ខ្មែរកម្ពុជាក្រោម៖ ព្រះសង្ឃ​ពីរ​អង្គ​«បាត់ខ្លួន» និង​មួយ​អង្គ​ទៀត​ស្ថិត​ក្នុង​ភាព​«វង្វេង​ស្មារតី»

ព្រះសង្ឃខ្មែរកម្ពុជាក្រោមប្រមាណជាងមួយរយអង្គ ក្នុងនោះមានប្រាំមួយអង្គបានគេចចេញពីការតាមចាប់ខ្លួនរបស់អាជ្ញាធរវៀតណាម និងពុទ្ធបរិស័ទដែលធ្លាប់រស់នៅ និងមានស្រុកកំណើតនៅកម្ពុជាក្រោមប្រមាណជិតមួយរយនាក់ដែរនោះ បាននាំគ្នាចូលរួមធ្វើបាតុកម្ម ទាមទាឲ្យមានការដោះលែងព្រះសង្ឃពីរអង្គ និងជម្រុញឲ្យរដ្ឋាភិបាលវៀតណាមគោរពសិទ្ធិជាមូលដ្ឋានទាំងប្រាំរបស់ពលរដ្ឋ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: June 25, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ ព្រះសង្ឃខ្មែរកម្ពុជាក្រោមប្រមាណជាងមួយរយអង្គ ក្នុងនោះមានប្រាំមួយអង្គបានគេចចេញ ពីការតាមចាប់​ខ្លួនរបស់អាជ្ញាធរវៀតណាម និងពុទ្ធបរិស័ទដែលធ្លាប់រស់នៅ និងមានស្រុកកំណើតនៅកម្ពុជា​ក្រោមប្រមាណជិតមួយ​រយនាក់ដែរនោះ បាននាំគ្នាចូលរួមធ្វើបាតុកម្ម ទាមទាឲ្យមានការដោះលែងព្រះសង្ឃពីរអង្គ និងជម្រុញឲ្យរដ្ឋាភិបាល​វៀតណាមគោរពសិទ្ធិជាមូលដ្ឋានទាំងប្រាំរបស់ពលរដ្ឋ។


បាតុកម្មទាមទារឲ្យដោះលែង ព្រះសង្ឃខ្មែរក្រោម នៅភ្នំពេញ។ (រូបថត MONOROOM.info/ O.Vary)

បាតុកម្មរួមគ្នាដោយអង្គការសមាគម ខ្មែរកម្ពុជាក្រោមចំនួនដប់ពីរអង្គការ បានធ្វើការទាមទារនូវសិទ្ធិទាំងនេះ ដែល​រៀបចំឡើងដោយសមាគម ខ្មែកម្ពុជាក្រោម និងមានការចូលរួមភាគច្រើនជាព្រះសង្ឃនោះ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ នៅទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ មិនត្រូវបានអនុញ្ញាតឲ្យមានការដង្ហែរជាក្បួននាំញាត្តិ ទៅដាក់នៅស្ថានទូតវៀតណាមឡើយ។

លោក ថាច់ ស៊ីថា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម និងជាអ្នកដឹកនាំបាតុបានលើកឡើងថា អាជ្ញាធរវៀតណាម បានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់វត្តព្រៃជាប់ និងវត្តសេរីតាសេក។ ការចាប់ផ្សឹកព្រះសង្ឃនៅវត្តព្រៃជាប់ មិនបាន​អនុវត្តតាម«ពុទ្ធបញ្ញត្តិ»ទេ ព្រោះព្រះសង្ឃទាំងនោះ មិនបានធ្វើអ្វីខុសទៅនឹងពុទ្ធសាសនាទេ។ បើគិតតាមដីកាចាប់​ខ្លួនវិញ គ្មានមូលដ្ឋានច្បាស់លាស់ ដោយចោទថាព្រះសង្ឃនោះ នៅបន្តការទាក់ទងជាមួយស្ថាប័នខ្មែរ​នៅក្រៅ​ប្រទេស។ នេះជាបញ្ហាមួយដែល អាជ្ញាធរវៀតណាម បានរំលោភទៅលើ «គោលការណ៍សិទ្ធិមនុស្ស» ទៅលើសេចក្ដី​ថ្លែងការណ៍ជាសកលស្ដីពីសិទ្ធិមនុស្ស។

