គ្រប់​អ្នក​មាន​អំណាច មន្រ្តី​ធំៗ កំពុង​តែ​រស់​នៅ​«លើ»​ច្បាប់។ ភាព​«គ្មាន​ទោស» ក៏​ត្រូវ​បាន​ធ្លាក់​លើ​ក្រុម​ទាំង​នោះ បើ​ទោះ​មាន​កំហុស​ឆ្គង​ធំ យ៉ាង​ណា​ក៏​ដោយ។ ផ្ទុយ​មក​វិញ​សម្រាប់ សកម្មជន​តស៊ូ​មតិ ប្រជា​ពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់ ត្រូវ​បាន​គេ​ចាត់​ទុក ជា​អ្នក​រស់​នៅ​«ក្រោម»​ច្បាប់។ បើ​ទោះ​មាន​ទោស​ស្រាល​យ៉ាង​ណា ក៏​គេ​យក​លេស​នេះ លេសនោះ​ ក្នុងកា​រ​បង្កើន​នូវ​ស្ថាន​ទម្ងន់​ទោស​ដែរ។ ហើយ​ចុង​ក្រោយ ដាច់​ខាត​ពួក​គេ​ត្រូវ​«មាន​ទោស» ដែល​មិន​អាច​ធ្វើការ​ប្រកែក តវ៉ា ឬ​ទាមទារ​បាន​ឡើយ។

លោក ណៃ វ៉ង់ដា បាន​លើក​ឡើង ក្នុង​កិច្ច​សម្ភាស​ជា​មួយ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ថា មាន​ករណី​នេះ​ជា​ច្រើន និង​រាប់​មិន​អស់ នា​ពេល​កន្លង​មក និង​បច្ចុប្បន្ន​នេះ។ ជា​ឧទាហរណ៍ ក្នុង​ច្បាប់​«តែ​មួយ» ករណី​«បង្ក​របួស​ស្នាម» ត្រូវ​មាន​ទោស​ឧក្រិដ្ឋ ឯ​អ្នក​ដែល​សង្ស័យ​ក្នុង​បទ​«ឃាតកម្ម» បែរ​ជា​ជាប់​ទោស​ត្រឹម​បទ​«មជ្ឈឹម»​ទៅ​វិញ។

ថោង សារ៉ាត់ ជាប់ទោសក្នុងនាមជាឧក្រិដ្ឋជន ប៉ុន្មានឆ្នាំ?

តាមដីកាស្វែងរកចាប់ខ្លួនលោក ថោង សារ៉ាត់ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៤ ថា ជាអ្នកនៅពីក្រោយ​ហេតុការណ៍ នៃ«ឃាតកម្ម»លើលោក អ៊ឹង ម៉េងជឺ។ ករណីនេះត្រូវបានលោក លី សុខលេង ជាចៅក្រម​ស៊ើប​សួរសាលាដំបូងរាជធានីភ្នំពេញ បានសរសេរនៅក្នុងដីកាបង្គាប់ឲ្យចាប់ខ្លួននោះថា «ចោទប្រកាន់ពី​បទ​ផ្តើម​គំនិត ក្នុងអំពើឃាតកម្មគិតទុកជាមុន» ត្រូវផ្តន្ទាទោសតាមមាត្រា២៨(អ្នកផ្តើមគំនិត)។ តែក្នុងដីការដដែល​បែរជាកំណត់ ឲ្យមានការទទួលទោស តាមមាត្រា៤០០ (ទទួលផលចោរកម្ម) នៃក្រមព្រហ្មទណ្ឌទៅវិញ។ ទោសនេះអាចនឹងទទួលទោស ត្រឹមតែជាប់ឃុំក្នុងពន្ធនាគារពីរឆ្នាំ ទៅប្រាំឆ្នាំ និងពិន័យជាប្រាក់ ពី៤លាន​រៀល ទៅ១០លានរៀលប៉ុណ្ណោះ។

តែបើក្រឡេកមើលដីកាមួយទៀត ដែលចុះថ្ងៃទី៨ ធ្នូ ឆ្នាំ២០១៤ ដោយតំណាងអយ្យការ លោក កែវ សុវជាតិ កោះហៅ លោក សាន សីហៈ អាយុ ២៦ឆ្នាំ តួនាទីលេខាធិការគណបក្សសង្គ្រោះជាតិវិញ បានចោទមន្ត្រី​បក្ស​ប្រឆាំង ពីបទចូលរួមចលនាកុប្បកម្ម កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ នាទីលាន​ប្រជាធិបតេយ្យ។ បទ​ចោទនេះ អាចឲ្យលោក សាន សីហៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៧ឆ្នាំ ទៅ១៥ឆ្នាំ តាមមាត្រា៤៥៦ និង ៤៥៧ នៃក្រមព្រហ្មទណ្ឌ។

