សួន សេរីរដ្ឋា ថា សម សារី ជាប់​ឈ្មោះ​ក្បត់​ជាតិ ដើម្បីក្លាយ​ជា​ចារកម្ម​របស់ សីហនុ

បន្ទាប់ពីការហៅលោក សម សារី ឪពុកលោក សម រង្ស៊ី ថាជា«អាក្បត់ជាតិ» របស់លោក ហ៊ុន សែន កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន នៅពេលនេះ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានចេញមកពន្យល់ថា លោក សម សារី ជាប់​ឈ្មោះ​ជា​ «ជនក្បត់ជាតិ» ដើម្បី​ក្លាយ​ជា​ចារកម្ម របស់​សម្ដេច នរោត្ដម សីហនុ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី១៦ វិច្ឆិកា ២០១៥
  • កែប្រែចុងក្រោយ: November 18, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កម្តៅនយោយកម្ពុជា បានកើនឡើង ទន្ទឹមនឹងអតីតកាល នៃអ្នកនយោបាយខ្មែរមួយចំនួន ដែលត្រូវបាន​ជីក​កកាយឡើងដែរ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសជាសាធារណៈ តាមរយៈវិទ្យុ ទូរទស្សន៍ និង​សារព័ត៌មានមួយចំនួនទៀត ដោយធ្វើការអះអាងថា លោក សម សារី ដែលត្រូវជាឪពុករបស់លោក សម រង្ស៊ី នោះត្រូងបានអង្គព្រះបរមរតនកោដ្ឋ សម្ដេច នរោត្ដម សីហនុ ចោទប្រកាន់ថា ជា«ជនក្បត់ជាតិ»។

សម្រាប់មេដឹកនាំគណបក្សថ្មីមួយរូប នៅប្រទេសកម្ពុជា លោក សួន សេរីរដ្ឋា បានលើកឡើងតបនឹងការថ្លែង របស់លោក ហ៊ុន សែន ខាងលើនេះថា លោក សម សារី ជាប់ឈ្មោះ ជាជនក្បត់ជាតិ ដើម្បីក្លាយខ្លួន ជា​«ចារកម្ម» របស់សម្ដេច នរោត្ដម សីហនុ។ លោក សេរីរដ្ឋា បានចោទសួរ មកវិញថា៖ «លោក សម សារី ដែល​ត្រូវជាឪពុក របស់លោក សម រង្ស៊ី នោះស្លាប់ដោយរបៀបណា? ហើយមូលហេតុអ្វី បានជាលោក សម រង្ស៊ី ដែល​​ជាកូនបង្កើត មិនហ៊ានសរសេរ ពីមូលហេតុពិតប្រាកដ នៃការស្លាប់របស់លោកឪពុកខ្លួន?»

លោក សួន សេរីរដ្ឋា ដែលជាគូប្រជែងនយោបាយថ្មី របស់លោក សម រង្ស៊ី  បានសរសេរពន្យល់តាមទំព័រ​ហ្វេសប៊ុក របស់​លោក ថាការគិតថា «សម្តេច នរោត្តម សីហនុ ជាអ្នកសម្លាប់លោក សម សារី ដែលជា ឪពុក​របស់លោក សម រង្ស៊ី» នោះ គឺជាការយល់ច្រឡំ និងមិនមានការពិត។ លោកបានសរសេរថា៖ «ការពិតសម្តេច នរោត្តម សីហនុ មិនបានសម្លាប់ ឬបញ្ជាសម្លាប់លោក សម សារី ទេ។ ព្រោះលោក សម សារី គឺជា “មេចារកម្ម” ដ៏ស្មោះត្រង់បំផុត របស់សម្តេច សីហនុ រហូតសុខចិត្តទទួលយកឈ្មោះ ជា “ជនក្បត់ជាតិ” ដែលសម្តេច សីហនុ និពន្ធសេណារីយ៉ូ រៀបចំដាក់បញ្ចូលលោក សម សារី ចូលទៅក្នុងក្រុមខ្មែរសេរី ដែលដឹកនាំ​ដោយ​លោក សឺង ង៉ុកថាន់។ ដើម្បីឲ្យ សម សារី កំទេចចលនាខ្មែរសេរី ពីខាងក្នុង និងជាពិសេស ដើម្បីសម្លាប់លោក សឺង ង៉ុកថាន់ ឲ្យបាន។»

