ប្លន់ម៉ូតូគូសង្សាបាន១គ្រឿង តែរត់គេចចោលម៉ូតូខ្លួនឯង២គ្រឿង
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី០១ មេសា ២០១៥
- កែប្រែចុងក្រោយ: May 05, 2015
- ប្រធានបទ: ប្លន់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមចោរពីរនាក់ បានរត់គេចខ្លួនបាត់ស្រមោល ដោយយកទៅជាមួយ នូវម៉ូតូជនរងគ្រោះ ចំណែកឯគ្នីគ្នាម្នាក់ទៀត ត្រួវបានអ្នកភូមិ និងជនរងគ្រោះ វាយការពារខ្លួន រហូតរងរបួសជាទម្ងន់ និងបន្សល់ទុក នូវម៉ូតូពីរគ្រឿង ដែលក្រុមចោរ បានជិះធ្វើសកម្មភាព។ ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃអាទិត្យទី០៣ ខែមេសា ឆ្នាំ២០១៤ ត្រង់ចំណុចជិតវត្តស្រះចក ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សាក្សី ដែលបានឃើញ ហេតុការណ៍ប្លន់ទាំងថ្ងៃនេះ បានរៀបរាប់ថា ដំបូងជនរងគ្រោះ មានគ្នាពីរនាក់ ជាសង្សារនឹងគ្នា បានជិះម៉ូតូចេញពីម្តុំវត្តស្រះចក លុះមកដល់កន្លែង កើតហេតុ ស្រាប់តែ មានជនល្មើសបីនាក់ ដែលជិះម៉ូតូពីរគ្រឿង តាមពីក្រោយ ហើយបានមកដល់ជិតជនរងគ្រោះទាំងពីរ ក៏បានដកកាំភ្លើងខ្លី ភ្ជង់ជនរងគ្រោះទាំងពីរ តែមិនទាន់បានបាញ់ទេ។ សាក្សីបានបន្តថា គេមិនបានស្គាល់ ពីអត្តសញ្ញាណ ក្រុមចោរទាំងពីរនាក់នោះទេ ព្រោះ នៅពេលប្រតាយប្រតប់គ្នា ជនល្មើសពីរនាក់ បានរត់គេចខ្លួន។
ជនរងគ្រោះឈ្មោះ សម្បត្តិ ពិត អាយុ២៦ឆ្នាំ និងដៃគូជាស្រ្តី ឈ្មោះ នួន ស្រីណា អាយុ២៥ឆ្នាំ បច្ចុប្បន្នរស់នៅ ក្នងបន្ទប់ជួល តាមផ្លូវ ១៣២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងប្រកបរបរ ជាអ្នកលក់ដូរ។ លោក សម្បត្តិ ពិត បានប្រាប់អ្នកសារព័ត៌មានថា ដំបូងគាត់ មានការតក់ស្លុតខ្លាំងណាស់ ព្រោះក្រុមចោរ បានភ្ជង់លោកនឹងកាំភ្លើងខ្លី តែបន្តិចក្រោយមក លោកបានដឹងថា កាំភ្លើងខ្លីនោះបាញ់មិនចេញ លោកក៏បានតដៃ ដើម្បីការពារខ្លួន។ ភ្លាមៗនោះ អ្នកភូមិនៅក្បែរខាង បានចេញមកជួយជាច្រើន ដោយមិត្តស្រីរបស់លោក បានស្រែកឲ្យគេជួយ។
មន្រ្តីប៉ូលិស ដែលបានចុះអន្តរាគមន៍ ក្នុងរឿងនេះ បានឲ្យដឹងថា លោកបានបញ្ជូនជនល្មើស ដែលរងរបួសជាទម្ងន់ ទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះ។ លោកបានបញ្ជាក់ថា ម៉ូតូទាំងពីរគ្រឿង របស់ក្រុមចោរ ត្រូវបានយកទៅរក្សារទុក នៅប៉ុស្តិ៍រដ្ឋបាលស្រះចក និងរៀបចំសុំនុំរឿង បញ្ជូនទៅខណ្ឌ ធ្វើការស្រាវជ្រាវបន្ត ពីមុខសញ្ញាក្រុមជនល្មើស ពីរនាក់ទៀត៕