អ៊ុំ សំអាន ត្រូវ​សាលា​ឧទ្ធរណ៍​បដិសេធ មិន​ឲ្យ​នៅ​ក្រៅ​ឃុំ

ដោយយោងទៅលើដំណើរការស៊ើបអង្កេត របស់សាលាដំបូងរាជធានី នៅមិនទាន់បញ្ចប់​នៅ​ឡើយ​នោះ សាលា​ឧទ្ធរណ៍​បាន​ច្រានចោល​សំណើ​សុំ​នៅ​ក្រៅឃុំ របស់តំណាងរាស្រ្ត​មកពី គណបក្ស​សង្រ្គោះ​ជាតិ លោក អ៊ុំ សំអាន។ ជាការ​បដិសេធ ដែលធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ តប​ទៅនឹង​ការចាប់ខ្លួន​លោក អ៊ុំ សំអាន យក​ទៅ​ឃុំ​ជា​បណ្ដោះអាសន្ន នៅ​ក្នុង​បទ​ញុះញង់ ឲ្យប្រព្រឹត្ត​បទ​ឧក្រិដ្ឋ និងឲ្យ​មាន​ការ​រើសអើង។
អ៊ុំ សំអាន ត្រូវ​សាលា​ឧទ្ធរណ៍​បដិសេធ មិន​ឲ្យ​នៅ​ក្រៅ​ឃុំ
លោក អ៊ុំ សំអាន ដៃជាប់ខ្នោះ ត្រូវបានបញ្ជូនមកដល់សាលាឧទ្ធរណ៍។ (រូបថតសហការី)
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១៧ ឧសភា ២០១៦
  • កែប្រែចុងក្រោយ: May 17, 2016
  • ប្រធានបទ: យុត្តិធម៌-ព្រំដែន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ចម្បាំងយុត្តិធម៌នៅសាលាឧទ្ធរណ៍ ដើម្បីសុំឲ្យលោក អ៊ុំ សំអាន តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប បាន​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន បានជួបនឹងភាពបរាជ័យ នៅព្រឹកថ្ងៃអង្គារទី១៧ ខែឧសភានេះ ដែលមិនខុសគ្នា​ពី​ការ​ស្នើសុំឲ្យនៅក្រៅឃុំ ដែលបានធ្វើកន្លងមក នៅសាលាដំបូងនោះឡើយ។

លោក ជូង ជូងី មេធាវីការពារក្ដីឲ្យលោក អ៊ុំ សំអាន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ចៅក្រមបានសម្រេច មិន​ឲ្យកូនក្ដីរបស់លោក នៅក្រៅឃុំជាបណ្តោះអាសន្នទេ ដោយយោងតាមមូលហេតុពីរ៖ ទីមួយ សាលា​ដំបូង​មិន​ទាន់បញ្ចប់ការស៊ើបអង្កេត និងទីពីរ លោក អ៊ុំ សំអាន អាចបង្កចលាចលក្នុងសង្គម ប្រសិនបើ​នៅ​ក្រៅ​ឃុំ។

លោកមេធាវី បានថ្លែងឲ្យដឹងថា៖ «សភា​​​ស៊ើប​​​សួរ​​​សាលា​​​ឧទ្ធរណ៍ ​​​​​​យល់​​​ឃើញ​​​ថា ​​​គាត់​​​ជា​​​តំណាង​​​រាស្ត្រ​​​ ការ​​​ដែល​​​ដោះ​​​លែង​​​គាត់​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​​​​ អាច​​​មាន​​​ឥទ្ធិពល​​​​​​បណ្តាល​​​ឲ្យ​​​មាន​​​ភាព​​​វឹក​​​វរ​​​ក្នុង​​​សង្គម។ ទី​​​២ សភា​​​ស៊ើប​​​សួរ​​​​សាលា​​​​​​ឧទ្ធរណ៍​​​​យល់​​​ឃើញ​​​ថា ចៅក្រម​​​​​​សាលា​​​ដំបូង​​​​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​ មិន​​​ទាន់​​​បិទ​​​នីតិ​​​វិធី​​​ស៊ើប​​​សួរ​​​នៅ​​​ឡើយ។»