ប្រធានគណបក្សអំណាចខ្មែររូបនេះ បានសរសេរបន្តថា៖ «តែទីបំផុត សកម្មភាពចារកម្មរបស់ សម សារី បាន​បែកការ ក្រោយពេលអង្គរក្សម្នាក់ របស់លោក សឺង ង៉ុកថាន់ ចាប់បានសំបុត្រឆ្លើយឆ្លង រវាងលោក សម សារី ជាមួយនឹងអ្នកម្នាង ម៉ូនិក (ប្រពន្ធរបស់សម្តេច សីហនុ) និងបានតាមដានឃើញ សកម្មភាពសំងាត់ជា​ច្រើន​របស់ សម សារី ក្នុងចលនាខ្មែរសេរីថា ជាចារកម្មវាំងបង្កប់ ដើម្បីកំទេចតាមកំទេច ចលនាខ្មែរសេរី និង​ដើម្បី​សម្លាប់​លោក សឺង ង៉ុកថាន់។»

លោក សួន សេរីរដ្ឋា បានធ្វើការបញ្ជាក់ ពីការស្លាប់របស់លោក សម សារី (ឪពុករបស់លោក សម រង្ស៊ី) ថា ត្រូវ​បានបាញ់សម្លាប់ ដោយអង្គរក្សម្នាក់ របស់លោក សឺង ង៉ុនថាន់ នៅកណ្តាលផ្លូវរទេះភ្លើង ស្រុកអារ៉ាញ់ ព្រំដែន​ខ្មែរ-សៀម ។

ល្ខោនបញ្ចូលចារកម្ម...

យ៉ាងណាក៏ដោយ ក៏ការលើកឡើង ពីសំណាក់លោក ហ៊ុន សែន ក្ដី ឬពីសំណាក់លោក សួន សេរីរដ្ឋា ក្ដី មិន​មានឯកសារ«ឯករាជ្យ»ណាមួយ ឬការបកស្រាយ ពីក្រុមគ្រួសារម្ចាស់ខ្លួន (ពោលពីលោក សម រង្ស៊ី) ចេញ​មក​អះអាង ឬបកស្រាយពីភាពពិតប្រាកដ នៃដំណើរជីវិតរបស់លោក សម សារី នៅក្នុងសម័យកាលនោះឡើយ។ គេគ្រាន់តែដឹងច្បាស់ថា លោក សម សារី ធ្លាប់បំពេញកិច្ចការ ទាមទារឯករាជ្យភាព ពីប្រទេសបារាំង មក​ឲ្យ​ប្រទេស​កម្ពុជា ជាមួយសម្ដេច នរោត្ដម សីហនុ និងបានដឹកនាំគណៈប្រតិភូមួយ ទៅកាន់សន្និសីទនៅក្រុង ហ្សឺណែវ ដើម្បីបញ្ជៀស កុំឲ្យប្រទេសកម្ពុជាបែកបាក់ជាពីរ ដូចប្រទេសវៀតណាម។

ប៉ុន្តែលោក សួន សេរីរដ្ឋា នៅបន្តអះអាងថា ការងាកចេញពីព្រះបរមរាជវាំង ហើយរត់ទៅចុះចូល ទៅក្នុង​ចលនា​ខ្មែរសេរី របស់លោក សម សារី  ត្រូវបានធ្វើឡើង ដោយមាន«សេណារីយ៉ូ» ច្បាស់លាស់ ពីសម្ដេច នរោត្ដម សីហនុ និងព្រះបរមរាជវាំង។ ប្រធានគណបក្សអំណាចខ្មែរ បានលើកឡើងថា ពេលនោះសម្តេច សីហនុ បានរៀបចំសេណារីយ៉ូមួយ បញ្ជាឲ្យលោក សម សារី ទះកំភ្លៀងលេខាទូតរបស់ខ្លួន (ក៏ជាស្រី​កំណាន់​របស់ខ្លួនផងនោះ) នៅក្នុងរាជវាំង នៃម្ចាស់ក្សត្រី អេលីហ្សាបេត។

លោកបន្តថា បន្ទាប់មក ព្រះរាជវាំងបានយក “លេស” នេះ បញ្ជាឲ្យដកលោក សម សារី ពីដំណែងអគ្គរាជទូត​នៅ​អង់គ្លេស មកឈរជើងនៅភ្នំពេញ ដើម្បីបន្តល្ខោននយោបាយផ្សេងទៀត ឲ្យលោក សម សារី សំដែង។ ធ្វើ​ជា​អ្នកហ៊ានជំទាស់ ប្រឆាំងនឹងសម្តេច សីហនុ ដើម្បីឲ្យសម្តេច សីហនុ ចោទ “លាបពណ៌” ថាជា «ជន​ក្បត់​ជាតិ» ហើយបានលេសនេះ រត់ចូលព្រៃភាគខាងលិច ទៅរកចុះចូល ជាមួយនឹងលោក សឺង ង៉ុកថាន់។

