ហ៊ុន សែន ឲ្យស៊ើរើច្បាប់ហាម សម រង្ស៊ី-កឹម សុខា ដឹកនាំគណបក្ស
- ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី៣១ មករា ២០១៧
- កែប្រែចុងក្រោយ: January 31, 2017
- ប្រធានបទ: នយោបាយកម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ល្បែងនយោបាយ របស់លោក ហ៊ុន សែន កំពុងបន្តមានទៅមុខ មិនចេះអស់។ នេះ បើតាមការអះអាង ដោយផ្ទាល់មាត់ ចេញពីបបូរមាត់របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈឧឃោសនស័ព្ទរដ្ឋសភា នៅក្នុងអង្គប្រជុំមួយ ដើម្បីដកតំណែងលោក កឹម សុខា អនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ ចេញពី «ប្រធានក្រុមមតិភាគតិច» នៃរដ្ឋសភា កាលពីព្រឹកថ្ងៃអង្គារនេះ។
នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជា បានព្រមានជាថ្មីថា លោកសំណូមពរ ឲ្យស្វែងរកនីតិវិធីមួយចំនួន ក្នុងការឈាន ទៅធ្វើវិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយ ដើម្បីខារខាំងបុគ្គល ជាអ្នកនយោបាយណាក៏ដោយ ដែលមានទោសជាប់ខ្លួន ឡើងមកដឹកនាំគណបក្ស។
ក្នុងកាយវិការ ដៃម្ខាងចង្អុលទៅមុខ និងដៃម្ខាងទៀតកាន់ទូរស័ព្ទ លោក ហ៊ុន សែន បាននិយាយឡើងថា៖ «ធ្វើវិសោធនកម្មច្បាប់ ស្ដីពីបក្សនយោបាយ ក៏ត្រូវតែធ្វើ។ វិសោធនកម្ម ៥០បូក១ ទេតើ។ ដាក់ថែម អ្នកដែលមានទោស អត់មានសិទ្ធិធ្វើគណបក្សនយោបាយ (...) ដើម្បីឲ្យវាអស់សិទ្ធិតែម្ដងទៅ នៅលោកប្រធានៗ អីទៀត។ អ្នកមានទោស គឺអត់មានសិទ្ធិ ធ្វើប្រធាន អនុប្រធានបក្សនយោបាយ អញ្ចឹងតែម្ដងទៅ។»។
ការថ្លែងរបស់លោក ហ៊ុន សែន បើទោះជាមិនបានបញ្ចេញឈ្មោះឲ្យចំ តែត្រូវបានគេរំពឹងថា លោកនាយករដ្ឋមន្ត្រី ចង់សំដៅទៅរក ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ ដែលសុទ្ធតែជាប់ពាក់ព័ន្ធ (ទោះក្នុងពេលនេះ ឬពេលមុន) ទៅនឹងក្ដីក្ដាំងជាច្រើន នៅឯតុលាការ។ នៅខណៈនេះ លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងធំជាងគេ នៅកម្ពុជា កំពុងរងបណ្ដឹង យ៉ាងហោចណាស់ ចំនួន៦ពាក្យបណ្ដឹង និងកំពុងត្រូវនិរទេសខ្លួន នៅឯបរទេស ដើម្បីគេសចេញពីការចាប់ខ្លួន របស់អាជ្ញាធរខ្មែរ ក្រោមសាលក្រមចូលជាស្ថាពរមួយ នៅក្នុងសំនុំរឿងបណ្ដឹង របស់លោក ហោ ណាំហុង អតីតរដ្ឋមន្ត្រីការបរទេស។
ទាក់ទងនឹងករណីនិរទសខ្លួន របស់ប្រធានគណបក្សប្រឆាំងនេះ លោក ហ៊ុន សែន នៅបានថ្លែងព្រមានទៀតថា លោកនឹងបញ្ហា ឲ្យ«វ៉ៃខ្នោះ»ឲ្យទាល់តែបាន ប្រសិនណា ជាលោក សម រង្ស៊ី ត្រឡប់ចូលមកក្នុងប្រទេសវិញ។ បុរសខ្លាំងកម្ពុជាបានថ្លែងថា៖ «ឥឡូវ ចូលមក! ចូលមកក្នុងស្រុកមក! តែសុំកុំភ្លេចណា វ៉ៃខ្នោះ គឺវ៉ៃទាល់តែបាន។ សូមបញ្ជាក់!»។