តើ​​អ្នក​ណា​ជា​អ្នក​«ផ្តើម»​គូស​វាស​បណ្តាញ​ផ្លូវ​ថ្នល់​ ឲ្យ​កម្ពុជា?

ប្រវត្តិសាស្ត្រប្រទេសកម្ពុជាទំនើប សម្រាប់ឆ្នាំសិក្សាមូលដ្ឋាន របស់លោកសាស្រ្តាចារ្យ វង់ សុធារ៉ា និងណុប សុខា ដែល​ជា សាស្រ្តាចារ្យផ្នែកប្រវត្តិសាស្រ្តកម្ពុជា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបង្ហាញថាបារាំង គឺជា​​«អ្នក​​ចាប់​​ផ្តើម»គូស​វាស ផ្លូវថ្នល់ជាតិក្រាលកៅស៊ូ និងបានបន្សល់ទុកជាកេរ្តិ៍ មកឲ្យខ្មែរ។ មិនតែប៉ុណ្ណោះ លោក ហង់រី ឡូការដ៍ (Henry Locard) ជា​សាស្រ្តាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ នៃអាណាព្យាបាលបារាំង ប្រចាំសាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក៏​បានអះអាង​បន្ថែម​​ទៀត​​ដែរ​ថា បារាំង គឺជាអ្នកយកចិត្តទុកដាក់ អភិវឌ្ឍន៍វិស័យគមនាគមន៍ផ្លូវគោក និង​ផ្លូវដែកនៅកម្ពុជា។
Loading...
  • ដោយ: កែវ សុផានី ដោយៈ កែវ សុផានី - ភ្នំពេញថ្ងៃទី១០ មេសា ឆ្នាំ២០១៣
  • កែប្រែចុងក្រោយ: December 11, 2013
  • ប្រធានបទ: ស្រាវជ្រាវ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប៉ុន្តែប្រសិនបើគេសិក្សាពីប្រវត្តិសាស្ត្រប្រទេសកម្ពុជា តាំងពីដើមរៀងមក អោយបានលំអិត នោះគេនឹង​យល់​ថា អាណា​ព្យាបាលបារាំង គ្រាន់តែបានសាងសង់បន្ថែម ឬបានកែលំអទៅលើអ្វី ដែលខ្មែរធ្លាប់បាន​ត្រួស​ត្រាយ​ខ្លួនឯង​រួចហើយ។ មនោរម្យព័ងអាំងហ្វូ សូមលើកការសិក្សាស្រាវជ្រាវ ពីឬសគលដើមនៃការគូសវាស ផ្លូវ​ថ្នល់​ក្នុងព្រះរាជា​ណាចក្រកម្ពុជានេះ មកបញ្ជាក់ជូនដូចខាងក្រោម។

កម្ពុជា ស្ថិតនៅចំកណ្តាលអាស៊ីអាគ្នេយ៍ដីគោក ដែលជាកន្លែងមួយដ៏មានសារៈសំខាន់។ តាមប្រវត្តិសាស្រ្ត ហ្វូណន (រដ្ឋ​ដែលកើតមុនកម្ពុជា) ជារដ្ឋមួយដ៏រីកចម្រើន ក្រោយពេលស្ដេចហ្វាន់ ចេម៉ាន់ ឡើងសោយ​រាជ្យ​ក្នុងសតវត្ស៍ទី ៣។ ក្នុងរាជ​របស់ព្រះអង្គ មានរដ្ឋជាច្រើននៅតាមឈូងសមុទ្រថៃ ស្ថិតនៅជារដ្ឋ​ចំណុះរបស់​ហ្វូណន ដែលជាហេតុធ្វើ​ឲ្យ​ហ្វូណន មាន​ភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្ម ជាមួយប្រទេសភាគ​ខាង​លិច ដូចជាឥណ្ឌា និងរ៉ូមជាដើម។ ដូច្នេះគេអាចចាត់ទុក​ហ្វូណន ជារដ្ឋពាណិជ្ជកម្មសំខាន់បំផុតនៅក្នុង សម័យ​នោះ ព្រោះមានកោះជាច្រើនដូចជា កោះជ្វា និងកោះស៊ូម៉ាត្រា បាន​នាំយកសួយសារអាករ ជាមាស កំណាត់​សំពត់ ដែក ខ្យងធំ និងគ្រឿងទេសផ្សេងៗ ទៀតទៅថ្វាយស្ដេចហ្វូណន។

