ផ្អើលអស់ក្រុមជួង ព្រោះក្រុម Hacker ចូលប្លន់គណនីហ្វេសប៊ុក
- ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១៧ ឧសភា ២០១៦
- កែប្រែចុងក្រោយ: May 17, 2016
- ប្រធានបទ: បច្ចេកវិទ្យា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គណនីហ្វេសប៊ុកមួយចំនួន របស់អ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (ហៅខ្លួនឯង ថាជាគណបក្ស«ជួង») បានរងការវាយប្រហារ នៅយប់ថ្ងៃទី១៦ ខែឧសភា ចូលមកថ្ងៃទី១៧ ខែឧសភានេះ។ គណនីទាំងនោះ មានដូចជា «សុជាតិ សម្ព័ន្ធ» «Ah Neang LDP» «Sophat Ldp Grop» «Rosa Ldp» «អំណាចប្រមូលផ្តុំ រាស្ត្រអត់អំណាច» «Savorn Chhoeurn» និងគណនី«Sophat Ldp Grop»ជាដើម។
គណនីរងគ្រោះខាងលើ ត្រូវបានក្រុមវាយប្រហារតាមប្រព័ន្ធព័ត៌មានវិទ្យា ធ្វើការផ្លាស់ប្ដូរទិន្នន័យ ដូចជារូបថត«Profil» និងរូប«Cover» ក៏ដូចជាសារសរសេរជាច្រើន ដែលត្រូវបានបង្ហោះ នៅលើជញ្ជាំងនៃគណនីទាំងនោះ ក្នុងន័យបន្តុះបង្អាប់ម្ចាស់គណនី និងគណបក្ស«ជួង»។ មិនគ្រាន់តែប៉ុណ្ណឹងទេ តែក្រុមវាយប្រហារតាមអ៊ិនធើណែតនេះ បានទម្លាយចេញនូវការជជែកគ្នា ជាលក្ខណៈឯកជន របស់ក្រុមអ្នកគាំទ្រគណបក្ស«ជួង» ដែលដឹកនាំដោយលោក ខឹម វាសនា នោះផងទៀត។
នៅលើគណនី «Sophat Ldp Grop» មានសរសេរឃ្លាមួយថា៖ «នេះគ្រាន់តែជាការព្រមាន ទៅ LDP កុំព្រហើន និងធ្វើឲ្យប៉ះពាល់ដល់ CPP។ បើនៅតែហ៊ានទៀត Page របស់មេបក្សអស់លោក ក៏នឹងត្រូវបំផ្លាញដែរ»។
ចំពោះគណនី «សុជាតិ សម្ព័ន្ធ»វិញ មានឃើញសរសេរ បែបព្រមានដូច្នេះថា៖ «យើងត្រៀម បញ្ចេញពត៌មានសំងាត់ LDP បើសិនក្រុម LDP មិនកែខ្លួនក្នុងអំពើជេរប្រមាថ និងសាងភាពថោកទាប ទម្លាក់លើក្រុមដទៃ»។ បន្ទាប់មក នៅលើគណនីនេះដដែល ដែលរងការវាយប្រហាររួចហើយនោះ បានបញ្ចេញសារមួយ ដែលក្រុម«ជួង»បានជជែកគ្នាជាឯកជន នៅលើហ្វេសប៊ុក (រូបភាពខាងក្រោម) អមដោយឃ្លាមួយថា៖ «នេះជាអ្វីដែលបញ្ជាក់ថា LDP ចង់ធ្វើអ្វី គិតអ្វី»។
រីឯនៅលើគណនី «Ah Neang LDP» វិញ ដែលបានរងគ្រោះដូចគ្នានោះ គេឃើញមានឃ្លាសរសេរនៅលើ«ជញ្ជាំង»ដែរថា៖ «ប្អូនស្រីសំណព្វចិត្ត! ក្រុមបងសុំមិនយក "Account" ប្អូនស្រីទេ តែគ្រាន់តែចង់ប្រាប់ថា សម្រស់ប្អូនធ្វើឲ្យក្រុម "Hacker" យើងលង់ស្នេហ៍ ហើយសម្រេចចិត្តមិនស៊ើបអង្កេត (ជា)ទ្រង់ទ្រាយធំ(ឡើយ)។ បងៗប្ដូររូបភាព គ្រាន់តែចង់ប្រាប់ប្អូនថា សូមនៅឲ្យឆ្ងាយពីការជេរប្រមាថ និងការមើលងាយ (...)។»
គេនៅមិនទាន់ដឹងថា តើក្រុមណាមួយ ជាអ្នកទទួលខុសត្រូវ និងនៅពីក្រោយការវាយប្រហារ ទៅលើគណនីហ្វេសប៊ុកទាំងនេះទេ។ រហូតមកដល់ម៉ោងនេះ គណនីទាំងនោះ នៅមានដំណើរការ ដោយស្ថិតក្រោមការវាយប្រហារនៅឡើយ និងមានតែគណនី «Ah Neang LDP» មួយប៉ុណ្ណោះ ដែលបានបាត់រូបបើកលែងចេញ។ ដោយឡែក គណនី«អំណាចប្រមូលផ្តុំ រាស្រអត់អំណាច» ត្រូវបានអ្នកវាយប្រហារសន្យាថា នឹងប្រគល់គណនីត្រឡប់ទៅម្ចាស់ដើមវិញ បន្ទាប់ពីខ្លួនបានស្ដាប់នូវសារជាសម្លេងជាច្រើន ដែលទំនងជាម្ចាស់គណនី ទុកនៅក្នុងប្រអប់សំបុត្រឯកជន។
បើមើលតាមរូបភាព ដែលក្រុមវាយប្រហារខាងព័ត៌មានវិទ្យាខាងលើ បានបង្ហោះប្ដូររូបភាពដើមរបស់ម្ចាស់គណនីនោះ ធ្វើឲ្យគេសង្ស័យថា នេះអាចជាស្នាដៃរបស់ក្រុម អនាមិក (Anonymous) ដោយបានដាក់ឈ្មោះខ្លួន នៅក្នុងយុទ្ធនាការនេះថា ថាជាក្រុមអនាមិក របស់គណបក្សប្រជាជនកម្ពុជា ដែលតាមកំចាត់ LDP និង CNRP។
សម្រាប់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យវិញ បានគិតថា នេះជាស្នាដៃរបស់ជន«ថោកទាប» មកពីគណបក្សសង្គ្រោះជាតិ។ លោកបានសរសរបញ្ជោះ ឲ្យអ្នកនៅពីក្រោយការវាយប្រហារនេះថា៖ «សូមអ្នកបញ្ចេញមកចុះ នូវពត៌មានសំងាត់ ដែលអ្នកមានអំពី LDP។ បើអ្នកនិយាយហើយ មិនហ៊ានធ្វើ សមនឹងគេហៅ "អាថោក"ហ្នឹងហើយ។ (...) អាថោកឯង នឹងមានអីជាសំងាត់ ដែលជាភាពអាក្រក់ត្រូវបញ្ចេញ ដូចក្រុម CNRP របស់អាថោកឯងទៅ?»៕