បាល់ទាត់អ៊ឺរ៉ុប៖ បាសា និងបាយឺន ឡើងទៅបង្គ្រប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: April 11, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមម្ចាស់ជើងឯកអ៊ឺរ៉ុប ៤សម័យកាល បាសេឡូណា (Barcelona) ឬហៅម្យ៉ាងទៀតថា បាសា (Barca) បានយកឈ្នះក្រុម អ្នកមានថ្មី ប៉ារីស ហ្សិន ជឺម៉ិន (Paris Saint Germain) ដោយល័ក្ខខ័ណ្ឌរកគ្រាប់បាល់ក្រៅផ្ទះបានច្រើនជាង ហើយបន្តដំណើររបស់ខ្លួន ទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឆែមពានលីក (Champions League) ជាបន្ត។
លីយ៉ូនែល មេស្សី (រូបខាងស្ដាំ) បាននាំសំណាងត្រឡប់ មកអោយក្រុមបាសាវិញ។
បន្ទាប់ពីការប្រកួត កាលពីជើងទី១ បញ្ចប់ត្រឹមលទ្ធផលស្មើគ្នា ២-២ នៅប្រទេសបារាំងនោះ ក្រុមប៉ារីស ត្រូវធ្វើដំណើរមកកាន់ទឹកដី ក្រុមបាសា វិញ នាកីឡាដ្ឋាន ខេមនូ (Camp Nou) កាលពីយប់ថ្ងៃពុធ។ ខ្សែប្រយុទ្ធអាស្សង់ទីន ចាវីយឺ ប៉ាស្តូ (Javier Pastore) បានរកគ្រាប់បាល់ឲ្យក្រុមបារាំងនាំមុខមុន នៅនាទី៥០ ប៉ុន្តែខ្សែប្រយុទ្ធអេស្ប៉ាញ ផិតដ្រូ (Pedro) ជាអ្នករកគ្រាប់បាល់ឲ្យក្រុមបាសា តាមបានស្មើមកវិញ នៅនាទី៧១។
ចំណែកឯការប្រកួតមួយគូរទៀត កីឡាករអន្តរជាតិក្រូអាត ម៉ារីអូ ម៉ែនស្ស៊ូគិក (Mario Mandzukic) រកគ្រាប់បាល់បាននៅនាទី៦៤ និងគ្រាប់បាល់របស់ខ្សែប្រយុទ្ធប៉េរូ ខ្លូតឌីយ៉ូ ពីស្ស៊ារ៉ូ (Claudio Pizarro) នៅម៉ោងបន្ថែម បានជួយឲ្យក្រុមអាឡឺម៉ង់ បាយឺន ម៉ូនិជ (Bayern Munich) បំបាក់ក្រុម ជូវីនទូស (Juventus) ២-០ ក្នុងការប្រកួតជើងទី២ នាទីក្រុង ថឺរីន (Turin) ប្រទេសអ៊ីតាលី។ សរុបការប្រកួតទាំង២ជើង បាយឺន ម៉ូនិជ យកឈ្នះ ជូវីនទូស ដោយលទ្ធផល ៤-០។
ក្រុមជើងឯកអាឡឺម៉ង់ថ្មីៗ បាយឺន ចង់ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាលើកទី៣ របស់ខ្លួន ក្នុងរយះពេល៤ឆ្នាំ។ ទោះជាយ៉ាងណា ក្រុមមួយនេះ តែងតែធ្លាក់នៅវគ្គផ្តាច់ព្រ័ត្រ ជាក់ស្តែងកាលពីរដូវកាលមុន ចាញ់ក្រុម ឆែលស៊ី (Chelsea) ដោយបាល់កាត់សេចក្តីប៉េណាល់ទីដែរ។ ប៉ុន្តែរដូវកាលនេះ ពួកគេប្តេជ្ញាថា នឹងយកជើងឯកឲ្យបាន ដោយមានការជឿជាក់ទៅលើទម្រង់លេងដ៏ល្អរបស់ពួកគេ។
ក្រុមបាសេឡូណា និងក្រុមបាយឺន ម៉ូនិជ បានទៅចូលរួមជាមួយនឹងក្រុម រៀលម៉ាឌ្រីដ (Real Madrid) និងក្រុម បូរ៉ាស្សៀ ដតម័ន (Borussia Dortmund) ក្នុងវគ្គ៤ក្រុមចុងក្រោយ ដែលមានក្រុមអេស្ប៉ាញ២ក្រុម និងក្រុមអាឡឺម៉ង់២ក្រុម។ ចំណែកឯការចាប់ឆ្នោតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅយប់ថ្ងៃសុក្រ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