ហ្គាឌីអូឡា បង្ហាញមុខជាគ្រូបង្វឹកផ្លូវការថ្មី របស់ក្រុមបាយឺនម៉ូនិជ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: June 25, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីបាត់មុខជាង១ឆ្នាំ ពីពិភពបាល់ទាត់ ទីបំផុតគ្រូបង្វឹកដ៏ល្បីល្បាញ ប៉ិប ហ្គាឌីអូឡា (Pep Guardiola) ត្រូវបានក្លឹបជើងខ្លាំងអាឡឺម៉ង់ បាយឺន ម៉ូនិជ (Bayern Munich) ប្រកាសតែងតាំងជាគ្រូបង្វឹកថ្មី ជាផ្លូវការហើយ កាលពីថ្ងៃច័ន្ទម្សិលមិញ។
លោក ប៉ិប ហ្គាឌីអូឡា នៅក្នុងសន្និសិតសារព័ត៌មានជាមួយក្រុមបាយឺន។ (រូបថត ffh.de)
បុរសវ័យ៤២ឆ្នាំ សញ្ជាតិអេស្ប៉ាញ ដែលធ្លាប់ឈ្នះពានរង្វាន់ចំនួន១៤ ក្នុងរយះពេល៤ឆ្នាំ នៅក្នុងក្លឹបបាសេឡូណា (Barcelona) ជាក្តីសង្ឃឹមដ៏ធំបំផុតសម្រាប់ក្រុមបាយឺន ខណៈដែលក្រុមមួយនេះ រំពឹងថានឹងអាចលើកពានរង្វាន់ជាច្រើនទៀត នៅរដូវកាលថ្មី។
ហ្គាឌីអូឡា ចូលមកជំនួសដំណែងលោក ជឺប ហៃណ័កស៏ (Jupp Heynckes) ដែលធ្លាប់ដឹងនាំបាយឺន ឲ្យលើកពាន៣ក្នុងមួយរដូវកាល ពោលគឺឈ្នះពានរង្វាន់ក្នុងស្រុកទាំង២ និងឈ្នះពានរង្វាន់កំពូលអ៊ឺរ៉ុបឆែមពានលីក (Champions League) ថែមទៀត។ លោកហ្គាឌីយ៉ូឡា បានលើកឡើងថា គាត់មិនខ្លាចនិងទទួលនូវសម្ពាធមួយនេះនោះទេ ហើយគាត់នឹងជួយដឹកនាំក្លឹបឲ្យបានល្អបំផុត ដូចដែលលោកហៃណ័កស៏ ធ្លាប់បានធ្វើ។
អតីតគ្រូបង្វឹកក្រុមបាសេឡូណា បាននិយាយនៅក្នុងសន្និសីទកាសែតលើកដំបូងថា៖ «ខ្ញុំត្រូវតែទទួលយកនូវការប្រៀបធៀបនេះ។ ខ្ញុំដឹងច្បាស់ណាស់ថា ខ្ញុំប្រាកដជាស្ថិតនៅក្រោមសម្ពាធមួយដ៏ធំ ប៉ុន្តែខ្ញុំពេញចិត្តនឹងទទួលយកការប្រជែងនេះ ដោយគ្មានការភ័យខ្លាចអ្វីឡើយ។ ខ្ញុំសង្ឃឹមថា នឹងអាចដើរតាមគន្លងរបស់ក្រុម ដែលធ្លាប់ធ្វើបានល្អកាលពីរដូវកាលមុន។»
ក្លឹបម្ចាសជើងឯកអ៊ឺរ៉ុបឆ្នាំ២០១៣ បានយល់ព្រមចុះកិច្ចសន្យាជាមួយនឹងលោកហ្គាឌីអូឡា ក្នុងរយះពេល៣ឆ្នាំ។
ម្ចាស់ក្លឹបបាយឺនម៉ូនិជ លោកកាលហេន រាំម៉ិននែក (Karl-Heinz Rummenigge) បាននិយាយថា៖ «យើងបានខិតខំធ្វើការជាយូរណាស់មកហើយ ដើម្បីបញ្ចុះបញ្ចូលឲ្យលោកហ្គាឌីអូឡា ឲ្យមកកាន់ក្លឹបយើងនេះ។»
ប៉ិប ហ្គាឌីអូឡា បានដឹកនាំបាសេឡូណា ឲ្យក្លាយជាក្រុមមួយ ដែលមានឥទ្ធពលបំផុតនៅលើពិភពលោក។ គាត់ជួយឲ្យបាសេ លើកពានឆែមពានលីក២សម័យកាល និងឡាលីកា (La Liga) ចំនួន៣លើក ក្នុងចំណោមពានរង្វាន់សំខាន់ៗ ជាច្រើនទៀត។
គ្រូបង្វឹកថ្មីរូបនេះ បានបន្ថែមថា៖ «ខ្ញុំត្រៀមខ្លួនរួចហើយ។ ពេលវេលារបស់ខ្ញុំនៅជាមួយក្រុមបាសេឡូណា ជាពេលវេលាដ៏អស្ចារ្យបំផុត។ ប៉ុន្តែខ្ញុំត្រូវការការប្រកួតប្រជែងថ្មី ហើយក្លឹបបាយឺនម៉ូនិជ បានផ្តល់ឱកាសនេះឲ្យខ្ញុំ៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