ហ៊ុន សែន-សម រង្ស៊ី ឈ្លោះគ្នា បែរជាប់បណ្តឹង ហោ ណាំហុង?
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី១៦ វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 18, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តាមច្បាប់ បុគ្គលណាប្រព្រឹត្តិខុស បុគ្គលនោះត្រូវទទួលទោស។ រីឯបុគ្គលរងគ្រោះ គឺជាអ្នកប្តឹង ហើយប្តឹងក្នុងសាច់រឿង ដែលមានជម្លោះទៀត។ តែនេះ លោក សម រង្ស៊ី វាយត្រូវលោក ហ៊ុន សែន ដែលប្រកាសថា លោកជារងគ្រោះនោះ... ស្រាប់តែបែរជាលោក ហោ ណាំហុង ជាអ្នករើករណីបណ្ដឹង ដាក់លោក សម រង្ស៊ី ទៅវិញ។ តើរឿងពិត ជាអ្វី? សូមអាន និងទស្សនា ពីការលើកឡើង របស់មតិមួយចំនួន ដូចខាងក្រោម៖
ក្នុងកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន កាលពីថ្ងៃទី១៥ ខែវិច្ឆកា ម្សិលម៉ិញនេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងមិនអាចអនុគ្រោះ ឲ្យលោក សម រង្ស៊ី បានទៀតឡើយ ព្រោះតែមិនគោរពតាមកិច្ចព្រមព្រៀង និងគោរព តាមវប្បធម៌សន្ទនានោះ។
លោកបន្តថា ជាញ៉យដង លោក សម រង្ស៊ី តែងតែធ្វើការសុំ ទោស លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នូវកំហុសឆ្គងនានា ហើយលោក ហ៊ុន សែន ក៏តែងតែអនុគ្រោះឲ្យរហូតមក។ លោកបន្តថា មកទល់ពេលនេះ ការមិនគោរព«សំដី» របស់លោក សម រង្ស៊ី លោក ហ៊ុន សែន និងមិនអត់អោនឲ្យឡើយ។ លោក បន្តថា ដូចនេះ លោក សម រង្ស៊ី ត្រូវទទួលទោស តាមការចោទប្រកាន់ របស់តុលាការ។
សូមស្តាប់ការបកស្រាយទាំងស្រុងរបស់លោក សុខ ឥសាន ដូចខាងក្រោម៖
លោក គី វណ្ណារ៉ា តំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ឆ្នាំង មកពីគណបក្សសង្គ្រោះជាតិ បានលើកឡើងថា បើទោះជាមានដីកាចាប់ខ្លួន លោក សម រង្ស៊ី ដែលមើលទៅ មិនស្របនឹងទិដ្ឋភាពច្បាប់ក៏ដោយ ក៏គណបក្សទាំងពីរ នៅតែអនុវត្តតាមវប្បធម៌សន្ទនាដែរ។ យ៉ាងណា លោកបានសម្ដែងការហួសចិត្ត ទៅលើមតិដែលហាមមិនឲ្យភាគី នៃវប្បធម៌សន្ទនា និយាយស្តីអ្វីសោះ ហើយទុកឲ្យខ្លួននិយាយតែម្នាក់ឯង ទើបចាត់ទុកថា គោរពឬរក្សាបាន នូវប្បធម៌សន្ទនា។ លោក គី វណ្ណារ៉ា បានថ្លែងឡើងថា៖ «ពេលប្រើប្រាស់វប្បធម៌សន្ទនា គាត់មានទស្សនៈថា រក្សាវប្បធម៌សន្ទនា អ្នកឯងកុំនិយាយ ទុកឲ្យខ្ញុំធ្វើអ្វី ស្រេចតែចិត្តខ្ញុំ អ្នកឯងកុំនិយាយទៅ អាហ្នឹងរក្សាបានវប្បធម៌សន្ទនាហើយ។»
សូមស្តាប់ការបកស្រាយទាំងស្រុងរបស់លោក គី វណ្ណារ៉ា ដូចខាងក្រោម៖
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្ដិភាពលោក យ៉ង់ គឹមអេង នយោបាយខ្មែរ បានចាត់ទុកគ្នាជាសត្រូវ។ តើហេតុអ្វីបានជាតុលាការ ចេះតែចេញដីកាកើត? បើព្រះមហាក្សត្របានលើកលែងទោសទាំងស្រុង ដែលមានន័យថា ជាបុគ្គលគ្មានទោស នោះទើប គ.ជ.ប និងរដ្ឋសភាអាចទទួល និងបញ្ចូលជាសមាជិករដ្ឋសភាបាន។ ចុះឥឡូវបែរជាមានទោស ក្រោមបទចោទតាំងពីឆ្នាំ២០០៨ ដែលលោកបានក្លាយ ជាតំណាងរាស្រ្ត ក្នុងឆ្នាំ២០១៤នោះ។ យ៉ាងណាការចោទប្រកាន់ លោក សម រង្ស៊ី ដោយតុលាការ និងរដ្ឋាភិបាលនេះ មន្រ្តីអង្គការសង្គមស៊ីវិលរូបនេះ នៅតែចាត់ទុកថា វាជារឿងនយោបាយ កើតចេញពីនយោបាយ នៃភាពចង់ឈ្នះចង់ចាញ់រៀងៗខ្លួន។
សូមស្តាប់ការបកស្រាយទាំងស្រុងរបស់លោក យ៉ង់ គឹមអេង ដូចខាងក្រោម៖
តាមមតិពលរដ្ឋម្នាក់ បានបង្ហាញនូវចម្ងល់របស់ខ្លួនថា ជម្លោះរវាងបុគ្គលពីរនាក់ លោក ហ៊ុន សែន និងលោក សម រង្ស៊ី។ ដូច្នេះបើ លោក ហ៊ុន សែន មិនសុខចិត្តដោយចង់ឈ្នះ ឬចង់ចាប់លោក សម រង្ស៊ី ដាក់គុក ព្រោះតែមិនគោរពកិច្ចព្រមព្រៀង មិនគោរពវប្បធម៌សន្ទនា ឬមិនគោរពលោកជានាយករដ្ឋមន្រ្តី គួណាស់ លោក ហ៊ុន សែន ជាអ្នកប្តឹង ឬជាដើមបណ្តឹង ក្នុងរឿងដែលខ្លួនមិនសុខចិត្តនេះឯង។
ពលរដ្ឋម្នាក់ ដែលកំពុងអង្គុយអានសារព័ត៌មាន លោកបានលើកឡើង ដោយសុំមិនបញ្ចេញឈ្មោះថា៖ «ការពិតទៅជម្លោះកើតឡើង តែរវាងបុគ្គល និងបុគ្គល។ រវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី។ រវាងការមិនគោរពកិច្ចព្រមព្រៀង និងវប្បធម៌សន្ទនាជាដើម ចុះហេតុអ្វី បែរជាមានបណ្តឹង ដោយលោក ហោ ណាំហុង រឿងបរិហារកេរ្តិ៍ណាទៅវិញ។ (...) ឯរឿង ហោ ណាំហុង នេះទៀតសោធ បានចប់តាំងពី៨ឆ្នាំមុនឯណោះ។ វាជារឿងមជ្ឈឹម តាមច្បាប់ បានផុតរលុត ក្នុងអំឡុងពេលប្រាំឆ្នាំ បើគ្មានការស្នើឲ្យអនុវត្តទោស ដោយភាគីនោះទេ។»៕