មន្រ្តី​សិទ្ធិ​មនុស្ស​បារម្ភ​ ពី​ជំហរ​«កន្លែង​១​បាតុកម្ម​២»​របស់ ហ៊ុន សែន

ទន្ទឹមនឹងសម្តែងការសាទរ ចំពោះការអនុញ្ញាតឲ្យមានការធ្វើបាតុកម្មឡើងវិញ ដោយលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន នោះ ក្រុមមន្រ្តីសិទ្ធិមនុស្ស ក៏បានសម្តែងការព្រួយបារម្ភចំពោះការលើកឡើងរបស់លោក ហ៊ុន សែន ដែល​ព្រមានថា បាតុកម្មប្រឆាំង និងបាតុកម្មគាំទ្រ អាចនឹងធ្វើឡើងព្រមគ្នា។ ក្រុមមន្រ្តីសិទ្ធិមនុស្ស បានសម្តែងការ​ព្រួយ​បារម្ភ អំពីលទ្ធភាពនៃការផ្ទុះអំពើហិង្សា ប្រសិនបើបាតុកម្មប្រភេទនោះ កើតឡើង ហើយក៏បានទទូចដល់​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវប្រកាន់ជំហរឯករាជ្យ ក្នុងការគ្រប់គ្រងបាតុកម្មពីគ្រប់ភាគី។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: February 26, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទន្ទឹមនឹងសម្តែងការសាទរ ចំពោះការអនុញ្ញាតឲ្យមានការធ្វើបាតុកម្មឡើងវិញ ដោយលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន នោះ ក្រុមមន្រ្តីសិទ្ធិមនុស្ស ក៏បានសម្តែងការព្រួយបារម្ភចំពោះការលើកឡើងរបស់លោក ហ៊ុន សែន ដែល​ព្រមានថា បាតុកម្មប្រឆាំង និងបាតុកម្មគាំទ្រ អាចនឹងធ្វើឡើងព្រមគ្នា។ ក្រុមមន្រ្តីសិទ្ធិមនុស្ស បានសម្តែងការ​ព្រួយ​បារម្ភ អំពីលទ្ធភាពនៃការផ្ទុះអំពើហិង្សា ប្រសិនបើបាតុកម្មប្រភេទនោះ កើតឡើង ហើយក៏បានទទូចដល់​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវប្រកាន់ជំហរឯករាជ្យ ក្នុងការគ្រប់គ្រងបាតុកម្មពីគ្រប់ភាគី។


នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន។ (រូបថត ហ្វេសប៊ុក)

នយោបាយកម្ពុជា - ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ បានអត្ថាធិប្បាយប្រាប់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ នៅថ្ងៃទី២៦ កុម្ភៈ នេះថា ប្រសិនបើគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សគ្រប់គ្រងអំណាច ឬអ្នកគាំទ្រ មានឆន្ទៈធ្វើ​បាតុកម្ម​មែននោះ គឺជាការល្អ ព្រោះបានបង្ហាញពីការរីកចម្រើនលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តែគេគួរប្រុងប្រយ័ត្ន ចំពោះការប្រឈមមុខគ្នា រវាងបាតុកម្មពីរ ដែលមានឆន្ទៈផ្ទុយគ្នា។

លោក អ៊ូ វីរៈ បញ្ជាក់ថា៖ «ខ្ញុំព្រួយបារម្ភ ចំពោះបាតុកម្មតែមួយ ហើយកន្លែងតែមួយ។ បើបក្សកាន់អំណាចចង់​ធ្វើ​បាតុកម្មគឺ ជារឿងល្អ។ តែចាត់ចែងយ៉ាងមិចកុំឲ្យមានការប៉ះទង្គិចគ្នា។ ខ្ញុំគាំទ្ររាល់គ្រប់បាតុកម្ម ដែលជាសិទ្ធិរបស់​ពលរដ្ឋមានចែងក្នុងច្បាប់ តែខ្ញុំមិនគាំទ្របាតុកម្ម ដែលមានលក្ខណៈ លាភពណ៌ដាក់គ្នា។»

