សារព័ត៌មាន​វៀតណាម ផ្សាយ​​ពី​ខ្លឹមសារ​សំខាន់ៗ​នៃ​កិច្ច​ប្រជុំ​បិទ​​ទ្វា ទាក់​ទង​​នឹង​ព្រំដែន

ជុំវិញវិវាតព្រំដែន កម្ពុជា-វៀតណាម រដ្ឋាភិបាលកម្ពុជា បានរៀបចំអង្គប្រជុំ រវាងគណកម្មការព្រំដែន នៃ​ប្រទេស​ទាំង​ពីរ ដោយបាន«បិទទ្វា»មិន​មាន​ព័ត៌មាន​ណាមួយ ត្រូវបានបង្ហើបឲ្យដឹង មកដល់អ្នកសារព័ត៌មានទេ ដែល​ផ្ទុយ​ពី​ប្រទេស វៀតណាម​កុម្មុយនីស ដែល​ខ្លឹមសារ​សំខាន់ៗ របស់​កិច្ច​ប្រជុំ ត្រូវ​បាន​យក​មកផ្សាយ ពេញផ្ទៃប្រទេស។
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញថ្ងៃទី១០ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 10, 2015
  • ប្រធានបទ: ព្រំដែន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើខ្លឹមសារនៃកិច្ចប្រជុំដោយបិទទ្វា ស្ដីពីព្រំដែនកម្ពុជា-វៀតណាម សម្រាប់រយៈពេល៣ថ្ងៃ (​​៧-៩ កក្ដ​ដា) នៅ​កម្ពុជា មិនត្រូវបានប្រកាស ជាសាធារណៈ ឬដល់អ្នកសារព័ត៌មានកម្ពុជានោះ តែនៅប្រទេស​វៀតណាម​វិញ សារព័ត៌មានវៀតណាម បានដកស្រង់យក​ខ្លឹមសារ​សំខាន់ៗ ជាច្រើន ដែលសម្រេចចេញពី​អង្គ​ប្រជុំនេះ មក​ផ្សាយ​ពាសពេញប្រទេស។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមធ្វើការដកស្រង់ និងបកប្រែខ្លឹមសារទាំងនោះ ក្រៅផ្លូវការ ដូចខាងក្រោម៖


​ភាគី​ទាំង​ពីរ បាន​ពិនិត្យទីតាំងព្រំប្រទល់ និង​បោះបង្គោលខណ្ឌសីមា ​លើដី​គោក រវាង​ប្រទេស​ទាំងពីរ រាប់ពី​ឆ្នាំ​២០០៦ មកទល់​បច្ចុប្បន្ននេះ ​បានលទ្ធផល​ប្រមាណជា ៩២០ គីឡូម៉ែត្រ នៃប្រវែង​ព្រំដែន​សរុប​ ដែលមាន​ប្រមាណ ១.១៣៧ គីឡូម៉ែត្រ បានធ្វើការ​បោះបង្គោល​បាន ៣០៥ (​ស្មើនឹង ៨២,៧% នៃបង្គោលទាំងអស់ ៣៧១​បង្គោល) កំណត់​ការដៅចំណុចបង្គោល បាន​ចំនួន ១០៤ ក្នុងនោះចំណុចដៅ ៣៩ ស្ថិតក្នុងទឹកដី​វៀតណាម និង ៦៥ ស្ថិតក្នុងទឹកដី​កម្ពុជា។ ភាគីទាំងពីរ បាន​សម្រេចការ​ត្រួតពិនិត្យ ទទួលយក​​ឯកសារចំនួន ១៩១ ស្តីពី​បង្គោល​ព្រំដែន។​

​ចំពោះ​ការអនុវត្ត នូវរាល់សេចក្ដី ដែលមានចែង នៅក្នុង «កិច្ចព្រមព្រៀងយោគយល់គ្នា (MOU)» ស្តីពី​ដំណោះ​ស្រាយ​ លើ​តំបន់​សេសសល់​មួយចំនួន នៅតាម​ព្រំដែន​ដីគោក រវាង​រដ្ឋាភិបាល​វៀតណាម និង​រដ្ឋាភិបាល​កម្ពុជា មកទល់ពេលនេះ ភាគី​ទាំងសងខាង​បាន​ប្តូរ​យោបល់ ​សម្រេចនូវការប្តូរ​ដីគ្នា​ ទៅវិញទៅមក តាម​ក្របខណ្ឌ ១:១ នា​បណ្តា​ខេត្ត​ជាប់ព្រំដែន ដូចជា ខេត្ត​តៃនិញ​-​កំពង់ចាម​, តៃនិញ​-​ស្វាយរៀង​, ជុង​វាប​-​ព្រៃវែង​, អាងយ៉ាង​-​តាកែវ​, គៀង​យ៉ាង​-​តាកែវ និង​គៀង​យ៉ាង​-​កំពត ។​

