សម រង្ស៊ី៖ ជនឧក្រិដ្ឋពីរនាក់នេះ អត់ហ៊ានប្ដឹងខ្ញុំរឿង ក៥ ទេ
- ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី៣១ មករា ២០១៧
- កែប្រែចុងក្រោយ: February 01, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សង្គ្រាម«ពាក្យសំដី» ដែលអាចផ្ទុះឡើង ខ្លាំងជាងភ្នំភ្លើងផ្ទុះ។ នៅចំពោះការព្រមាន របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញការរឹបអូសទ្រព្យសម្បត្តិ និងការបិតបញ្ចប់ជីវិតនយោបាយ របស់មេដឹកនាំប្រឆាំង នៅក្នុងប្រទេសកម្ពុជានោះ លោក សម រង្ស៊ី នៅតែបន្តសរសេរវាយប្រហារបន្ថែមទៀត ទៅលើលោក ហ៊ុន សែន និងមេដឹកនាំគណបក្សប្រជាជនមួយរូបទៀត គឺលោក ហេង សំរិន ដោយបានហៅមេដឹកនាំទាំងពីររូប ថាជា«ជនឧក្រិដ្ឋ» ដែលមិនហ៊ានប្ដឹងរូបលោក ទាក់ទងនឹងព្រឹត្តិការណ៍ «ផែនការ ក៥ (រវាងពីឆ្នាំ១៩៨៤ មកទល់នឹងឆ្នាំ១៩៨៨)» នោះទេ។ ផ្ទុយទៅវិញ លោក សម រង្ស៊ី បានអះអាងថា លោក ហ៊ុន សែន និងលោក ហេង សំរិន បានប្ដឹងលោក តែពី«រឿងកំប៉ិចកំប៉ុក អត់បានការ»ប៉ុណ្ណោះ។
លោក សម រង្ស៊ី បានសរសេរដូច្នេះ នៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីល្ងាចម្សិលម៉ិញ ថា៖ «បន្ទាប់ពីខ្ញុំបានចោទពួកគាត់ថា ជាជនឧក្រិដ្ឋ ដែលពាក់ព័ន្ធ ក្នុងឧក្រិដ្ឋកម្មប្រឆាំងមនុស្សលោក គឺការអនុវត្តន៍ផែនការ ក៥ នៅប្រទេសកម្ពុជា ពីឆ្នាំ ១៩៨៤ ដល់ឆ្នាំ ១៩៨៨ ដែលជាការចោទប្រកាន់មួយ ដ៏ធ្ងន់ធ្ងរបំផុត ពួកគាត់ទាំង ២នាក់នេះ អត់ហ៊ានប្តឹងខ្ញុំទេ ពីព្រោះខ្លាចសកលលោក លាតត្រដាង ពីប្រវត្តិសាស្ត្រប្រទេសកម្ពុជា កាលពីសម័យ "សាធារណរដ្ឋប្រជាមានិតកម្ពុជា" ដែលជារបបបន្តុប ដោយកងទ័ពយួនឈ្លានពាន»។
មេដឹកនាំគណបក្សប្រឆាំង ដែលកំពុងរស់នៅនិរទេសខ្លួន នៅក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំង ដើម្បីគេចចេញពីការចាប់ខ្លួន របស់អាជ្ញាធរកម្ពុជា ទាក់ទងនឹងសាលក្រមចូលជាស្ថាពរមួយនោះ បានរំលឹកយករឿង «ផែនការ ក៥» ដែលជាព្រឹត្តិការណ៍ដ៏អាណោចអាធម នៅក្នុងប្រវត្តិសាស្ត្រទំនើប របស់ប្រទេសកម្ពុជា មកពន្យល់ថា៖ «គឺជាការកែនប្រជាពលរដ្ឋដោយបង្ខំ ឲ្យទៅស្លាប់រាប់ម៉ឺន រាប់សែននាក់ នៅក្នុងព្រៃ ដោយជាន់មីន គ្រុនចាញ់ អត់បាយ ធ្វើការហួសកម្លាំង ឬត្រូវទាហានយួនបាញ់សម្លាប់ ចំពោះអ្នកដែលហ៊ានរត់ចេញពីទីតាំង ដែលគេបានកំណត់ ឲ្យធ្វើការដោយបង្ខំ»។
ប៉ុន្តែ ព្រឹត្តិការណ៍ ដែលបានធ្វើឲ្យប្រជាជន«ស៊ីវិល»ខ្មែរ បន្តបាត់បង់ជីវិត បន្ទាប់ពីរបបខ្មែរក្រហមប្រល័យពូជសាសន៍នោះ តែងត្រូវបានមន្ត្រីរដ្ឋាភិបាល បកស្រាយផ្ទុយមកវិញ មានលក្ខណៈខុសៗគ្នា និងមិនបានបកស្រាយ ពីភាពឈឺចាប់ខ្លោចផ្សារ ដែលកើតចេញពីផែនការ ក៥ នេះទេ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា ផែនការ "ក៥" នេះ គឺជាការបោសសំអាតកងកម្លាំង នៃរបប ប៉ុល ពត ដែលនៅសេសសល់ចុងក្រោយ ហើយជាការស្ដារប្រទេស ឲ្យមានសន្តិភាព រហូតមកដល់សព្វថ្ងៃ។ រីឯរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ វិញ បែរជាធ្វើការបន្ទោស និងដាក់ការទទួលខុសត្រូវ ទៅលើអ្នកដែលបានចូលរួម ជាមួយខ្មែរក្រហម ក្នុងការបង្កើត«រដ្ឋាភិបាលចំរុះ» កម្ពុជាប្រជាធិបតេយ្យ ក្នុងសម័យនោះទៅវិញ។
សម្រាប់លោក សម រង្ស៊ី បានគិតថា រឿងរ៉ាវអាថ៌កំបាំង នៃផែនការ «ក៥» នេះ មិនត្រូវបានលើកមកនិយាយ ឲ្យដឹងយ៉ាងទូលំទូលាយ នោះទេ។ ប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរបន្តថា៖ «អ្នកដឹកនាំប្រទេសកម្ពុជាសព្វថ្ងៃ មិនចង់ឲ្យប្រជាពលរដ្ឋ ជាពិសេសយុវជនជំនាន់ក្រោយ សិក្សានិងយល់ដឹង ពីការពិត ទាក់ទងទៅនឹងប្រវត្តិសាស្ត្រ នៃប្រទេសជាតិរបស់យើង នោះទេ»។
តើនរណា ជាអ្នកនៅពីក្រោយ និងជាអ្នកបញ្ជាឲ្យអនុវត្តន៍ នូវ«ផែនការ ក៥»នេះ?
ជាសំនួរ ដែលពិបាករកចម្លើយ។ យ៉ាងណា លោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រី នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ធ្លាប់បានពន្យល់ថា ផែនការ «ក៥» នេះ គឺជាផែនការ ដែលបង្កើតឡើង ដោយរបបក្រុងហាណូយ និងមានន័យ មកពីអក្សរកាត់ «ក»ទាំង៥ នៃពាក្យ៖ «កែន-កម្លាំង-កាប់ឆ្កាព្រៃ-ការពារព្រំដែន-កម្ពុជា»។ នៅក្នុងសៀវភៅ ដែលមានចំណងជើងថា «ប៉ែន សុវណ្ណ ជីវប្រវត្តិសង្ខេប និងបុព្វហេតុជាតិមាតុភូមិកម្ពុជា» លោក ប៉ែន សុវណ្ណ បានសរសេរថា លោកត្រូវបានបង្ខំ ឲ្យអនុវត្តន៍ផែនការនេះ នៅក្នុងកិច្ចប្រជុំមួយ ដែលបានធ្វើឡើង នៅក្នុងផ្ទះលោក ឡេ ដឹកថូ មេទ័ពយួនក្នុងសម័យនោះ ប៉ុន្តែលោកបានបដិសេធ។
លោក ប៉ែន សុវណ្ណ ដែលធ្លាប់ជាអ្នកស្និត នឹងរបបក្រុងហាណូយ បានបញ្ជាក់ក្នុងសៀវភៅនោះទៀតថា ការបដិសេធរបស់លោក ទាក់ទងនឹងការអនុវត្តន៍ «ផែនការ ក៥» គឺជាមូលហេតុមួយ ក្នុងចំណោមមួលហេតុជាច្រើន នៃការមិនរណបរបស់លោក នៅចំពោះ «បនហាណូយ» ដែលបណ្ដាលឲ្យរូបលោក ត្រូវដកចេញពីតំណែង និងរងការចាប់ខ្លួន នៅចុងឆ្នាំ១៩៨១ យកទៅដាក់គុកងងឹត នៅរដ្ឋធានីហាណូយ នៅពេលបន្ទាប់មក។
តាមសៀវភៅស្រាវជ្រាវ ឈ្មោះ «ជញ្ជាំងឬស្សី» របស់អ្នកស្រី «Esmeralda Luciolli» បានឲ្យដឹងថា «ផែនការ ក៥» បានកើតឡើង ចាប់ពីឆ្នាំ១៩៨៤ រហូតដល់ឆ្នាំ ១៩៨៨។ គួរបញ្ជាក់ដែរថា ឆ្នាំ១៩៨៤ គឺជាឆ្នាំចុងក្រោយ នៃជីវិតរបស់លោក ចាន់ ស៊ី នាយករដ្ឋមន្ត្រី ដែលបានទទួលមរណភាព បន្ទាប់ពីបានចូល កាន់តំណែងដ៏កំពូលនេះ បានជាងពីរឆ្នាំ បន្ទាប់ពីលោក ប៉ែន សុវណ្ណ ខណៈលោក ហ៊ុន សែន បានឡើងមកកាន់តំណែង ជានាយករដ្ឋមន្ត្រី បន្តពីលោក ចាន់ ស៊ី នៅដើមឆ្នាំ១៩៨៥។ សម្រាប់លោក ហេង សំរិន វិញ បានស្ថិតក្នុងតំណែង ជា«ប្រធានរដ្ឋ» តាំងពីឆ្នាំ១៩៧៩ រហូតមកដល់ឆ្នាំ១៩៩២៕