ការអត្ថាធិប្បាយ របស់ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ នៅពេលនេះគឺបន្ទាប់ពី នាយករដ្ឋមន្រ្តី​នៃរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ក្នុងពិធីមួយនៅខេត្តព្រះសីហនុ ថ្ងៃទី២៥ ខែកុម្ភៈ បាន​សម្រេចប្រកាសដកបម្រាមមិនឲ្យប្រជាពលរដ្ឋជួបជុំតវ៉ានៅទីសាធារណៈ ពោល គឺអនុញ្ញាតឲ្យមានការ​ធ្វើ​បាតុកម្ម​ឡើងវិញ។

តែលោក ហ៊ុន សែន បានបញ្ជាក់បែបព្រមានថា៖ «ផ្ដាំទៅអាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យហើយ បើក្រុមប្រឆាំង​មានសិទ្ធិ​បាតុកម្ម ក្រុមអ្នកគាំទ្រក៏មានសិទ្ធិដែរ។ ឧបមាថា ភ្នំពេញ មានមួយកន្លែង វាមិនដឹងបញ្ចៀសទៅណា អាហ្នឹងទីលាន​ប្រជាធិបតេយ្យ ត្រូវពុះជាពីរហើយ បើមិនដាក់របងដែក ក៏ដាក់របងថ្មដែរ បើប្រើប៉ូលិសទៅ គឺពិបាក។ ម្ខាងធ្វើ​បាតុកម្ម​​គាំទ្រ ម្ខាងធ្វើបាតុកម្មប្រឆាំង ហើយក៏អោយអ្នកដទៃភ្លឺភ្នែកដែរ កុំអីឆន្ទៈរាស្ត្រ អីឆន្ទៈរាស្ត្រនោះ។»

អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ដែលជាអ្នកតួអង្គសំខាន់ ក្នុងការដឹកនាំមហាបាតុកម្ម​ប្រឆាំង​លទ្ធផលបោះឆ្នោតសកលខែកក្កដាឆ្នាំ២០១៣ ដ៏ចម្រូងចម្រាស នោះ បានលើកឡើង ក្នុងសន្និសីទការសែត ចុង​ក្រោយមួយ នៅទីស្នាក់ការកណ្តាលគណបក្សរបស់ខ្លួនថា លោក គាំទ្ររាល់ការធ្វើបាតុកម្មរបស់​គណបក្សប្រជាជន​កម្ពុជា។ តែអនុប្រធានគណបក្សជំទាស់ នេះ បានលើកជាចម្ងល់ថា ហេតុអ្វី បាតុកម្មរបស់គណបក្សកាន់អំណាច ឬអ្នកគាំទ្រ តែងធ្វើព្រមគ្នាជាមួយបាតុកម្មរបស់គណបក្សជំទាស់ ទាំងពេលវេលា និងទីកន្លែង?

ជុំវិញករណីនេះ លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតរបស់អង្គការលីកាដូ បានពន្យល់ថា រាល់ការ​ជួបជុំប្រមូលផ្តុំ ធ្វើបាតុកម្មដោយសន្តិវិធី គីជាមូលដ្ឋានគ្រឹះ និងជាការឆ្លុះបញ្ចាំង ពីលក្ខណៈសម្បត្តិរបស់​ប្រទេសកាន់​លិទ្ធិប្រជាធិបតេយ្យ។ ដូច្នេះ គ្រប់ភាគី និងគ្រប់គណបក្សនយោបាយមានសិទិ្ធស្មើគ្នា ក្នុងការបង្ហាញឆន្ទៈ​របស់​ពួកគេ។

លោក អំ សំអាត បញ្ជាក់ថា៖ «តែអ្វីដែលគួរជៀសវាង គឺអំពើហិង្សា និងការរំខានគ្នាទៅវិញទៅមក ដែលគ្រប់ភាគី​ត្រូវ​គិត និងពិចារណា។ បើបាតុកម្ម ក្នុងពេលតែមួយ កន្លែងតែមួយ ហើយមានអ្នកគាំទ្រផ្សេងគ្នា នោះអំពើហិង្សា​ប្រាកដ​ជាកើតមាន ដោយមិនអាចទប់ស្កាត់បាន តែបើកន្លែងផ្សេងគ្នាប្រហែលជាអាចទប់ស្កាត់បាន។ ហើយកង​កម្លាំង​ទាំង​អស់ត្រូវកាន់ជំហរកណ្កាល ចំពោះគ្រប់ភាគី និងគ្រប់គណបក្សនយោបាយ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព៕»

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៦ កុម្ភៈ ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...