ដេវីដ វីឡា បង្ហាញខ្លួននៅអាត្លិកទិកូ អ្នកគាំទ្ររត់ចូលពេញទីលាន (Pic&VDO)
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: July 16, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខ្សែប្រយុទ្ធដេវីដ វីឡា (David Villa) បានធ្វើការបង្ហាញខ្លួនលើកដំបូងជាមួយនឹងក្លិប អាត្លិកទិកូ ម៉ាឌ្រីដ (Atletico Madrid) នាកីឡាដ្ឋាន វីស្សិនតេ ខាលដឺរ៉ូន (Vicente Calderon) កាលពីថ្ងៃច័ន្ទ ខណៈដែលមានអ្នកគាំទ្រជាច្រើនស្ទុះរត់ចូលពេញទីលាន ដើម្បីចង់ជួប និងឱបខ្សែប្រយុទ្ធលេខ៩ ដែលជាកីឡាករសំណព្វចិត្តថ្មីរបស់ខ្លួន។
អ្នកគាំទ្រកីឡាករដេវីដ វីឡា ត្រូវកងកម្លាំងការពារសន្តិសុខ រារាំងឲ្យមកជិតកីឡាករ។
កីឡាករអន្តរជាតិអេស្ប៉ាញ វ័យ៣១ឆ្នាំ បានធ្វើការបង្ហាញបច្ចេកទេសក្នុងការលេងបាល់បន្តិចបន្តួច និងបានធ្វើការលើដៃ ដើម្បីស្វាគមន៏អ្នកគាំទ្រ ខណៈដែលគាត់ទើបតែផ្ទេរមកចូលក្រុម ក្នុងនាមជាកីឡាករថ្មី។ ប៉ុន្តែរំពេចនោះ មានអ្នកគាំទ្រ និងអ្នកស្រលាញ់រូបគាត់ ជាច្រើននាក់ បានរត់ចូលទីលាន ដើម្បីចង់បង្ហាញពីក្តីស្រលាញ់ដ៏ខ្លាំងបំផុតរបស់ខ្លួនដល់គាត់។
អតីតខ្សែប្រយុទ្ធក្រុមបាសេឡូណា (Barcelona) និងអតីតខ្សែប្រយុទ្ធក្រុម វ៉ាឡិនស្សៀ (Valencia) បានបង្ហាញពីស្នាមញញឹមជានិច្ច នៅលើផ្ទៃមុខ ខណៈដែលមានអ្នកគាំទ្រជាច្រើននៅជុំវិញគាត់ ប៉ុន្តែត្រូវបានសន្តិសុខរបស់ក្លិបជួយធ្វើការអន្តរាគមន៏ឲ្យ។
វីឡា បានផ្ទេរពីបាសេឡូណា មកកាន់អាត្លិកទិកូ ក្នុងតម្លៃសរុប ៥១លានអ៊ឺរ៉ូ (៦៦.៦០លានដុល្លារសហរដ្ឋអាមេរិក) ក្នុងកិច្ចសន្យារយះពេល ៣ឆ្នាំ។ គាត់បានលើកឡើងថា គាត់បានដាក់ចិត្តដាក់កាយ បន្តនៅក្របខ័ណ្ឌកំពូលអេស្ប៉ាញទៀត ហើយកន្លងមកធ្លាប់មានពាក្យចចាមអារ៉ាមថា នឹងអាចមកប្រទេសអង់គ្លេសនោះ នោះជារឿងមិនពិត ដោយគាត់និយាយថា បើគាត់ផ្ទេរទៅកាន់ក្របខ័ណ្ឌព្រីមែលីក (Premier League) លុះត្រាតែក្រុមនោះ ជាក្រុមខ្លាំងបំផុតនៅក្នុងលោក បានគាត់ទៅ។
ខ្សែប្រយុទ្ធរូបនេះ បាននិយាយថា៖ «ខ្ញុំធ្លាប់មានក្រុមព្រីមែលីកទាក់ទងដែរ ប៉ុន្តែអាត្លិកទិកូ បានចូលមកមុន ហើយភ្លាមៗនោះខ្ញុំមិនគិតអ្វីច្រើនទេ ហើយខ្ញុំក៏យល់ព្រមតែម្តង ព្រោះខ្ញុំចង់នៅបន្តនៅក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញនេះ។»
គាត់បានបន្តថា៖ «ខ្ញុំគិតថា ក្លិបនេះមិនខ្វះអ្វីៗនោះទេ។ ពួកគេបញ្ចប់ចំណាត់ថ្នាក់លេខ៣ ហើយមានកៅអីមួយ ទៅលេងឆែមពានលីក (Champions League) ទៀត។ ពួកគេបានយកឈ្នះក្រុមរៀលម៉ាឌ្រីដ (Real Madrid) ដើម្បីឈ្នះពានរង្វាន់ខូផាដេលរ៉េ (Copa del Rey)។ ចាប់ផ្តើមពីថ្ងៃនេះ ក្រុមដែលល្អបំផុតនៅលើពិភពលោកសម្រាប់ខ្ញុំ គឺក្រុមអាត្លិកទិកូ ម៉ាឌ្រីដ។»
វីឡា នឹងមកជំនួសដំណែងខ្សែប្រយុទ្ធកូឡុំប៊ី រ៉ាដាមែល ហ្វាលខាវ (Radamel Falcao) ដែលបានចាកចេញពីក្លិបទៅចូលរួមជាមួយក្រុមបារាំង ម៉ូណាកូ (Monaco) កាលពីខែមុន។
ខ្សែប្រយុទ្ធចាស់វស្សាររូបនេះ បានរកគ្រាប់បាល់បញ្ចូលទីសរុប បានចំនួន ២៨២គ្រាប់ បន្ទាប់ពីគាត់លេងឲ្យក្រុម ស្ពតថីង ហ្គីចុន (Sporting Gijon), រៀល ស្សារ៉ាហ្គូស្សា (Real Zaragoza), វ៉ាឡិនស្សៀ និងក្រុមបាសេឡូណា។ គាត់បានចូលលេងឲ្យក្រុមជម្រើសជាតិអេស្ប៉ាញ បានចំនួន ៩១ប្រកួត ក្នុងនោះគាត់អាចរកគ្រាប់បាល់បញ្ចូលទីបាន ៥៦គ្រាប់៕
សូមទស្សនារូបថត និងវីដេអូដូចខាងក្រោម៖
វីដេអូ ៖
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