«យើងមិនមានការតវ៉ាណាមួយ ក្នុងការទាមទាទឹកដីខ្មែរកម្ពុជាក្រោមនោះទេ ប៉ន្តែយើងទាមទារឲ្យមានការផ្តល់ និងគោរពនូវសិទ្ធិសេរីភាពបញ្ចេញមតិ និងសិទ្ធិទទួលបានព័ត៌មាន។»

ប្រធានបណ្តាញយុវជនខ្មែរកម្ពុជាក្រោម លោក សឺន ជុំជួន បានលើកឡើងថា គោលបំណងនៃបាតុកម្មនេះ ដើម្បី​ទាមទារឲ្យអាជ្ញាធរវៀតណាម ដោះលែងព្រះសង្ឃពីរអង្គ ដែលត្រូវបានគេអះអាងថា ត្រូវអាជ្ញាធរវៀតណាមចាប់ខ្លួន នៅទឹកដីខ្មែរកម្ពុជាក្រោម និងទាមទារឲ្យអាជ្ញាធរវៀតណាម គោរពសិទ្ធិពលរដ្ឋ និងព្រះសង្ឃខ្មែរកម្ពុជាក្រោម។

ព្រះភិក្ខុ សៀង សុវណ្ណារ៉ា ព្រះចៅអធិការវត្តសាម្គីរង្សី និងជាប្រធានស្តីទីសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម បាន​ឲ្យ​ដឹងថា ព្រះសង្ឃបីព្រះអង្គ ដែលត្រូវបានអាជ្ញាធរចាប់ខ្លួននោះ ព្រះសង្ឃព្រះនាម លី ចិន្តា ព្រះចៅអធិការវត្ត​ស្ដីទីវត្ត​ព្រៃជាប់ ស្រុកជ្រោយញ ខេត្តឃ្លាំង, ព្រះចៅអធិការវត្តសេរីតាសេក ខេត្តឃ្លាំង ព្រះនាម លីវ នី និងព្រះសង្ឃព្រះនាម ថាច់ ធឿនគង់នៅវត្តសេរីតាសេកនេះដែរ។ ព្រះអង្គបន្តថា នៅថ្ងៃទី១៨ ឧសភា អាជ្ញាធរវៀតណាម បានដោះលែង​ព្រះសង្ឃព្រះនាម លី ចិន្តា ព្រះចៅអធិការវត្តស្ដីទីវត្តព្រៃជាប់ ក្រោយពីផ្សឹកព្រះអង្គបានបីថ្ងៃ ប៉ុន្តែព្រះអង្គមាន​«សភាព​មិនប្រក្រតី» ពោលព្រះអង្គបាន«បាត់ការចងចាំ» ។ ឯព្រះសង្ឃពីរអង្គទៀត មិនទាន់បានដោះលែងនៅឡើយទេ ហើយថែមទាំងបាត់ដំណឹងទៀត មិនដឹងថានៅទីណា។ «អាត្មាស្នើរឲ្យរាជរដ្ឋាភិបាលកម្ពុជា ជួយអន្តរាគមទៅ​អាជ្ញាធរ​វៀតណាម ឲ្យមានការដោះលែងព្រះសង្ឃទាំងពីរអង្គដោយគ្មានលក្ខ័ណ»

ព្រះអង្គបញ្ជាក់ថា ការចាប់ខ្លួនព្រះសង្ឃព្រះនាម លីវ នី និងព្រះសង្ឃព្រះនាមថាច់ ធឿន ធ្វើឡើងតាមសេចក្ដី​ប្រកាស​ របស់ប្រធានសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិ ព្រះនាម យឿង ញឿង។

ចំណែកព្រះភិក្ខុសង្ឃ លី ចន័្ទណេន ស្រុកកំណើតនៅខ្មែរកម្ពុជាក្រោម មកពីប្រទេសកាណាដា ដែលគេស្គាល់ថាជា​សង្ឃមួយអង្គតែងតែស្វះស្វៃង និងទាមទារឲ្យមានការគោរពច្បាប់ និងសិទ្ធិមនុស្សនៅកម្ពុជា មានសង្ឃដីការថា ព្រះអង្គសូមទាមទារឲ្យរដ្ឋាភិបាលវៀតណាមគោរព និងប្រតិបត្តិព្រះពុទ្ធសាសនា សូមឲ្យរក្សាព្រះពុទ្ធសាសនា​ សម្រាប់ពុទ្ធបរិសទខ្មែរកម្ពុជាក្រោមគោរព។