​បច្ចុប្បន្ន លើ​ខ្សែបន្ទាត់​ព្រំដែន​គោក​ វៀតណាម​-​កម្ពុជា នៅមាន​កិច្ចការ​ខ្លះ ​ដែល​ភាគី​ទាំងពីរ ពុំទាន់​ឯកភាព​ពី​របៀប​ដោះស្រាយ​ ទាក់ទងនឹងការកំណត់​ព្រំដែន​ចំនួន ៧ ក្នុងនោះ ចន្លោះ​បង្គោល​ព្រំដែន ៣០-៤ (​ខេត្ត​យ៉ា​ឡាយ​-​រតនៈគីរី​) ចន្លោះ​បង្គោល ៤០-៤៤ (​ដាក់​ឡាក់​-​មណ្ឌល​គី​រី​) ចន្លោះ​បង្គោល ៥៦-៦០ (​ដាក់​ណុង​-​មណ្ឌល​គី​រី​) ចន្លោះ​បង្គោល ១៣៨-១៤៧ (​តៃនិញ​-​ស្វាយរៀង​) ចន្លោះ​បង្គោល ២៤១-២៤៥ និង ២៤៧-២៥៣ (​អាងយ៉ាង​-​កណ្តាល​) និង​កំណត់ព្រំដែន​ចន្លោះ​បង្គោល ២៩៥-៣០២ (​គៀង​យ៉ាង​-​កំពត​) ។​

បោះបង្គោលឲ្យលឿន

​ភាគី​ទាំងពីរ​ បានឯកភាព​នឹង​បង្កើនល្បឿន និង​អាំង​តង់​ស៊ី​តេ​ការងារ​ របស់​ក្រុមការងារពិនិត្យ​ទីតាំងព្រំប្រទល់ ​បោះបង្គោល និង​កិច្ចប្រជុំ ​រវាង​សហប្រធាន​គណៈកម្មាធិកា​រ​ចម្រុះ បែងចែក​ព្រំប្រទល់​បោះបង្គោល ដោយ​ប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ នូវ​បណ្តា​ស​ន្និ​សញ្ញា​ កិច្ចព្រមព្រៀងទ្វេភាគី​ ស្ដីពី​ព្រំដែន ដែល​បាន​ចុះហត្ថលេខារួច ​ជំរុញ​​ការចរចា​ដើម្បី​សម្រេច​ឲ្យ​បាន​ឆាប់​ នូវការកំណត់​ព្រំប្រទល់ ​ក្នុង​ឆ្នាំ​២០១៥ ដូចដែល​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​នៃ​ប្រទេស​ទាំងពីរ បាន​ព្រមព្រៀងគ្នា ដើម្បី​ព្រំដែន ​វៀតណាម​-​កម្ពុជា ក្លាយជា​ព្រំដែន​សន្តិភាព មិត្តភាព ស្ថេរភាព​​យូរអង្វែង ជា​ផលប្រយោជន៍​ របស់​ប្រជាជន​ប្រទេស​ទាំងពីរ ។​