នៅក្នុងយុគសម័យអង្គរដ៏រុងរឿង ស្ដេចខ្មែរ បានកសាងផ្លូវថ្នល់ជាច្រើនខ្សែ ដែលតភ្ជាប់ពីអង្គរ ទៅកាន់​តំបន់​ផ្សេងៗ នៃ​ព្រះរាជាណាចក្រ ដើម្បីសម្រួលដល់កិច្ចការនយោបាយ ចម្បាំង សេដ្ឋកិច្ច។ល។ ក្នុងរាជព្រះបាទ​ជ័យវរ្ម័នទី ៧ មានរដ្ឋជា​ច្រើន បានស្ថិតនៅក្រោមចំណុះរបស់ព្រះអង្គ រហូតដល់សមុទ្រចិនខាងត្បូង និង​មហា​សមុទ្រឥណ្ឌា។ ជីវតាក្វាន់ បាន​កត់​ត្រាថា ចិនភាគច្រើនបានមករកស៊ីនៅ អង្គរ ហើយ«អង្គរ»បាននាំចេញ​ផលិតផលជាច្រើន ទៅ​ចិនវិញ។

គេបានរកឃើញ ពីផ្លូវលំមួយ ចេញពីអង្គរទៅកាន់ ប្រាសាទបន្ទាយស្រី ដែលផ្លូវបូរាណបន្សល់ពីសម័យអង្គរ។ (រូបថត wikimedia.org)

គេច្រើនតែយល់ថា ប្រទេសកម្ពុជាសម័យក្រោយអង្គរ គឺជាយុគងងឹត ឬជាសម័យចុះអន់ថយ។ ប៉ុន្តែអ្នក​ប្រវត្តិ​សាស្រ្ត​ បាន​រកឃើញថា បើគេមិនសំលឹងមើល តែទៅលើបរិបទនយោបាយនោះ គេនឹងយល់ថា សម័យ​ក្រោយអង្គរ គឺជា​សម័យមួយ​ស្ថិតនៅតំណាលគ្នា នឹង«យុគសម័យពាណិជ្ជកម្ម» របស់តំបន់អាស៊ីអាគ្នេយ៍។ ដូច្នេះអាច​បង្ហាញ​បានថា វិស័យពាណិជ្ជកម្ម នៃប្រទេសកម្ពុជានៅសម័យក្រោយអង្គរ មិនបានស្ថិតនៅ​ក្នុង​សភាពអន់ថយឡើយ ព្រោះកម្ពុជា​មាន ទន្លេមេគង្គ ជាផ្លូវ​គមនាគមន៍ដ៏សំខាន់ៗ សម្រាប់វិស័យ​ពាណិជ្ជកម្មនាំ​ចេញ និងនាំចូលផលិតផលផ្សេងៗ ទៅ​មកបរទេសបាន។

ពាណិជ្ជករអឺរ៉ុប ដែលបានមកស្គាល់ប្រទេសកម្ពុជាដំបូង បានហៅទន្លេមេគង្គក្រោមថា ជាទន្លេជប៉ុន ព្រោះ​គេ​ប្រទះ​ឃើញ មានភូមិជប៉ុនមួយនៅភ្នំពេញ និងមួយទៀតនៅក្នុងស្រុកពញាឮ ខេត្តកណ្តាល។ មិនតែប៉ុណ្ណោះ គេហៅទន្លេ​មេគង្គលើថា ជាទន្លេលាវ ព្រោះគេអាចធ្វើដំណើរទៅដល់ ប្រទេសលាវបានតាមទន្លេដ៏ធំ​មួយ​នេះ។ ការបង្ហាញខាង​លើនេះ អាចបញ្ជាក់​បានទៀតថា កម្ពុជាគឺជាមណ្ឌលពាណិជ្ជកម្មដ៏សំខាន់មួយ ដែលផ្សារភ្ជាប់​ទំនាក់ទំនងរវាងលាវ នឹងអាស៊ីខាងកើត​មាន​ប្រទេសជប៉ុនជាដើម។

