អង្គការសិទ្ធិមនុស្ស ថាកម្ពុជាមានអ្នកទោសនយោបាយ២៩នាក់ ក្នុង១២ខែចុងក្រោយ
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៧ ឧសភា ២០១៦
- កែប្រែចុងក្រោយ: May 17, 2016
- ប្រធានបទ: នយោបាយ-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅក្នុងរយៈពេល១២ខែចុងក្រោយនេះ កម្ពុជាមានអ្នកទោសនយោបាយ២៩នាក់។ តួលេខបានកើនឡើង យ៉ាងឆាប់រហ័ស និងជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥ ដោយអាជ្ញាធររដ្ឋាភិបាល បានចាប់ឃាត់ខ្លួនមនុស្ស ១១នាក់ និងឡើងមកដល់២១នាក់ នៅត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥។ តួលេខបានបន្តឡើងឥតឈប់ រហូតមកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ នេះ ដែលតួលេខចុងក្រោយ នៃមនុស្សឃាត់ខ្លួន បានឡើងដល់២៩នាក់។ នេះបើតាមទំព័រថ្មីមួយ ដែលអង្គការការពារសិទ្ធិមនុស្ស ទើបនឹងបង្កើត និងបង្ហោះក្នុងថ្ងៃទី១៧ ខែឧសភានេះ។
ទំព័រមានទម្រង់ «Background» ជាពណ៌ខ្មៅសឹងតែទាំងស្រុងនោះ បានសរសេរបញ្ជាក់ថា ចំណាត់ថ្នាក់ដែលដាក់មនុស្សទាំងនេះ ទៅក្នុងបញ្ជីអ្នកទោសនយោបាយ ដោយយោងតាម ការស៊ើបអង្កេតផ្ទាល់ របស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ ខ្លួនឯង។ ទំព័រនោះ បានសរសរថា៖ «ចាប់តាំងពីខែឧសភា ឆ្នាំ២០១៥ ការបំភិតបំភ័យរបស់រាជរដ្ឋាភិបាល មកលើអ្នករិះគន់ គឺមានលក្ខណៈកាន់តែធ្ងន់ធ្ងរឡើងៗ ហើយចំនួនអ្នកទោសនយោបាយ ដែលបានជាប់ពន្ធនាគារ នៅក្នុងប្រទេសកម្ពុជា កាន់តែមានការកើនឡើងយ៉ាងខ្លាំង នៅពេលដែលអាជ្ញាធរ កាន់តែប្រើប្រាស់ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ ដើម្បីបំបិទសំលេងមតិរិះគន់»។
គេអាចចូលទៅមើលភាពលំអិត នៃករណីនីមួយៗ របស់មនុស្សទាំង២៩នាក់ ដែលអង្គការនេះ ចាត់ជាអ្នកទោសនយោបាយ។ ក្នុងចំណោមអ្នកទាំងអស់នោះ មនុស្សមួយចំនួន គឺជាអ្នកធ្វើយុទ្ធនាការផ្នែកបរិស្ថាន ព្រះសង្ឃ សិស្សនិស្សិត សកម្មជន សមាជិករដ្ឋសភា និងព្រឹទ្ធសភាមកពីគណបក្សជំទាស់ និងអ្នកធ្វើការងារផ្នែកសិទិ្ធមនុស្ស។ ទំព័របានបន្តបញ្ជាក់ទៀតថា៖ «អ្នកទាំងអស់នោះ ត្រូវបានគេឃុំ ដោយផ្អែកលើបទល្មើសព្រហ្មទណ្ឌ ជាច្រើនខុសៗគ្នា ប៉ុន្តែជារួម ការជាប់ឃុំរបស់អ្នកទាំងនោះ បង្ហាញពីការរឹតបន្តឹង លើផ្នែកនយោបាយកាន់តែខ្លាំងឡើងៗ ក្នុងប្រទេសកម្ពុជា»។
តែសម្រាប់លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី ការបង្ហោះទំព័ររបស់អង្គការលីកាដូ ដែលចាត់មនុស្សទាំងនេះ ចូលទៅក្នុងបញ្ជីអ្នកទោសនយោបាយ ជាផែនការអាក្រក់មួយ ដែលរដ្ឋាភិបាលកម្ពុជា មិនអាចទទួលយកបាន និងជាការចោទប្រកាន់ ដោយគ្មានមូលដ្ឋានគ្រឹះ។ ស្រង់សំដីដោយសារព័ត៌មានដើមអំពិល មន្ត្រីរដ្ឋាភិបាលរូបនេះ បានឲ្យដឹងថា៖ «យើងឃើញអ្នក ដែលពាក់មួកជាអ្នកនយោបាយនោះ ទទួលបានវិធានការតាមផ្លូវច្បាប់ អាស្រ័យគេរំលោភលើច្បាប់នេះឯង»។
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏ធ្លាប់ថ្លែងជារឿយៗដែរថា នៅកម្ពុជា គ្មានអ្នកជាប់គុកនយោបាយទេ តែមាន«អ្នកនយោបាយជាប់គុក»៕
» ខាងក្រោមនេះ ជាការបង្ហាញជូន នូវទំព័រ«អ្នកទោសនយោបាយ» របស់អង្គការលីកាដូ៖