ឯកសារ​ប្រវត្តិ​សាស្ត្រ​​ខ្មែរ​​ក្រោម នឹង​ត្រូវ​ស្នើរ​ដាក់​ក្នុង​កម្មវិធី​សិក្សា

បន្ទាប់ពីបញ្ចប់ការសិក្សា និងការថតចម្លងពីប្រទេសបារាំង រួចរាល់ជាស្ថាពរនោះ រាល់ឯកសារទាំងអស់ ដែល​ទាក់​ទង​នឹង​ទឹកដី​កម្ពុជាក្រោម នឹងត្រូវស្នើ ឲ្យដាក់បញ្ចូល ទៅក្នុងកម្មវិធីសិក្សា របស់ប្រទេសកម្ពុជា នាពេលខាងមុខ។ នេះបើតាមការបញ្ជាក់ របស់​មន្ត្រី​អ្នក​ទទួល​ខុស​ត្រូវ របស់សមាគមខ្មែរកម្ពុជាក្រោម។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៤ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 05, 2015
  • ប្រធានបទ: ខ្មែរក្រោម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ថាច់ សេដ្ឋា ប្រធាននៃគណៈកម្មការសមាគមខ្មែរកម្ពុជាក្រោម បានថ្លែងថា លោក និងក្រុមការងារលោក នឹង​ស្នើ​ទៅរដ្ឋាភិបាល និងរដ្ឋមន្រ្តីក្រសួងអប់រំ ដើម្បីរៀបចំបញ្ចូលឯកសារ ដែលបានថតចម្លង ពីប្រទេសបារាំងមកនោះ ចូល​ទៅ​ក្នុងកម្មវិធីសិក្សា ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយបានដឹង ពីការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម ដោយរបៀបណា និងនៅ​ពេល​ណា។

ថ្លែងក្នុងបទសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោក ថាច់ សេដ្ឋា បានលើកឡើងថា ឯកសារថតចម្លង ពី​ប្រទេស​បារាំងមកនោះ មានចំនួនសរុបប្រមាណ ជាងប្រាំពាន់ទំព័រ ហើយនឹងត្រូវចងក្រង រៀបចំឲ្យមានសណ្តាប់ធ្នាប់ ដោយ​ឡែក​ពីគ្នា ដូចជា សន្ធិសញ្ញា ច្បាប់ កិច្ចព្រមព្រៀងនានា រវាងប្រទេសបារាំង និងប្រទេសវៀតណាម។ លោកថា បន្ទាប់​មក នឹងធ្វើការបកប្រែ ចេញជាភាសាខ្មែរ និងភាសាអង់គ្លេស ដើម្បីឲ្យសិក្សាស្រាវជ្រាវ របស់ក្រុមសិស្សនិស្សិត កាន់​តែ​មាន​ភាព​ងាយស្រួលថែមទៀត។

គោលបំណង ដែលក្រុមការងារលោក បានខិតខំស្វែងរក ការថតចម្លងឯកសារប្រវត្តិសាស្រ្ត ដ៏សំខាន់នេះ ពីបារាំង គឺ​ចង់​ដឹងពីនីតិវិធី នៃដំណាក់កាលនីមួយៗ ដែលទឹកដីខ្មែរកម្ពុជាក្រោម ត្រូវបានបាត់បង់ ទៅក្រោមការគ្រប់គ្រង របស់​ប្រទេស​វៀតណាម បន្ទាប់ពីបារាំង បានដកអាណានិគមចេញពីកម្ពុជា។