លោកតំណាងរាស្ត្រ អ៊ុំ សំអាន ដែលមានឈ្មោះល្បីល្បាញ នៅក្នុងសំនុំរឿងព្រំដែនកម្ពុជា-វៀតណាម ត្រូវ​បាន​អាជ្ញាធរចាប់ខ្លួន កាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ ក្នុងខេត្តសៀមរាប បន្ទាប់​ពី​លោក​បានត្រឡប់មកដល់កម្ពុជាវិញ កាលពីថ្ងៃទី១០ ខែមេសា។ បន្ទាប់មក ព្រះរាជអាជ្ញា នៅសាលា​ដំបូង​រាជធានី​ភ្នំពេញ បានចោទប្រកាន់លោក អ៊ុំ សំអាន នៅថ្ងៃនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ ពីបទញុះញង់ ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋជាអាទិ៍ និងឲ្យមានការរើសអើង តាមមាត្រា៤៩៥ និង៤៩៦នៃក្រមព្រហ្មទណ្ឌ តាមរយៈ​សកម្មភាព​របស់លោក ពីឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១០ខែមេសា ឆ្នាំ២០១៦ ដែលមានជាប់ពាក់ព័ន្ធ នឹង​សំនុំ​រឿង​ប្រើប្រាស់​ផែនទីក្លែងក្លាយ។

ជាមួយនឹងដៃជាប់ខ្នោះ លោក អ៊ុំ សំអាន ដែលត្រូវបានបញ្ជូន មកសាលាឧទ្ធរណ៍ដែរនោះ បានថ្លែងដោយខ្លី នៅ​មុន​សវនាការនាព្រឹកនេះថា៖ «រឿងដែលអយុត្តិធម៌ អ្នកការពារទឹកដី ត្រូវជាប់ពន្ធនាគារ ឯអ្នកធ្វើឲ្យ​បាត់បង់​ទឹកដី គឺជាអ្នកស្នេហាជាតិនិងរួចខ្លួនទៅវិញ»។ តំណាងរាស្ត្ររូបនេះ បានថ្លែងការពារខ្លួនទៀតថា ការចាប់​ខ្លួន​របស់​លោក បានធ្វើឡើងផ្ទុយនឹងរដ្ឋធម្មនុញ្ញ ត្រង់មាត្រា៨០។

តាមមាត្រា៨០ នៃរដ្ឋធម្មនុញ្ញាកម្ពុជា បានចែងថា៖ «តំណាងរាស្ត្រ មានអភ័យឯកសិទ្ធិសភា។ តំណាងរាស្ត្រ​រូប​ណា​ក៏​ដោយ មិន​អាច​ត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន ដោយហេតុ ពីបានសំដែងយោបល់ ឬ​បញ្ចេញ​មតិ ក្នុង​ការ​បំពេញ​មុខងាររបស់ខ្លួន សោះឡើយ។ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការ​ឃុំ​ខ្លួន សមាជិក​ណា​មួយ​នៃ​រដ្ឋសភា នឹង​អាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ឬពី​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍ របស់រដ្ឋសភា ក្នុង​ចន្លោះ​​សម័យ​ប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណី​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង។ (...)»។

ប៉ុន្តែមាត្រា៨០នេះ ត្រូវបានអាជ្ញាធររដ្ឋាភិបាល និងក្រុមសមាជិកសភាដែលមាននិន្នាការ ស្និតនឹង​គណបក្ស​ប្រជាជនកម្ពុជា (គណបក្សកាន់អំណាច) យកទៅបកស្រាយ ខុសពីការលើកឡើងរបស់លោក អ៊ុំ សំអាន ខាង​លើ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...