បាត់ដំបង៖ ពលរដ្ឋ​ឃុំ​រកា​ជិត​១០០​នាក់​«ឆ្លង»​ជំងឺ​អេដស៍​ដោយ​គ្មាន​មូលហេតុ

ឃុំរការ ខេត្តបាត់ដំបង កំពុងផ្ទុះរឿងអាស្រូវ ព្រោះសង្ស័យថា មានអ្នកផ្ទុកឬឆ្លងមេរោគអេដស៍ ដោយគ្មានមូលហេតុ ជិត​មួយរយនាក់។ ផ្ទុយទៅវិញ ទាំងមន្ទីរ ទាំងក្រសួងសុខាភិបាល ដូចជានៅមិនទាន់ សម្ដែងប្រតិកម្មអ្វីឲ្យខ្លាំងក្លានៅឡើយ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី១៦ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 17, 2014
  • ប្រធានបទ: សុខភាព
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«មេរោគអេដស៍» ដែល​ជា​ជំងឺ​មួយ មាន​ការ​«ស្អប់» និង​មិន​ចង់​លឺ​ឈ្មោះ ពី​សំណាក់​ប្រជា​កសិករ​នោះ បាន​នឹង​កំពុងចូល​មក​«សង្ងំ» រស់​រាន​មាន​ជីវិត​ក្នុង​ខ្លួន​ប្រជា​កសិករ និង​ពលរដ្ឋ​មួយ​ចំនួន​ នៃ​ភូមិ​រកា ភូមិ​អំបែង​ថ្ងែ និង​ភូមិ​តាហែន​មួយ ក្នុង​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង ទាំង​«មិន»​ដឹង​ខ្លួន។

ភូមិទាំងបី ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន ពី​ទី​រួម​ខេត្ត​បាត់ដំបង​ឡើយ។ បន្ទាប់​ពី​មាន​អ្នក​ភូមិ​ភាគ​ច្រើន បាន​ទៅ​ពិនិត្យ​ឈាម ឃើញ​ថា​មាន​ផ្ទុក​មេរោគ​អេដស៍​នោះ ប្រជា​ពលរដ្ឋ​ស្ទើរ​តែ​ទាំង​ភូមិ បាន​នាំ​គា្ន​ទៅ​ពិនិត្យ​ឈាម ជា​បន្ត​បន្ទាប់ ព្រោះ​តែ​ការ​ភ័យ​ខ្លាច និង​ចង់​ដឹង។

ចាប់ពីថ្ងៃទី៨ ខែធ្នូ មកត្រឹមថ្ងៃទី១៦ ម្សិលម៉ិញនេះ មានអ្នកភូមិប្រមាណជិត៧០០នាក់ បានមកធ្វើតេស្តឈាម ក្នុងនោះយ៉ាងហោចណាស់ មនុស្សជាង៩០នាក់ រកឃើញរោគសញ្ញា និងកំពុងផ្ទុកមេរោគអេដស៍។ ការ​សម្រុក​មកពិនិត្យឈាម របស់ប្រជាពលរដ្ឋនេះ ខណៈដែលរកឃើញថា «មេរោគអេដស៍នេះ ត្រូវបាន​ផ្ទុក​ដោយ​កុមារ យុវវ័យ និងព្រះសង្ឃ»។

ជាមួយនឹងការឆ្លងមេរោគអេដស៍ ដោយមិនដឹងខ្លួននេះ ទាំងប្រជាពលរដ្ឋ ទាំងអាជ្ញាធរមូលដ្ឋាន និងមន្រ្តី​ជំនាញបាន«ដាក់»ការសង្ស័យ ទៅលើបញ្ហាបីចំណុច។ ទីមួយ តាមរយៈគ្រូពេទ្យឯកជន ដែលមកចាក់ថ្នាំ​ដល់ភូមិ។ ទីពីរ ការចាក់ថ្នាំការពារ នៅមណ្ឌលសុខភាព«រកា»។

តែតាមប្រភពពី​ប្រជា​ពលរដ្ឋមួយចំនួន បានឲ្យដឹងថា មូលហេតុដំបូង ដែលនាំឲ្យមានការជ្រួលច្របល់ ទៅ​ពិនិត្យឈាមដើម្បីមើលមេរោគអេដស៍នេះ ព្រោះតែកូនអ្នកភូមិម្នាក់ មាន«ជម្ងឺគ្រុនក្តៅ» ហើយបានហៅ​លោកគ្រូ​ពេទ្យប្រចាំភូមិម្នាក់ ឈ្មោះ យ៉ែម ជ្រិន អាយុ អាយុ៤៨ឆ្នាំ (គ្មានសញ្ញាប័ត្រទេ តែចេះតាមតំណរ​គ្រួសារ) មកចាក់។ ដោយក្មេងនោះ មិនបានធូស្បើយ ឪពុកម្តាយក័សម្រេចយកទៅកាន់មន្ទីរពេទ្យរកា ដើម្បី​ធ្វើតេសឈាម រកមុខសញ្ញានៃជំងឺ ទើបដឹងថាក្មេងនោះមានផ្ទុកមេរោគអេដស៏ ខណៈឪពុកម្តាយខ្លួនគ្មាន​ជំងឺ​នេះសោះ។