នៅចុងសតវត្ស៍ទី ១៧ តំបន់ទន្លេមេគង្គក្រោម បានធ្លាក់ជា«រដ្ឋចំណុះ» របស់រាជវង្សង្វៀនរបស់យួន ដែល​ជា​ហេតុ​ធ្វើឲ្យ​ស្ដេចខ្មែរ ត្រូវស្វែងរកផ្លូវទឹកថ្មី ដើម្បីកសាងកំពង់ផែមួយទៀត នៅពាមបន្ទាយមាស ក្នុងតំបន់​ហាទៀង​សព្វថ្ងៃ ហើយបាន​រាប់អានគ្នាយ៉ាងជិតស្និទ្ធ ជាមួយគ្រួសារចិនមួយ ត្រកូល ម៉ាក។

ម្យ៉ាងទៀតនៅពាក់កណ្តាលសតវត្ស៍ទី ១៩ សៀមនិងយួន តែងតែច្បាំងគ្នាជាញឹកញាប់នៅលើទឹកដីខ្មែរ ដើម្បី​ដណ្ដើម​យកដី និងផ្លូវសមុទ្ររបស់ខ្មែរ។ ប៉ុន្តែក្រោយពេលព្រះបាទ អង្គឌួង ឡើងសោយរាជ្យ ព្រះអង្គបាន​រៀបចំ​ប្រទេសខ្មែរ​ឡើង​វិញ។ ព្រះរាជវាំងរបស់ព្រះអង្គ ស្ថិតនៅក្រុងឧដុង្គត្រង់តំបន់ វត្តវាំងចាស់ ភូមិឃ្លាំងប្រាំ​សព្វថ្ងៃ។ ព្រះរាជវាំងរបស់​ព្រះអង្គ​ឌួង ស្ថិតនៅចំណុចប្រសព្វរវាងផ្លូវទៅ កំពត ផ្លូវទៅពោធិសាត់ និងផ្លូវទៅ​កំពង់ហ្លួង ដែល​ជាកំពង់ផែរបស់រាជធានីឧដុង្គ។

លោក ហង់រី ហូហួត (Henry Hohout) លោក ប៊ួយលឺវូ (Bouillevaux) និងលោក បាវី (Pavie) បានសរសេរ​ថា ព្រះបាទ​អង្គឌួង បានកសាងផ្លូវទៅកំពត ដោយមានសង់សាលាដំណាក់ជាច្រើន ប្រហែលជា២០គមមួយ ដើម្បី​សម្រួល​ដល់ការ​ធ្វើរដំណើរទៅមក។ ឯផ្លូវថ្នល់ទៅកំពង់ហ្លួងវិញ ព្រះអង្គបានកសាងវាឡើង ជាកំពែង​យ៉ាង​រឹងមាំ ដើម្បីការពារទឹកជំនន់ នៅរដូវវស្សា។

ពេលប្រទេសកម្ពុជា ស្ថិតនៅក្រោមសម័យអាណាព្យាបាល បារាំងចូលចិត្តធ្វើដំណើរតាមផ្លូវទឹក រហូតដល់​មាន​ការ​កសាង​កំពង់ផែថ្មីមួយទៀត នៅព្រៃនគរ (សាយហ្គន ឬហូជីម៉ិញសព្វថ្ងៃ) ដើម្បីធ្វើជាកំពង់ផែអន្តរជាតិ ដើម្បីនាំ​ចេញ​ស្រូវអង្ករ ទៅបរទេស។