កាលពីថ្ងៃទី២៧-២៨ ខែមេសានេះ អនុគណៈកម្មការ នៃសមាគមខ្មែរកម្ពុជាក្រោម ប្រចាំនៅប្រទេសបារាំង បានចុះ​ហត្ថលេខា ទទួលយកលិខិតឯកសារថតចម្លង ពាក់ព័ន្ធនឹងទឹកដីកម្ពុជាក្រោម បានចំនួនពាក់កណ្ដាលហើយ។ លោក សេដ្ឋា បានពន្យល់ថា ថតចម្លងបានត្រឹមពាក់កណ្តាលនេះ ព្រោះកង្វះខាត ផ្នែកថវិការ។ ឯក្រុមការងាររបស់លោក កំពុង​បន្តស្វែងរកជំនួយបន្ថែមទៀត ដើម្បីបញ្ចប់ ការថតចម្លងនេះ ក្នុងពេលឆាប់ៗខាងមុខ។

ចំពោះចម្លើយរបស់រដ្ឋាភិបាល ឬរដ្ឋមន្រ្តីក្រសួងអប់រំ ទាក់ទងនឹងសំណើរ សុំបញ្ចូលឯកសារប្រវត្តិសាស្រ្ត ទឹកដីខ្មែរ​កម្ពុជា​ក្រោម ដែលបានថតចម្លង ពីប្រទេសបារាំង ចូលទៅក្នុងកម្មវិធីសិក្សានោះ ត្រូវបានលោក ថាច់ សេដ្ឋា មិនផ្ដល់ក្ដីសង្ឃឹមអ្វី ឲ្យច្រើនឡើយ។ នោះវាអាស្រ័យ ទៅលើរដ្ឋាភិបាល ឬក្រសួងអប់រំ ថាទទួល ឬមិនទទួល។

លោកបញ្ជាក់ថា «អាហ្នឹងបង្ហាញថា យើង(រដ្ឋាភិបាល) មិនមានការទទួលខុសត្រូវ ចំពោះវាសនាប្រទេសជាតិ ឲ្យប្រជា​ពលរដ្ឋបានដឹង ពីសាវតា ប្រវត្តិសាស្រ្តរបស់ជាតិឯង។ (...) បើរដ្ឋាភិបាលខ្មែរ គេចង់ឲ្យកូនខ្មែរចេះដឹង ពីប្រវត្តិសាស្រ្ត​ហើយ។ (...) បើរដ្ឋាភិបាលរបស់ខ្មែរ រឿងរបស់ខ្មែរ យើងមិនគិតគូដល់សិស្ស និស្សិត យល់ដឹងពីរឿងស្រុកទេសរបស់​យើង ហ្នឹងប្រជាពលរដ្ឋគាត់នឹងឃើញ។ (...) តែមកដល់ការលៈទេសៈនេះ ប្រហែលរដ្ឋាភិបាលចេះគិត ពីរឿងអស់នេះ​ហើយ។»

មិនអាចសុំការបកស្រាយ ពីអ្នកនាំពាក្យនៃក្រសួងអប់រំ ឬពីរដ្ឋាភិបាល បាននៅឡើយ នៅពេលភ្លាមៗនេះ។ យ៉ាងណា​ក៏​ដោយ លោក ថាច់ សេដ្ឋា បានបង្ហាញ នូវមោទនៈភាពមួយ ដែលក្រុមការងាររបស់លោក បានពើបប្រទះ និងមាន​លទ្ធភាព ក្នុងការស្នើសុំថតចម្លង នូវឯកសារដ៏កម្រ នៃប្រវត្តិសាស្រ្តខ្មែរកម្ពុជាក្រោមនេះ ពីប្រទេសបារាំង។ ឯកសារទាំង​នេះ នឹងក្លាយជាតឹកតាង មិនអាចប្រកែកបាន នៃប្រវត្តិសាស្ត្រ ដើម្បីផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ ដល់ប្រជា​ពលរដ្ឋ​កម្ពុជា​ទាំងមូល និងដើម្បីជៀសវាង នូវការបំភ្លៃប្រវត្តិសាស្រ្ត ឬការពិត របស់ទឹកដីកម្ពុជាក្រោម ដែលបានបាត់បង់ទៅ ដ៏គួរ​ឲ្យ​ស្ដាយ​ស្រណោះ​នោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...