ដឹងដំណឹងបែបនេះ ប្រជាពលរដ្ឋស្ទើរពេញមួយឃុំរកាទាំងអស់ ដែលធ្លាប់បានហៅគ្រូពេទ្យ«ឯកជន»ម្នាក់នេះ មកចាក់ថ្នាំឲ្យនោះ ក៏កើតការសង្ស័យ ហើយបាននាំគ្នាទៅពិនិត្យឈាម នៅមណ្ឌលសុខភាពរការ។ ជា​លទ្ធផល​ស្ទើរពាក់កណ្តាល នៃអ្នកដែលមកពិនិត្យ បាននឹងកំពុងផ្ទុករោគសញ្ញាអេដស៍។

មេឃុំរកា អ្នកស្រី ស៊ឹម ពៅ បានថ្លែងប្រាប់អ្នកសារព័ត៌មានទាំងស្រងេះស្រងោចថា ប្រជាពលរដ្ឋក្នុងឃុំរការ កំពុងតែក្រ ណាមួយមានគ្រោះធម្មជាតិជាបន្តបន្ទាប់ អស់ពីភាពរាំងស្ងួត មកគ្រោះទឹកជំនន់ ឥឡូវបែរជា​ប្រជា​ពលរដ្ឋភាគច្រើន មកជួបនឹងជំងឺ«សាហាវ» ដោយមិនដឹងមូលហេតុថែមទៀត ពិសេសលើកុមារ មនុស្ស​ចាស់ និងព្រះសង្ឃ។

ក្រៅពីការដាក់ការសង្ស័យ ទៅលើគ្រូពេទ្យឯកជននោះ ប្រជាពលរដ្ឋក៏បានដាក់ការសង្ស័យ ទៅលើការចាក់​វ៉ាក់សាំង ដោយមណ្ឌលសុខភាពរការដែរ។ ឆ្លើយតបនឹងការសង្ស័យខាងលើ ប្រធានមន្ទីរពេទ្យ​បង្អែក​ស្រុក​សង្កែ លោក អ៊ឹម ចិត្រា បានថ្លែងប្រាប់អ្នកសារព័ត៌មាន ដោយស្នើដល់ប្រជាពលរដ្ឋទាំងអស់ កុំមានការភ្ញាក់​ផ្អើល អំពីបញ្ហាឆ្លងមេរោគអេដស៍នេះ។ លោកនឹងទទួលខុសត្រូវចំពោះមុខច្បាប់ បើរកឃើញថាមានការ​ឆ្លង​តាមរយៈចាក់«វ៉ាសាំងការពារ»នោះ។

លោក តែង គន្ធី អគ្គលេខាធិការនៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ បានធ្វើការសន្និដ្ឋាន​លើ​មូល​ហេតុ នៃការឆ្លងមេរោគអេដស៍នេះថា អាចឆ្លងតាមរយៈការប្រើប្រាស់សឺរ៉ាំង និងម្ជុលចាក់ថ្នាំមិនស្អាត ឬប្រើ​ប្រាស់ដដែលៗ ពីអ្នកភូមិមួយ ទៅអ្នកភូមិមួយទៀត ដោយគ្រូពេទ្យប្រចាំភូមិ ព្រោះក្រៅពីនេះ គ្មានសញ្ញាណា​មួយដែលបញ្ជាក់ ពីប្រភពនៃការចម្លងមេរោគអេដស៍នោះឡើយ។

លោក តែង គន្ធី បានថ្លែងឲ្យដឹងថា៖ «ការចម្លងបែបការចាក់បញ្ចូលឈាម ឬការចាក់ថ្នាំ រួមទាំងបញ្ហាគ្រឿង​ញៀនផងដែរ។ មានពីរករណីនេះ ដែលយើងកំពុងបន្តរកភស្តុង និងទឡ្ហីករគ្រប់គ្រាន់ ដើម្បីមានវិធានការ។ (…) ឯការឆ្លងមេរោគអេដស៍ក្នុងភូមិនេះ ទំនងទើបឆ្លងពី៦ ទៅ៨ខែតែប៉ុណ្ណោះ។»

