មាជ សុវណ្ណារ៉ា បដិសេធ​​ពាក្យ​ចចាម​អារាម នៃ​ការ​ប៉ង​ធ្វើ​ឃាត

គ្រោះថ្នាក់ចរាចរមួយ ដែលបានបង្កឡើង រវាងរថយន្តពលរដ្ឋ និងរថយន្តសកម្មជន គណបក្សប្រឆាំងនោះ ជា​រឿង​ឧប្បត្តិហេតុ មិនមែនជាករណីប៉ង ធ្វើឃាតកម្មឡើយ។ នេះបើតាមការអះអាង របស់លោក មាជ សុវណ្ណារ៉ា នាព្រឹកនេះ។
មាជ សុវណ្ណារ៉ា បដិសេធ​​ពាក្យ​ចចាម​អារាម នៃ​ការ​ប៉ង​ធ្វើ​ឃាត
គ្រោះថ្នាក់ចរាចរណ៍ ទៅលើលោក មាជ សុវណ្ណារ៉ា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥។ (រូបថត monoROOM.info/ H. Vuthy)
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី១២ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 12, 2015
  • ប្រធានបទ: គ្រោះចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សកម្មជនគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នាព្រឹកថ្ងៃទី១២ ខែមុថុនា នេះថា លោកបានជួប នូវគ្រោះថ្នាក់ចរាចរណ៍នេះ ជារឿងចៃដន្យប៉ុណ្ណោះ មិនមែនជាគម្រោងការ ឬ​ផែនការអ្វីឡើយ។ លោកបាននិយាយ ពាក់ព័ន្ធនឹងម្ចាស់រថយន្ដ ដែលបង្កគ្រោះថ្នាក់ ហើយបានគេច​ខ្លួនបាត់​នោះ យ៉ាងដូច្នេះថា៖ «ធម្មតាទេ ម្ចាស់គ្នាបុក រត់សិនហើយ ខ្លាចក្រែងលោគេវាយគេអី។ នៅខ្មែរយើង អញ្ចឹង។»

យ៉ាងណា លោកមិនបានធ្វើការចាប់ថ្នាក់ ឬយកកំហុស លើម្ចាស់រថយន្ត ដែលបានបង្កគ្រោះថ្នាក់នោះឡើយ។ ព្រោះលោកយល់ថា នេះជាអចេតនា ក្នុងការធ្វើចរាចរណ៍ប៉ុណ្ណោះ។ លោកថែមទាំងបញ្ជាក់ទៀតថា៖ «ជា​អចេតនា​ទេ គ្នាវ៉ាឡានធំ មកវ៉ាក់អើជាមួយយើង ដូចលេងបិទពួនអញ្ចឹង។»

លោកនៅតែអះអាងថា នេះមិនអាចជាករណី ក្នុងការប៉ងធ្វើឃាតឡើយ។ លោកបន្តថា ទ្រង់ទ្រាយនៃការប៉ង​ធ្វើ​ឃាតនោះ គេនឹងរៀបចំឲ្យមានលក្ខណៈ ម៉ត់ចត់បំផុត។ លោកបញ្ជាក់ទៀតថា៖ «បើសិនជាប៉ុនប៉ង ប៉ងធ្វើឃាត​អីនោះ គេមិនដែលបុកអ៊ីចឹងទេ គេបុកពីក្រោយ និងរកឡានចាស់ រកឡានណាដែលរឹង។»

ការថ្លែងបដិសេធ របស់សកម្មជនសម្ដីបាន របស់គណបក្សសង្គ្រោះជាតិរូបនេះ បានធ្វើឡើងទន្ទឹមនឹងការ​ផ្សាយ នូវ​ពាក្យចចាមអារាម យ៉ាងសន្ធឹកសន្ធាប់ នៅក្នុងបណ្ដាញសង្គម។ ក្រុមមនុស្សមួយចំនួន ដែលមាន​និន្នាការ​ប្រឆាំង​​រដ្ឋាភិបាល បានទាញយក«គ្រោះថ្នាក់ចរាចរ» របស់លោក មាជ សុវណ្ណារ៉ា នេះ ភ្ជាប់ទៅនឹងករណី ដែល​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បបួលលោកសម រង្ស៊ី «ស្បថឲ្យរន្ទៈបាញ់» នៅមុខព្រះអង្គដងកើ ដើម្បី​ឲ្យ​ស្លាប់ មួយ​«ពូជគណបក្ស»។

