វៀតណាមមិនខ្វល់ ពីកំណត់ទូតរបស់កម្ពុជាឬ?
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី២៤ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 24, 2015
- ប្រធានបទ: ព្រំដែន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មកទល់ពេលនេះ នៅមិនទាន់មានឃើញ មានសកម្មភាព ឬការឆ្លើយតបណាមួយ ពីរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រទេសវៀតណាម ក្នុងការ«លុបស្រះ» ឬការ«សាងសង់ប៉ុស្តិ៍យោធា» ដែលបានធ្វើក្នុងទឹកដីកម្ពុជា នៅខេត្តរតនគិរីនៅឡើយ។ នេះជាការអះអាង របស់លោក ឆាយ ធី មន្ត្រីឃ្លាំមើលឯករាជ្យ និងជាមន្រ្តីសមាគមការពារសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តរតនគីរី ទាក់ទងនឹងការជីកស្រះ មកក្នុងតំបន់វិវាតព្រំដែន ដ៏ចម្រូងចម្រាស។
ការថ្លែងរបស់មន្ត្រីខាងលើ បានធ្វើឡើងនៅរសៀល ថ្ងៃទី ២៣ ខែមិថុនានេះ ក្រោយការទន្ទឹងជាច្រើនថ្ងៃ នូវការឆ្លើយតបពីសំណាក់ភាគីវៀតណាម ទៅលើកំណត់ទូតចំនួនពីរ របស់កម្ពុជាតាមរយៈ ក្រសួងការបរទេសរបស់ខ្លួន ដែលបានធ្វើការតវ៉ា ទៅកាន់ប្រទេសវៀតណាម ទាក់ទងនឹងការជីកស្រះ និងការចាក់គ្រឹះសាងសង់ប៉ុស្ដ៍យោធា ក្នុងតំបន់ព្រំដែនខេត្តរតនគីរី។ លោក ឆាយ ធី បានអះអាងទៀតថា មិនត្រឹមតែនៅព្រំដែន ជាប់ខេត្តរតនគីរីប៉ុណ្ណោះទេ តែនៅមានខេត្តកណ្ដាលមួយទៀត ក៏រដ្ឋាភិបាលវៀតណាមកំពុងជីកដី ដើម្បីចាក់គ្រឹះសាងសង់ប៉ុស្តិ៍យោធាមួយ នៅនិយាម WT-06065-07703 ជិតភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំនោះដែរ។
កាលពីថ្ងៃទី១២ និងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បានផ្ញើរកំណត់ទូតចំនួនពីរ ទៅកាន់ប្រទេសវៀតណាម ដោយស្នើសុំអោយភាគីវៀតណាម បញ្ឈប់សកម្មភាពជីកស្រះទឹក និងជីកដីគ្រឹះសង់ប៉ុស្តិ៍យោធា ចូលមកក្នុងទឹកដីកម្ពុជា មានចម្ងាយចន្លោះ ពី៣១៥ម ទៅ ៥៤៥ម ពីខ្សែព្រំដែនរវាងប្រទេសទាំងពីរ។ ប៉ុន្តែនៅប៉ុន្មានថ្ងៃក្រោយមកទៀត គឺនៅថ្ងៃទី១៧ ខែមិថុនា ក្រសួងការបរទេសដដែល បានចេញកំណត់ទូតមួយទៀត ដើម្បីតវ៉ាបញ្ហាព្រំដែន នៅក្នុងស្រុកកោះធំខេត្តកណ្ដាលនេះ។ កំណត់ទូតថ្មីនោះ ក៏បានស្នើសុំឲ្យប្រទេសវៀតណាម បញ្ឈប់ជាបន្ទាន់ នូវសកម្មទាំងនេះ រហូតដល់មាន ការបោះបង្គោលហើយជាស្ថាពរដែរ។
អ្វីដែលជាការកត់សំគាល់ នៅក្នុងកំណត់ទូតចុះថ្ងៃទី១៧ ខែមិថុនានោះ មានឃ្លាមួយបានសរសេរថា៖ «នៅក្នុងកំណត់ទូតរបស់ក្រសួង លេខ១៣១៨ កបទ.សអ/កស៊៤ ចុះថ្ងៃទី០៨ មិថុនា ២០១៥ រាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំឲ្យរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បញ្ឈប់ការជីកដីធ្វើគ្រឹះ សម្រាប់ការសាងសង់ប៉ុស្ដ៍យោធា នៅត្រង់ចំណុចនិយាមការ WT-06065-07703 (...)»។ ឃ្លានេះ ដូចជាបានបង្ហាញអះអាង ពីអ្វីដែលរដ្ឋាភិបាលកម្ពុជា បានទម្លាយនៅក្នុងលិខិតមួយ ផ្ញើរទៅប្រធានរដ្ឋសភាលោក ហេង សំរិន ថាក្រសួងការបរទេស ធ្លាប់បានផ្ញើរកំណត់ទូត ចំនួន៨ រួចហើយ ទៅកាន់ប្រទេសវៀតណាម មុនកំណត់ទូតចុះថ្ងៃទី១២ និងទី១៤ ខែមិថុនា ឆ្នាំ២០១៥។
លិខិតផ្ញើរទៅប្រធានរដ្ឋសភា ដែលមានចុះហត្ថលេខារបស់លោក ហោ ណាំហុង ក្នុងថ្ងៃទី១៦ ខែមិថុនា បានសរសេរថា៖ «សូមគោរពជូនសម្តេច មហាពញាចក្រី នូវច្បាប់ថតចម្លង នូវកំណត់ទូតថ្មីៗនេះ របស់ក្រសួងការបរទេស សហប្រតិបត្តិការអន្តរជាតិ និងស្ថានទូតកម្ពុជា ប្រចាំទីក្រុងហាណូយ អំពីការរំលោភបំពាន លើទឹកដីកម្ពុជា នៅតំបន់ផ្សេងៗ (…) ចាប់ពីឆ្នាំ២០១៣ ដល់២០១៥ ចំនួនប្រាំបីច្បាប់ ក្រៅពីកំណត់ទូតថ្ងៃទី១២ និង១៤ ខែមិថុនា ឆ្នាំ២០១៥»។
បើយោងតាមកំណត់ទូតទាំងបីចុងក្រោយ ដែលផ្សាយជាសាធារណៈនេះ និងលិខិតលោក ហោ ណាំហុង ផ្ញើរទៅលោក ហេង សំរិន ខាងលើនេះ ធ្វើឲ្យគេយល់ថា នៅក្នុងខែមិថុនានេះ ប្រទេសកម្ពុជា បានផ្ញើកំណត់ទូតតវ៉ា ទៅកាន់ប្រទេសវៀតណាម ចំនួន៤ច្បាប់។
សំនួរនៅពេលនេះសួរថា តើនៅក្នុងចំណោមកំណត់ទូតទាំងអស់ របស់កម្ពុជា ផ្ញើរទៅប្រទេសវៀតណាម មានកំណតទូតណាខ្លះ ដែលត្រូវបានប្រទេសវៀតណាមខ្វាយខ្វល់? ហើយថា តើប្រទេសវៀតណាម ត្រូវពេលវេលាប៉ុន្មាន ដើម្បីឆ្លើយតប និងធ្វើប្រតិកម្ម មកប្រទេសកម្ពុជាវិញ? មកទល់ពេលនេះ ទស្សនាវដ្តីនៅមិនអាចសុំការបកស្រាយ ពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សន្ទរី និងពីមន្ត្រីស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជាបាននៅឡើយ៕
» សូមបង្ហាញជូន នូវកំណត់ទូតថ្មីៗចំនួនបី ដូចខាងក្រោម (ចុចដើម្បីពង្រីកអាន)៖