ប្រតិកម្មរោងចក្រ SL ៖ ទទួលកម្មករ១៩នាក់វិញ ជាការប្រឆាំងនឹងតុលាការ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: November 20, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភាពស្ងៀមស្ងាត់នៃការបញ្ជាក់ ពីគោលជំហររបស់ក្រុមហ៊ុនអេស អិល ចំពោះកម្មករក្រោយពីមានកិច្ចព្រមព្រៀងជាមួយគ្នា លើបញ្ហាប្រាំមួយចំណុចកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយគណកម្មការសម្រាប់ការដោះស្រាយ បញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា ជាអាជ្ញាកណ្តាល ជំរុញឲ្យកម្មករបន្តរធ្វើការបិទផ្លូវលេឋ៣៧១ ធ្វើកូដកម្មដោយអហិង្សា រហូតទាល់តែមានដំណោះស្រាយសមស្រប ស្មើភាព និងយុត្តិធម៌។
កងកម្លាំងសមត្ថកិច្ច ត្រូវបានដាក់ព័ទ្ធរោងចក្រ អេសអ៊ិល មិនឲ្យក្រុមកម្មករចូលទៅជិត។ (រូបថត MONOROOM.info/ O.Vary)
វិវាទការងារ - ចំណារអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញនូវគោលការណ៍ប្រាំចំណុច តម្រូវឲ្យថៅកែរោងចក្រ អេស អិល អនុវត្តន៍ដើម្បីបញ្ចប់បញ្ហាវិវាទការងាររវាងកម្មករ និងរោងចក្រ។ តាម ស ជ ណ ចុះច្ងៃទី១៥ ខែវិច្ឆិកា ដែលចុះហត្ថលេខាដោយលោក ឃុន ជិនកេន អនុរដ្ឋលេខាធិការ តំណាងឲ្យរដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណរដ្ឋមន្រ្តី បញ្ជាឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយគណកម្មការសម្រាប់ការដោះស្រាយ បញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា ទទួលបន្ទុកបន្តដោះស្រាយបញ្ហាដែលដែលបានឯកភាពគ្នា កាលពីថ្ងៃតី១៣ ខែវិច្ឆិកា ពីសេសលើចំណុចទីមួយ ដែលបញ្ជាឲ្យរោងចក្រមួយនេះ ទទួលយកកម្មករទាំង១៩នាក់ ចូលធ្វើការវិញជាធម្មតា។
ជាការឆ្លើយតបទៅនឹងគោលការណ៍របស់រាជរដ្ឋាភិបាល តំណាងនាយកគ្រប់គ្រងរោងចក្រអេស អិល លោក ជូ លី បានបញ្ជាក់ពីគោលចំហររបស់រោងចក្រថា ក្នុងនាមលោកតំណាងឲ្យរោងចក្រអេសអិល នឹងគោរព ស.ជ.ណ របស់រដ្ឋាភិបាល ហើយក៏គោរពច្បាប់របស់ប្រទេសកម្ពុជាដែរ ពិសេសការអនុវត្តរបស់ស្ថាប័នតុលាការ។ តែទោះជាយ៉ាងនេះក្តី លោកនៅតែពេញចិត្ត និងស្វាគមន៍ចំពោះកម្មករទាំងអស់ ដែលមានចេតនា«ពិតប្រាកដ» ក្នុងការវិលត្រឡប់មកធ្វើការវិញ ដោយមិនមានការរើសអើងអ្វីឡើយ។ ស្របពេលជាមួយគ្នានេះ លោកក៏បានបង្ហាញនូវភាពដែលមិនអាចទទួលយកមកអនុវត្តបាន មានពីចំណុចជាពិសេស ការដកចេញនូវម្ចាស់ភាគហ៊ុន (លោក មាស សុត្ថា) ដែលមិនមានកំហុស និងការទទួលយកកម្មករទាំង១៩នាក់ ដែលមានកំហុសធ្ងន់ធ្ងរ ក្នុងការកម្ទេចសម្ភារៈរោងចក្រឲ្យមកចូលធ្វើការ ដែលពួកគេកំពុងតែ ដាក់ឲ្យស្ថិតក្រោមការពិនិត្យរបស់សាលាដំបូងរាជធានីភ្នំពេញនោះឡើយ។