ចំណែកឯក្រុមអ្នកស្និត នឹងរដ្ឋាភិបាលវិញ បានយកហេតុការណ៍នេះ មកធ្វើអត្ថាធិប្បាយ យ៉ាងចម្រុះផ្សេងៗគ្នា ដូចជាថា មិនទាន់ស្បថផង គណបក្សសង្គ្រោះជាតិ ឲ្យហេតុមានគ្រោះ ទៅហើយនោះជាដើម។

សូមរំលឹកថា គ្រោះថ្នាក់ចរាចរណ៍ ដ៏អកុសល ទៅលើលោក មាជ សុវណ្ណារ៉ា កាលពីថ្ងៃទី១១ ខែមិថុនា ម្សិលម៉ិញ​នេះ បានកើតឡើង នៅត្រង់ចំណុច ភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ លើបណ្តោយផ្លូវ​ជាតិលេខប្រាំ។ លោក មាជ សុវណ្ណារ៉ា សកម្មជនគណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ បានរួមដំណើរ ជាមួយភរិយាលោក និងមនុស្សពីរនាក់ផ្សេងទៀត ដោយធ្វើដំណើរពីរាជធានីភ្នំពេញ ទៅខេត្តបន្ទាយមានជ័យ។

ក្នុងទិសដៅបញ្ច្រាសទិសគ្នា រថយន្តម៉ាក Lexus RX330 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខសៀមរាប 2A-8290 ក្នុង​ទិសដៅមកភ្នំពេញ បានបើកវ៉ា ឬជែងឡានផ្សេងទៀត ក្នុងទិដៅស្របគ្នា ដោយវ៉ាមិនផុត ម្ចាស់រថយន្តនោះ ក៏​បាន​បន្ថែមល្បឿន ហើយក៏ជ្រុលទៅបុករថយន្តម៉ាក Landcruiser470 ពណ៌ស្ករ ពាក់ស្លាកលេខបន្ទាយមានជ័យ 2A-5531 របស់សកម្មជនគណបក្សសង្គ្រោះជាតិ យ៉ាងពេញទំហឹង។

លោក មាជ សុវណ្ណារ៉ា ត្រូវរបួស ដេរចំនួនប្រាំពីរថ្នេរ នៅត្រង់មុខ ឯភរិយារបស់លោក រងរបួសរហូតសន្លប់នោះ បច្ចុប្បន្នកំពុងមានអាការៈ ថប់ៗដង្ហើម។ ឯអ្នកបើកបរ នឹងអ្នករួមដំណើរម្នាក់ទៀត របួសស្រាល។ ពួកគាត់​កំពុង​សម្រាកក្នុងបន្ទីពេទ្យមួយ ក្នុងខេត្តបាត់ដំបង។

មកទល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់ ពីតុល្យភាពនៃគ្រោះថ្នាក់នោះ យ៉ាងណានៅឡើយ។ តែតាមការ​អះ​អាង​បថម របស់សមត្ថកិច្ចជំនាញ បានអះអាងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កឡើងដោយរថយន្តម៉ាក Lexus RX330 ក្នុងទិសដៅបញ្ច្រាសគ្នា ដោយបានបើកចូលគន្លងផ្លូវ របស់រថយន្តម៉ាក Landcruiser 470 និង​ជ្រុលទៅបុកតែម្តង ។ រថយន្តទាំង២គ្រឿង ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ខេត្ត​ពោធិ៍សាត់ ដើម្បីដោះស្រាយ តាមនីតិវិធីនៃច្បាប់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...