ម៉ោងប្រមាណជាងដប់ព្រឹក លោក កើត ឆែ នាយករងរដ្ឋបាល សាលារាជធានីភ្នំពេញ បានមកទទួលញាត្តិ ពីតំណាង​អង្គការសមាគមខ្មែរកម្ពុជាក្រោមទាំងដប់ពីរ។ មន្ត្រីរូបនេះនិយាយថា លោកមកទទួលយកញាត្តិ​នេះតែ​ប៉ុណ្ណោះ ហើយលោកធានាថានឹងដាក់ដល់លោកអភិបាលក្រុង។ លោកមិនបានឆ្លើយតបនឹងសំនួរ​របស់​អ្នកសារព័ត៌មានទេ តែលោកបានបញ្ជាក់ដូច្នេះថា «ខ្ញុំពុំមានលទ្ធភាពឆ្លើយទៅនឹងអ្នកសារព័ត៌មានទេ ព្រោះខាងអ្នកសារព័ត៌មាន​សំណូមពរឲ្យមានអ្នកនាំពាក្យ ដូច្នេះអាចសួរទៅអ្នកនាំពាក្យបាន»។

សូមបញ្ជាក់ថា នៅក្នុងញាត្តិនេះស្នើរសុំឲ្យអាជ្ញាធរវៀតណាមបញ្ឈប់ការរឹតបន្តឹង ការគៀបសង្កត់ ការឃ្លាំមើល ការ​បំបិទសេរីភាព និងទង្វើដទែទៀតដែលរំលោភសិទ្ធិមនុស្សមកលើពលរដ្ឋខ្មែរកម្ពុជាក្រោម និងទាមទារឲ្យមាន​ការ​ដោះលែងព្រះសង្ឃខ្មែរកម្ពុជាក្រោមឲ្យមានសេរីភាព ហើយបានវិលត្រឡប់មកវត្តអារាមវិញ ដោយឥតលក្ខ័ណ្ឌ។

តាមសេចក្តីសម្រេចកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៣ ក្នុងកិច្ចប្រជុំពិភាក្សា រវាងមន្ត្រីសាលារាជធានីភ្នំពេញ សមត្ថកិច្ចពាក់ព័ន្ធ និងអង្គការសមាគមខ្មែរកម្ពុជាក្រោម សាលារាជធានីភ្នំពេញមិនអនុញ្ញាតិឲ្យ​មានការដង្ហែរ​ជា​ក្បួនទេ។ សាលារាជធាភ្នំពេញនឹងបញ្ជូនតំណាងឲ្យមកទទួលយកញ្ញត្តិរបស់អង្គការសមាគមខ្មែរកម្ពុជាក្រោម ហើយ​បញ្ជូនទៅកាន់ក្រសួងការបរទេសកម្ពុជា នឹងបញ្ជូនបន្តរទៅស្ថានទូតវៀតណាម។

សូមរម្លឹកថា ព្រះសង្ឃចំនួនបីអង្គ ត្រូវបានអាជ្ញាធរវៀតណាម ខេត្តឃ្លាំង សហការនឹងមេគណៈខេត្ត ចាប់ព្រះកាយ​«ផ្សឹក» កាលពីថ្ងៃទី១៦ ឧសភា ឆ្នាំ២០១៣ ដោយចោទថាព្រះសង្ឃបានទាក់ទង នឹងអង្គការសមាគមខ្មែរកម្ពុជាក្រោម នៅក្រៅប្រទេស«ខុសច្បាប់វៀតណាម»។

កាលពីថ្ងៃទី១៥ ឧសភា ប្រជាពលរដ្ឋចំនួនប្រាំនាក់ផ្សេងទៀតក៏បានចាប់ខ្លួន ក្រោយពីពលរដ្ឋទាំងនោះ តវ៉ា​ការពារ​ព្រះសង្ឃគង់នៅក្នុងវត្តព្រៃជាប់ ស្ថិតនៅស្រុកជ្រោយញ ខេត្តឃ្លាំង។ និងនៅថ្ងៃទី១៨ ឧសភា អង្គការសមាគមខ្មែរ​កម្ពុជាក្រោមក៏បានចេញសេចក្ដីថ្លែងការណ៍ថា «ការចាប់ផ្សឹកព្រះសង្ឃ និងការចាប់ខ្លួនប្រជាពលរដ្ឋខ្មែរនេះ ជាការ​រំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ៕»

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៥ មិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...