អេដិន ហាស្ស៊ាដ ថាគាត់ស្វាគមន៏ បើវ៉ែន រ៉ូនីទៅក្រុមឆែលស៊ី
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: July 16, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខ្សែបម្រើអេដិន ហាស្ស៊ាដ (Eden Hazard) និយាយថា កីឡាករវ៉ែន រ៉ូនី (Wayne Rooney) នឹងក្លាយជា «ការទិញចូលដ៏ល្អបំផុតមួយ» សម្រាប់ក្រុមឆែលស៊ី (Chelsea) ហើយគាត់នឹងស្វាគមន៏ បើរ៉ូនី ពិតជាមកកាន់កីឡាដ្ឋាន ស្តេមហ្វដ ប្រិជ្ជ (Stamford Bridge) មែន។
កីឡាករ វ៉ែន រ៉ូនី (ខាងឆ្វេង) និងកីឡាករ អេដិន ហាស្ស៊ាដ ក្នុងការជួបប្រកួតរវាងមែនឆេស្ទើរ យូណាយធីត និងឆែលស៊ី កន្លងមក។ (រូបថត football365.com)
រ៉ូនី បានចាកចេញពីទីក្រុងបាងកក ទៅកាន់ប្រទេសអង់គ្លេសវិញ កាលពីសប្តាហ៏មុន បន្ទាប់ពីមានរបួសសរសៃរពួរគន្លាក់ជើង ដែលធ្វើឲ្យគាត់មិនអាចបន្តជួយក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) ក្នុងការប្រកួតមិត្តភាពនៅតំបន់អាស៊ី និងអូស្ត្រាលីបាន។
គ្រូបង្វឹកម៉ែនញូ លោកដេវីដ ម៉យ (David Moyes) បាននិយាយរួចហើយថា ខ្សែប្រយុទ្ធអង់គ្លេស មិនមែនសម្រាប់លក់នោះទេ បន្ទាប់ពីលោកជូសេ ម៉ូរីញ៉ូ (Jose Mourinho) បានបញ្ចេញចំណាប់អារម្មណ៏ថា គាត់ពេញចិត្តរ៉ូនី។
ហាស្ស៊ាដ បាននិយាយថា៖ «រ៉ូនី នឹងក្លាយជាការទិញចូលដ៏ល្អបំផុត។ គាត់ជាកីឡាករដ៏អស្ចារ្យ ដែលមានបទពិសោធន៏ច្រើន ហើយអាយុរបស់គាត់ក៏នៅក្មេងដែរ ព្រោះទើបតែ ២៧ឆ្នាំ។ គាត់អាចលេងក្នុងកំរិតកំពូល ២ទៅ៣ឆ្នាំទៀត។ ប៉ុន្តែរឿងទាំងនេះ មិនអាស្រ័យលើខ្ញុំនោះទេ ហើយខ្ញុំក៏មិនមែនជាអ្នកសម្រេចដែរ។»
ខ្សែបម្រើវ័យ២២ឆ្នាំ (ហាស្ស៊ាដ) បាននិយាយថា គាត់នឹងខិតខំឲ្យអស់លទ្ធភាព នៅរដូវកាលថ្មី និងព្យាយាមលេងឲ្យបានកំរិតមួយខ្ពស់បំផុត ក្រោមការដឹកនាំរដូវកាលដំបូងរបស់លោក ម៉ូរីញ៉ូ។
គាត់បាននិយាយថា៖ «លោកម៉ូរីញូ បានប្រាប់ពួកយើងអស់ហើយ ពីអ្វីដែលគាត់រំពឹងចង់បានពីពួកយើង ហើយអ្វីដែលគាត់ចង់ឃើញ។ សម្រាប់ខ្ញុំ គាត់បានប្រាប់ខ្ញុំថា ឲ្យមានឆន្ទះខ្ពស់ក្នុងការប្រកួត និងព្យាយាមឲ្យអស់លទ្ធភាព, បើអ្នកអាចធ្វើអ្វីៗទាំងនោះបាន អ្នកនឹងក្លាយជាមនុស្សពិសេសនៅរដូវកាលថ្មីនេះ។»
កីឡាកររូបនេះដដែលបានបន្ថែមថា៖ «ខ្ញុំបានប្រាប់គាត់ថា ខ្ញុំចង់ធ្វើអ្វីៗសម្រាប់ខ្លួនឯងឲ្យបានល្អជាទីបំផុត ធ្វើអ្វីដែលខ្ញុំអាចធ្វើបាន និងអ្វីដែលគាត់ (ម៉ូរីញ៉ូ) ចង់បាន ចង់ឃើញលទ្ធផលពីពួកយើង។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចរីកចំរើនជាងមុន៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