ឯលោក លោក វឿន ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានថ្លែងថា នេះគ្រាន់ការធ្វើតេស្ត៍​បឋម​ប៉ុណ្ណោះ ពុំអាចកំណត់ថាប្រជាពលរដ្ឋទាំងនោះ មានផ្ទុកមេរោគអេដស៍ ឬយ៉ាងណាឡើយ ដោយរង់ចាំលើ​លទ្ធផលឈាម ក្រោយការពិសោធនៅភ្នំពេញជាបន្ត។

ប្រហែលគ្នានឹងការលើកឡើងខាងលើនេះ លោក នី សុជាតិ ទីប្រឹក្សាបច្ចេកទេសអង្គការសម្ព័ន្ធភាពខ្មែរ ប្រយុទ្ធនឹងជំងឺអេដស៍ (KHANA) បានបញ្ជាក់ថា ចំពោះការធ្វើតេស្តឈាមរកមេរោគអេដស៍ ត្រូវមានបី​ដំណាក់កាល ទើបអាចប្រាកដថាឈាមនោះ មានផ្ទុកមេរោគអេដស៍ពិតប្រាកដ។ ឯលោក មាន ឈីវវុន ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ នៃក្រសួងសុខាភិបាល ធ្លាប់បាន​បញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ក្រុមគ្រូពេទ្យជំនាញ បានធ្វើដំណើរពីភ្នំពេញ ដើម្បីធ្វើតេស្តជាយក​លទ្ធផល​ជំហ៊ានដំបូងសិន។

អភិបាលខេត្តបាត់ដំបង លោក ចាន់ សុផល បានលើកឡើងថា មូលហេតុនៃការឆ្លងមេរោគអេដស៍នេះ ក្រុម​ការងារលោកកំពុងធ្វើការពិនិត្យ និងស្រាវជ្រាវនៅឡើយ។ យ៉ាងណាក៏ដោយ លោកបានចាត់ទុកថា នេះជា​ដំណឹងដ៏រន្ធត់មួយ ដែលពីមុនមិនធ្លាប់បានជួប។ លោកនិយាយថា៖ «គ្រាន់តែឮលទ្ធផលបែបនេះ ពួកខ្ញុំមាន​ការតក់ស្លុត និងមានការបារម្ភ។ មិនសមនឹងមានបញ្ហាដូច្នេះទេ។ ហើយយើងកំពុងស្រាវជ្រាវថា ហេតុអីបាន​ជាមានបញ្ហានេះកើតឡើង។»។

ចំពោះការដាក់ការសង្ស័យ លោកពេទ្យឯកជនឈ្មោះ យ៉ែម ជ្រិន នោះ លោកអភិបាលខេត្តបាត់ដំបង បាន​បញ្ជាក់ថា នៅមិនអាចទំនាក់ទំនងបាននៅឡើយទេ។ លោកប្រហែលជាបានរត់ចេញពីឃុំនេះ ទៅនៅខេត្ត​តាកែវ ព្រោះតែព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន។ លោកនឹងបញ្ជូនមន្រ្តី ទៅអញ្ជើញគ្រូពេទ្យ យ៉ែម ជ្រិន ដើម្បី​សាកសួរ។ ដោយឡែកអាជ្ញាធរមូលដ្ឋានថា លោកគ្រូពេទ្យ យ៉ែម ជ្រិន បានទៅចូលរួមធ្វើបុណ្យនៅ​ខេត្ដ​តាកែវ មិនទាន់ត្រឡប់មកវិញឡើយ។

លោក វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាល ខេត្តបាត់ដំបង បញ្ជាក់ថាលោក នៅមិនទាន់អាចធ្វើ​ការចោទ​ប្រកាន់ លោកគ្រូពេទឯកជនប្រចាំភូមិនោះទេ។ ព្រោះប្រជាពលរដ្ឋមួយចំនួន ក៏ទទួលការព្យាបាល​ពីគ្រូពេទ្យ​នោះដែរ តែក្រោយការពិនិត្យ មិនមានសញ្ញាណាមួយ បញ្ជាក់ថាបានផ្ទុកមេរោគអេដស៍នោះឡើយ។ លោក ប៊ុនរ៉េត បាននិយាយថា៖ «ពុំមានភស្ថុតាងណាមួយចោទប្រកាន់ ទៅលើគ្រូពេទ្យនៅក្នុងភូមិនៅឡើយនោះទេ ព្រោះអ្នកភូមិដែលទទួលបានការព្យាបាល ពីគាត់អ្នកខ្លះគ្មាន និងអ្នកខ្លះក៏មាន។ (…) ជុំវិញបញ្ហានេះ ខ្ញុំនឹង​ចុះ​ទៅស្រាវជ្រាវផ្ទាល់ដល់ទីកន្លែងតែម្ត។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...