លោក សួន សេរីរដ្ឋា បានធ្វើការរំលឹកថា ពេលលោក សម សារី សុំជួបលោក សឺង ង៉ុកថាន់ នៅក្នុង​បន្ទាយ​នា​ព្រំដែន​នោះ លោក សឺង ង៉ុកថាន់ បានឲ្យលោក សម សារី ជួបគាត់រយៈពេល ១ម៉ោង នៅក្នុងបន្ទុប់ធ្វើការ តែ​លោក សឺង ង៉ុកថាន់ មិននិយាយអ្វីមួយម៉ាត់ ទៅកាន់ លោក សម សារី ទេ គឺលោកធ្វើតែការងារ របស់លោក ហើយ​ឲ្យអង្គរក្សម្នាក់របស់លោក អង្គុយចាក់តែ ជូនលោក សម សារី ពិសាររហូតគ្រប់ ១ ម៉ោង ក៏ឲ្យចេញ​ទៅ​វិញ។

ប្រធានគណបក្សអំណាចខ្មែរ បានសរសេរបន្ថែមថា៖ «លោក សម សារី បានរាយការណ៍ពី​សភាពការណ៍​នេះ ទៅវាំងនៅភ្នំពេញ ប្រាប់សម្តេច សីហនុ តាមរយៈអ្នកម្នាង ម៉ូនិក ។ ចំណែកខាងវាំង ក៏បានបញ្ជាផែនការ​សកម្មភាព​បន្ថែមរហូត ដោយកំណត់ឲ្យលោក សម សារី ធ្វើយ៉ាងណាឲ្យលោក សឺង ង៉ុកថាន់ ទុកចិត្ត ទទួល​បានការតែងតាំង ពីលោក សឺង ង៉ុកថាន់ ដើម្បីធ្វើជាអនុប្រធាន ចលនាខ្មែរសេរី ក្នុងបំណងថ្ងៃក្រោយ ងាយ​ស្រួល​សម្លាប់លោក សឺង ង៉ុកថាន់ រួចកំទេច ចលនាខ្មែរសេរីចោល។»

លោកអះអាងថា៖ «បំណងរបស់សម្តេច សីហនុ ដែលដាក់លោក សម សារី ធ្វើជាចារកម្មផ្ទៃក្នុង ដើម្បីសម្លាប់​លោក សឺង ង៉ុកថាន់ និងដើម្បីកំទេច ចលនាខ្មែរសេរី នោះមិនបានសម្រេចទេ ដោយសារក្រុមចលនាខ្មែរសេរី បានយល់ពីសេណារីយ៉ួ នៃឆាកល្ខោននេះ តាំងពីដំបូងទីមកម្លេះ។»

«ដូច្នោះហើយ បានជាបន្ទាប់ពីប្រមូលបាននូវឯកសារ និងចាប់បានសកម្មភាពចារកម្ម របស់លោក សម សារី រួចមក ចលនាខ្មែរសេរី ក៏មានចំណាត់ការ លើលោក សម សារី ។ ហើយប្រធានក្រុមអង្គរក្ស របស់លោក សឺង ង៉ុកថាន់ ក៏បានចាប់លោក សម សេរី យកទៅបាញ់សម្លាប់ចោល នៅកណ្តាលផ្លូវរថភ្លើង ស្រុកអារ៉ាញ់ ព្រំដែនខ្មែរ សៀម។»

លោក សួន សេរីរដ្ឋា បានលើកយកការបកស្រាយ របស់លោកតា កេង វ៉ាន់សាក់ មកបញ្ជាក់ថា លោក សម សារី ជា «មេចារកម្ម» របស់សម្តេច សីហនុ ដែលជាអ្នកបញ្ជាបោកគ្រាប់បែក សម្លាប់លោក អៀវ កឹស និង​ជា​អ្នក​រៀបចំ​ផែនការគំរាមកំហែង សកម្មជន អ្នកគាំទ្រ គណបក្សប្រជាធិបតេយ្យ គ្រប់ទីកន្លែង ដែលមានការ​រៀបចំ​​ប្រជុំ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...