តំណាងរោងចក្រអេស អិលរូបនេះបានបន្តថា «ប្រសិនបើរាជរដ្ឋាភិបាល ឬតុលាការលប់ចោលនូវពាក្យបណ្តឹងចំពោះកម្មករទាំង១៩នាក់នោះ គាត់នឹងស្វាគមន៍នៃការវិលត្រឡប់ឲ្យចូលមកធ្វិការវិញ។ ផ្ទុយមកវិញ បើតុលាការមិនទាន់ បានសម្រេចយ៉ាងណានៅឡើយនោះ ហើយរោងចក្រទទួលកម្មករទាំង១៩នាក់ អាចខុសនឹងច្បាប់តុលាការ។ (...) គ្មានថៅកែ គ្មានរោងចក្រ គ្មានកម្មករ គ្មានសហជីព អ្នកនេះស្ថិតនៅលើទូកតែមួយត្រូវតែសហការគ្នា បើគ្មានអ្នកណាមួយក៏មិនអាចបន្តដំណើរការទៅមុខបានដែរ។ គ្មានរោងចក្រណាមួយ ដែលមិនត្រូវការកម្មករនោះទេ តែកម្មករដែលអាចទទួលយក និងស្វាគមន៍ទទួលជាកម្មករដែលល្អៗ (ស្មោះត្រង់ ឧស្សាហ៍ មិនប្រើហិង្សា) មិនមែនជាកម្មករដែលមកបំផ្លាញ ទ្រព្យសម្បត្តិរោងចក្រ និងគំរាមកម្មករគ្នាឯងនោះទេ។»
ពាក់ពន្ធ័នឹងបញ្ហាដែលបានលើកឡើង ដោយតំណាងរោងចក្រនេះ ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានបញ្ជាក់ថា ទោះជាកាក់ឲ្យស្ថិតក្រោមការពិនិត្យដោយតុលាការ មិនមែនបញ្ជាក់ថាអ្នកនោះមានទោសទេ។ ហើយតុលាការ ក៏មិនទាន់សម្រេចថាអ្នកទាំង១៩នាក់នោះ មានទោសនៅឡើយដែរ។ «គាត់នៅតែជាកម្មករដូចអ្នកដទៃដដែល គាត់មានសិទ្ធិគ្រប់គ្រាន់ក្នុងការធ្វើការងារ។ (...) ជនសង្ស័យ ឬជនជាប់ចោទ មិនទាន់ចាត់ទុកថាពួកគាត់មានកំហុសនៅឡើយនោះទេ។ អ្នកដែលមានទោស ទាល់តែអ្នកនោះជាទណ្ឌិត ដែលមានសាលក្រមជាស្ថាពរពីតុលាការ ទើបស្របតាមការលើកឡើងរបស់រោងចក្រ ដែលថា មិនអាចទទួលឲ្យចូលធ្វើការបាន។»
នៅខាងក្រៅរោងចក្រអេសអិល វិញមានកម្មករប្រមាណជិតប្រាំរយនាក់បានធ្វើកូដកម្មដោយ«បិទ»ផ្លូវ នៅខាងមុខរោងចក្រ ព្រោះតែមិនមានការដោះស្រាយដោយភាគីរោងចក្រ ទៅតាមគោលការណ៍របស់រដ្ឋាភិបាល។ លោក តេង រី តំណាងឲ្យកម្មកររោងចក្រអេសអិល ដែលបានចូលរួមធ្វើកូដកម្មនេះបានបញ្ជាក់ថា បើមានកិច្ចព្រមព្រៀងណាមួយជាក់លាក់រវាងកម្មករ និងរោងចក្រនោះ កម្មករទាំងអស់នឹងរីករាយចូលធ្វើការវិញ ហើយក៏សប្បាយចិត្ត នឹងការអនុវត្តស.ជ.