យោងតាមសន្ធិសញ្ញា​ កិច្ចព្រមព្រៀង​អំពី​ព្រំដែន​ ដែល​ប្រទេស​ទាំងពីរ បាន​ចុះហត្ថលេខា ពិសេស​គឺ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ ថ្ងៃទី ១៧ មករា ១៩៩៥ ភាគី​ទាំងពី ​បាន​ប្តូរ​យោបល់​គ្នា​ត្រង់ៗ អំពី​​ហេតុការណ៍ ដែលបាន​កើតឡើង ទាក់ទងនឹង​ព្រំដែន ក្នុងអំឡុង​ពេលកន្លងមក។ ​ភាគី​ទាំងពីរ បាន​ឯកភាព​បង្កើន​កិច្ចសហប្រតិបត្តិការ រវាង​បណ្តា​ខេត្ត និង​បណ្តា​ស្ថាប័ន​សមត្ថកិច្ច ​របស់​ភាគី​ទាំងសងខាង ក្នុងការ​ដោះស្រាយ​នូវរាល់ហេតុកាណ៍ ដែល​កើត​ឡើង។ ភាគី​ទាំងពីរ​ចាំបាច់ ត្រូវ​ប្តូរ​យោបល់​ភ្លាមៗ ក្នុងករណី​ ដែលមានហេតុការណ៍ កើតឡើង​លើ​តំបន់​​ព្រំដែន ធ្វើយ៉ាងណាសហការ​ដោះស្រាយ ​ពុំ​ឲ្យ​ហេតុ​កាណ៍រីករាលដាល និង​មានឥ​ទិ្ធ​ពល ​មកលើ​ទំនាក់​ទំនងមិត្តភាព​ ជាអ្នកជិតខាងដ៏ល្អប្រសើរ​ រវាង​ប្រទេស​ទាំងពីរ ហើយរារាំង ​ដល់​បេសកកម្ម​កំណត់​ព្រំប្រទល់ និង​បោះបង្គោលខណ្ឌសីមា។​

កិច្ចព្រមព្រៀង (...) ឆ្នាំ១៩៨៣ និង ឆ្នាំ១៩៨៥

​ភាគី​ទាំងពីរ ​បានឯកភាព​បង្កើន​ កិច្ចសហការ​ រក្សា​សណ្តាប់ធ្នាប់ សន្តិសុខ​ព្រំដែន។ ទន្ទឹម​នឹងនោះ បង្កើន​ការ​ឃោសនា អប់រំ ទៅដល់ប្រជាពលរដ្ឋ នៅ​តំបន់​ព្រំដែន ដូច​មានចែង​ក្នុង​កិច្ចព្រមព្រៀង​ អំពី​បទ​កំណត់ព្រំដែន រវាង​វៀតណាម និង​កម្ពុជា ចុះហត្ថលេខា ​ថ្ងៃទី​២០ ខែកក្កដា ១៩៨៣ - សន្ធិសញ្ញា​កំណត់ព្រំដែន​ជាតិ រវាង​វៀតណាម​-​កម្ពុជា ចុះហត្ថលេខា ​ថ្ងៃទី​២៧ ខែធ្នូ ១៩៨៥ - សន្ធិសញ្ញា​បំពេញបន្ថែម​ លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​​ជាតិ​ឆ្នាំ ១៩៨៥ រវាង​វៀតណាម និង​កម្ពុជា ចុះហត្ថលេខា​ថ្ងៃទី ១០ ខែតុលា ២០០៥ - កំណត់ហេតុ​ចងចាំ​ អំពី​ដំណោះស្រាយ ​លើ​តំបន់​សេសសល់​មួយចំនួន តាម​ព្រំដែន​ដីគោក រវាង​រដ្ឋាភិបាល​វៀត​ណាម និង​កម្ពុជា ចុះ​ថ្ងៃទី​១៧ ខែមករា ១៩៩៥។ តាមស្មារតីនៃកិច្ចព្រមព្រៀង សន្ធិសញ្ញា និងកំណត់ហេតុទាំងនោះ «នៅ​ក្នុងអំឡុងពេល​រង់ចាំ ​ដោះស្រាយ​បញ្ហា​នៅ​សេសសល់ អំពី​ព្រំដែន ភាគីទាំងពីរព្រមព្រៀង​ ត្រូវ​រក្សា​ការគ្រប់​គ្រង​ នៅក្នុងពេលបច្ចុប្បន្ន ពុំ​ផ្លាស់ប្តូរ រំ​កិ​លប​ណ្តា​បង្គោល​ព្រំដែន អប់រំ​កុំ​ឲ្យ​ពលរដ្ឋ​ដាំ​ដុះ ស្នាក់នៅ និង​រួមគ្នា​សហការ រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​ព្រំដែន​» ។​

នៅចុងបញ្ចប់ នៃកិច្ចប្រជុំ ភាគី​ទាំង​ពីរបាន​ចុះហត្ថលេខា ​លើ​កំណត់ហេតុ​អង្គប្រជុំខាងលើនេះ ជាពិសេស បាន​ព្រមព្រៀង ​ថានឹងប្រជុំ​បន្ត រវាង​ប្រធាន​ទាំងពីរ ដែលនឹង​ប្រព្រឹត្តទៅ ​នៅ​វៀតណាម​នា​ខែសីហាខាងមុខ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...