ពីរ«ស្តង់ដា»

តាមដីកាទាំងពីខាងលើនេះ លោក ណៃ វ៉ង់ដា បានចាត់ទុកការអនុវត្តច្បាប់នៅកម្ពុជា មានពីរ«ស្តង់ដា»។ «ស្តង់ដារទីមួយ» សម្រាប់អនុវត្តមកលើ សកម្មជនសិទ្ធិមនុស្ស នយោបាយ និងដីធ្លីជាដើម ត្រូវដាក់ឲ្យ​រស់​នៅក្រោមច្បាប់។ ស្តង់ដាទីពីរ សម្រាប់ប្រភេទមនុស្ស ដូចជាលោក ឈូក បណ្ឌិត លោកឧញ្ញា ថោង សារ៉ាត់ និងមនុស្សមានអំណាចមួយចំនួនទៀត ដែលពួកគេត្រូវបានដាក់ឲ្យរស់នៅលើច្បាប់។

ប៉ុន្តែវាមិនមានអ្វីចម្លែកនោះទេ សម្រាប់ការអនុវត្តច្បាប់នៅកម្ពុជា ហើយក៏មិនមានអ្វី គួឲ្យផ្ញាក់ផ្អើលនោះដែរ ព្រោះវាក្លាយជារឿងដដែលៗទៅហើយ។ ដូចជាករណីមួយទៀត នៃមន្ត្រីខាងព័ត៌មាន នៃគណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ដែលត្រូវបានតុលាការចោទប្រកាន់ដូច្នេះដែរ។ សកម្មជនគណបក្សសង្គ្រោះជាតិ ត្រូវបានចោទប្រកាន់ ពី«បទញុះញង់ ឲ្យមានហិង្សាដោយចេតនា (មាត្រា ២៨ នៃក្រមព្រហ្មទណ្ឌ) ញុះញង់​ឲ្យ​ប្រព្រឹត្តបទឧក្រិដ្ឋ (មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ) និងដឹកនាំចលនាកុបកម្ម (មាត្រា ៤៥៩ នៃក្រម​ព្រហ្ម​ទណ្ឌ)» ដែលនឹងត្រូវប្រឈម នឹងការជាប់ពន្ធនាគារមិនតិចជាង៣០ឆ្នាំ ជាមួយនឹងការពិន័យជាប្រាក់ ៣.៥០០​ដុល្លារអាមេរិកឡើយ។

ករណីនេះ មិនខុសពីសកម្មជនផ្សេងទៀត មានលោក អ៊ុក ពេជ្យសំណាង លោក ទេព ណារិន និងពលរដ្ឋ​មួយ​ចំនួនទៀត ដែលត្រូវបានចោទប្រកាន់ ពី«បទបទហិង្សា ដោយចេតនា ដោយមានស្ថានទម្ងន់ទោស (មាត្រា​២១៨នៃក្រម ព្រហ្មទណ្ឌ) ចូលរួមក្នុងចលនាកុបកម្ម (មាត្រា៤៥៦និង៤៥៧ នៃក្រមព្រហ្មទណ្ឌ) និងរារាំង​មន្ត្រី​រាជការសាធារណៈ ដោយមានស្ថានទម្ងន់ទោស (មាត្រា៥០៤ នៃក្រមព្រហ្មទណ្ឌ)»។ សកម្មជនទាំងនោះ អាច​ប្រឈមមុខជាប់ពន្ធនាគារ មិនតិចជាង១៥ឆ្នាំ រួមទាំងពិន័យជាប្រាក់ ៣.០០០ ដុល្លារអាមេរិកថែមទៀត។

តើនេះ ជាការសម្រេចដោយអំណាច«ឆន្ទានុសិទ្ធិ»នៃចៅក្រម ឬព្រះរាជអាជ្ញាមួយចំនួន តាមច្បាប់​«កម្ពុជា» ឬយ៉ាងណា?

លោក វ៉ង់ដា បានបញ្ជាក់ថា៖ «ការគោរពច្បាប់ យុត្តិធម៌សង្គម លិទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស អាចកើតមានទៅបាន លុះណាតែតុលាការកម្ពុជាឯករាជ្យ មានតម្លាភាព មានប្រសិទ្ធិភាពត្រឹមត្រូវ។ (…) បើ​មិនដូច្នេះទេ ដរាបណាយុត្តិធម៌សម្រាប់ជនរងគ្រោះ នៅឆ្ងាយពីជនរងគ្រោះ ភាពអយុត្តិធម៌នៅតែបន្តមាន​លើ​ជនរងគ្រោះ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...