ណ របស់រដ្ឋាភិបាលឲ្យបានល្អបំផុត ជាមួយគ្នានេះខាងរោងចក្រក៏ត្រូវតែអនុវត្តឲ្យបានដែរ។ លោកបានបន្តថា ចំណុចសំខាននៃការធ្វើកុដ្ឋកម្មនេះ គឺការទាមទាឲ្យរោងចក្រដកលោកមាស សត្ថា និងអនុញ្ញាតិឲ្យកម្មករ១៩នាក់ចូលធ្វើការវិញ តាមគោលការណ៍របស់រាជរដ្ឋាភិបាល។ បើចំនុចទាំងពីនេះមិនត្រូវគ្នាទេ នោះកូដកម្មនឹងបន្តមានទៅមុខទៀត ហើយប្រហែលជាស្ថិតក្នុងទ្រង់ទ្រាយធំជាងពេលណាៗទាំងអស់។
ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត អង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានលើកឡើងថា បញ្ហាដែលបន្តរឲ្យកម្មករធ្វើកូដកម្មនេះ មិនមែនជាកំហុសខាងកម្មករនោះទេ ជាកំហុសរបស់រោងចក្រ ព្រោះតែមិនបានអនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល។ ព្រោះថារដ្ឋាភិបាលបានឲ្យរោងចក្រដកលោក មាស សត្ថា ចេញពីរោងចក្រ និងទទួលយកកម្មករទាំង១៩នាក់ឲ្យចូលធ្វើការ ព្រមទាំងឲ្យរោងចក្របើកប្រាក់ខែ ដល់កម្មករ៥០ភាគរយក្នុងអំឡុងពេលមានកូដកម្មនេះ ដើម្បីបញ្ចប់នូវបញ្ហាវិវាទទាំងនេះ តែរោងចក្រនៅតែមិនអនុវត្ត ឬមិនព្រមងនុវត្តតាម តើរដ្ឋាភិបាលធំជាងរោងចក្រ អេសអិល ឬរោងចក្រអេសអិលធំជាងរដ្ឋាភិបាល? លោកបន្ថែមថា «ក្រុមហ៊ុនណាក៏ដោយ មកវិនិយោគក្នុងប្រទេសណាត្រូវតែអនុវត្តច្បាប់ប្រទេសនោះ ត្រូវគោរពតាមរដ្ឋាភិបាលនៃប្រទេសនោះ។ (...) បើរោងចក្រ មិនគោរពតាមគោលការណ៍រដ្ឋាភិបាលទេ នោះបាតុកម្មនៅតេបន្ត អំពើហិង្សានឹងអាចកើតមានជាបន្តបន្ទាប់។»
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មិនអាចសុំការបញ្ជាក់លើបញ្ហា នៃការអនុវត្តគោលការណ៍របស់រដ្ឋាភិបាលតាមស.ជ.ណ បានទេ។ តែលោក អំ សំអាត បានបញ្ជាក់ថា តាមនីតិវិធីច្បាប់ ជាសម្ថកិច្ចរបស់ក្រសួងពាក់ព័ន្ធ ជាការងាររបស់មន្រ្តីមកពីក្រសួងការងារជាអ្នកអនុវត្តនូវ ស ជ ណ ដែលជាសេចក្តីសម្រេចរបស់រដ្ឋាភិបាលនេះ ឲ្យមានប្រសិទ្ធិភាព។ «បើរដ្ឋាភិបាលគ្រាន់តែចេញក្រដាសមួយ ឲ្យតែរួចពីដៃ គ្មានប្រសិទ្ធិភាពក្នុងការអនុវត្តទេ តើរដ្ឋាភិបាលនឹងទៅជាអ្វី បើសេចក្តីសម្រេចរបស់រដ្ឋាភិបាលនោះមិនត្រូវបានគរអនុវត្តន៍។ (...) ឯកម្មករបន្តធ្វើកូដកម្មនោះ មិនមែនេជាកំហុសរបស់កម្មករនោះទេ ពួកគាត់គោរពតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាល ហើយអ្នកមិនអនុវត្តជាអ្នកខុស ពិសេសភាគីរោងចក្រ៕»
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