កម្ពុជា៖ កាស៊ីណូ ជាអាថ៌កំបាំងនៃយុទ្ធសាស្រ្ដ ការពារព្រំដែន

ការសាងសង់ជាច្រើន នូវបណ្ដាកាស៊ីណូ នៅតាមតំបន់ឯនាយព្រំដែន ជាអាថ៌កំបាំងនៃយុទ្ធសាស្ត្រមួយ ដើម្បីការពារ ព្រំដែននៃប្រទេសកម្ពុជា។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: August 11, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការសាងសង់ជាច្រើន នូវបណ្ដាកាស៊ីណូ នៅតាមតំបន់ឯនាយព្រំដែន ជាអាថ៌កំបាំងនៃយុទ្ធសាស្ត្រមួយ ដើម្បីការពារ ព្រំដែននៃប្រទេសកម្ពុជា។ នេះជាការថ្លែងប្រកាសរបស់លោកនាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន នៅក្នុងសុន្ទរកថារបស់លោក នៅក្នុងរដ្ឋសភាជាលើកដំបូង តាំងពីបានឡើងកាន់អំណាចបានជិត ៣០ឆ្នាំកន្លងមក ដែលជាឱកាសឆ្លើយទៅនឹងសំនួរ របស់ក្រុមតំណាងរាស្រ្តមកពីគណបក្សប្រឆាំង សម រង្សី។


លោកហ៊ុន សែន (ខាងមុខឆ្វេងគេបង្អស់) និងគណរដ្ឋមន្ត្រីរបស់គាត់ ក្នុងរដ្ឋសភាថ្ងៃទី០៩សីហា។

នៅក្នុងចម្លើយដែលបានធ្វើ មានរយះពេលជាង៥ម៉ោង នៅព្រឹកថ្ងៃព្រហស្បត្ត៍ទី ០៩សីហា ទៅនឹងបញ្ហារសើប ទាក់ទង នឹងព្រំប្រទល់ខាងកើត របស់ប្រទេសកម្ពុជា ជាប់នឹងប្រទេសវៀតណាមនេះ លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា «ខ្ញុំមិនមែនចូលចិត្ត កាស៊ីណូទេ។ ប៉ុន្តែការអនុញ្ញាតិអោយធ្វើកាស៊ីណូ គោលដៅធំជាងគេ ​គឺការពារព្រំដែន។ និយាយ អោយវាច្បាស់ទៅ បានជាឃើញកាស៊ីណូ តាមទល់ដែនច្រើនម្លេះ។ អាក្នុងនេះ ខ្ញុំមិនមែននាំមកទេ ពីមុន៩៣ (ឆ្នាំ១៩៩៣) វាអត់មានទេ [...] នៅទល់ដែនមានច្រើនម្លេះ អាណ្នឹងជាផ្នែកមួយ នៃនយោបាយការពារទល់ដែន។» លោកបានបន្ថែមថា «បង្គោលទល់ដែន គេអាចដក តែអាសណ្ឋាគារប្រាំជាន់ គេដកអត់បានទេ។ កុំភ្លើពេក។ ខ្ញុំមិនមែនចង់អាណ្នឹង មកចិញ្ចឹម ឆ្នាំងនោះទេ ក៏ប៉ុន្តែមានអាណ្នឹងទៅដោះវាមិនកើត។»

សណ្ឋាគារកាស៊ីណូ ប្រមាណជាជាង១០ ត្រូវបានគេសាងសង់ នៅតាមបណ្ដាយព្រំដែន កម្ពុជា-វៀតណាម និងកម្ពុជា-ថៃ ដែលទទួលតែជនបរទេសប៉ុណ្ណោះ អោយចូលមកលេងល្បែងនៅទីនោះ។ ជនជាតិកម្ពុជា មិនមានសិទ្ធិ ត្រូវបានអនុញ្ញាតិ អោយចូលទៅលេងល្បែងនោះទេ។

បុរសខ្លាំងរបស់ប្រទេសកម្ពុជារូបនេះ បានបង្ហើបថា «អស់លោកបង្ខំអោយខ្ញុំនិយាយ។ រឿងនេះ គួរតែជាអាថ៌កំបាំង នៃយុទ្ធសាស្រ្ដការពារជាតិ ប៉ុន្តែអស់លោកមិនទុកជម្រើស អោយខ្ញុំជ្រើសរើសបាន។» ការចូលមកកាន់រដ្ឋសភាថ្ងៃនេះ ជាឱកាសដែល លោកនាយករដ្ឋមន្ត្រី បានប្រកាសទាត់ចោលទាំងស្រុង នូវការចោទប្រកាន់ទាំងឡាយ ពីសំណាក់ក្រុម គណបក្សប្រឆាំង ដែលថារដ្ឋាភិបាលខ្មែរសព្វថ្ងៃបណ្ដោយអោយវៀតណាម បង្ខិតព្រំដែនយកទឹកដី។

ប្រទេសជិតខាងទាំងពីរ បានចាប់ផ្ដើមកំណត់ព្រំប្រទល់ដែនរបស់ខ្លួន ដែលមានប្រមាណជា ១ ២៧០គីឡូមែត្រ គិតចាប់ តាំងពីខែតុលាឆ្នាំ២០០៦កន្លងមក ដោយសង្ឃឹមថា នឹងបញ្ចប់បញ្ហា ដែលបន្សល់ទុកដោយ អាណានិគមបារាំង និងបន្ត ដោះស្រាយបញ្ហាទាំងនេះ ពីជំនាន់សង្គមរាស្រ្តនិយមរបស់សម្ដេច នរោត្តម សីហនុ។ បើតាមលោកនាយករដ្ឋមន្ត្រី ព្រំដែន ប្រមាណជា ៧០០គីឡូមែត្រ ត្រូវបានត្រួសត្រាយហើយ។

គណបក្សប្រឆាំង បានចោទបកទៅលោកហ៊ុន សែន ថាបានយកវេទិការរបស់សភាជាតិ មកវាយប្រហារ កេងចំណេញ យកប្រជាប្រិយភាពទៅវិញ។ លោកសម រង្សី ប្រធានគណបក្សប្រឆាំង បាននិយាយពីទីក្រុងវ៉ាស៊ីនតោន ក្នុងវិទ្យុសំលេង សហដ្ឋអាមេរិក ជាខេមរភាសាថា ដើម្បីបញ្ជាក់ថា អ្វីដែលលោកហ៊ុន​សែននិយាយ វាជាការពិត លោកហ៊ុន សែន គួរតែ បើក អោយប្រជាជនសមញ្ញណាដែលចង់ដឹង អាចអញ្ជើញទៅមើលដោយផ្ទាល់ភ្នែក និងអាចចោទជាសំនួរបាន៕

------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...