ក្រោយពេលបារាំង នាំយកយានជំនិះ មកប្រើប្រាស់នៅក្នុងស្រុកខ្មែរ ទើបបារាំងចាប់ផ្តើមគូសវាស ប្រព័ន្ធ​ផ្លូវ​ថ្នល់ ដែល​ជាផ្លូវចាស់របស់ព្រះបាទអង្គឌួង ឲ្យទៅជាផ្លូវអាណានិគមរបស់ខ្លួន ហើយផ្លូវទាំងនោះ បានក្លាយ​ជាផ្លូវជាតិ​រហូតដល់​សព្វថ្ងៃ។ ផ្លូវទាំងនោះមានដូចជា ផ្លូវជាតិលេខ ១ ពីភ្នំពេញ ទៅស្វាយរៀងដល់ច្រក​ព្រំដែន​បាវិត ផ្លូវជាតិ​លេខ ២ ពីភ្នំពេញ​ទៅតាកែវ ដល់ច្រកព្រំដែនភ្នំឌិន ផ្លូវជាតិលេខ៣ ពីភ្នំពេញទៅកំពត ផ្លូវជាតិ​លេខ៥ ពីភ្នំពេញទៅ​ដល់បាត់ដំបង ប៉ោយប៉ែត ផ្លូវជាតិលេខ ៦ពីភ្នំពេញទៅកំពង់ធំ សៀមរាប ដល់សេរី​សោភ័ណ្ឌ ផ្លូវជាតិលេខ ៧ ពីស្គន់ ដល់មេមត់ ស្នួល ផ្លូវ ជាតិលេខ ១៣ ពីស្នួលទៅក្រចេះ ស្ទឹងត្រែងដល់​ច្រក​ដុំក្រឡ ផ្លូវជាតិលេខ ១៥ ភ្ជាប់ពីផ្លូវជាតិ​លេខ ១ ទៅផ្លូវជាតិលេខ ៧ ដោយ​ឆ្លង​កាត់ទីរួមខេត្តព្រៃវែង ស្រុក​អូររាំងឪ និងផ្លូវជាតិលេខ ១០ ភ្ជាប់ពីខេត្ត​បាត់ដំបង​ទៅកាន់ខេត្តប៉ៃលិន។ ក្រៅពីនេះ នៅមាន​ផ្លូវតភ្ជាប់ ពី​ទីរួមខេត្ត ទៅកាន់ទីប្រជុំជន ស្រុក និងជនបទ​សំខាន់ៗ នៅ​ទូទាំងប្រទេស ព្រមទាំងមានផ្លូវដែក ២ខ្សែទៀត​ដែរ។

សរុបមកឃើញថា ទោះជានៅក្នុងមូលហេតុ សេដ្ឋកិច្ច ពាណិជ្ជកម្ម ឬនយោបាយក្ដី ផ្លូវថ្នល់សម្រាប់​ធ្វើ​ចរាចរណ៍ ត្រូវ​បាន​ខ្មែរខ្លួនឯងគូសវាសរួចហើយ ហើយបារាំងមិនមែនជា«អ្នកចាប់ផ្តើម»គូសវាស បណ្តាញ​ផ្លូវថ្នល់ឲ្យខ្មែរទេ។

ប៉ុន្តែបារាំងជាអ្នកយកចិត្តទុកដាក់ អភិវឌ្ឍន៍វិស័យគមនាគមន៍ផ្លូវគោក និងផ្លូវដែកនៅកម្ពុជា ព្រោះប្រព័ន្ធ​គមនាគមន៍​​ទាំងនោះ គឺជាយុទ្ធសាស្រ្តនយោបាយដ៏សំខាន់មួយ ដើម្បីពង្រឹងការគ្រប់គ្រងរដ្ឋបាល សន្តិសុខ និង​ដើម្បី​បង្កើនការបូម​ប្រមូលយក ផលប្រយោជន៍សេដ្ឋកិច្ចពីផ្នែកផ្សេងៗ នៅក្នុងប្រទេសកម្ពុជា។ បារាំង​គ្រាន់​តែ​ជា​អ្នក​រៀបចំកែលម្អ សារជាថ្មី​ប៉ុណ្ណោះ ព្រោះផ្លូវថ្នល់ទាំងនោះ គឺជាកេរ្តិ៍ របស់បុព្វបុរសខ្មែរ និង​ព្រះ​មហា​ក្សត្រ​ខ្មែរ ជាពិសេសរបស់ព្រះបាទអង្គឌួង។

ហើយតាមរយៈការរៀបរាប់ខាងលើ ក៏បានបង្ហាញឲ្យឃើញដែរ ថាទឹកដីខ្មែរ ជាតំបន់ពាណិជ្ជកម្មដ៏ពិសេស​មួយ ក្នុង​​អាស៊ី ទាំងផ្លូវគោក និងផ្លូវទឹក។ ប្រសិនបើគ្មានសង្គ្រាមទេ ខ្មែរប្រាកដជារីកចម្រើនយ៉ាងខ្លាំង ក្នុង​ពេល​បច្ចុប្បន្ន​នេះ​មិនខាន៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...