«ស្រះទឹកដែលយួនជីកចូលក្នុងដីខ្មែរ នៅតែដដែល!»
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី១៦ ឧសភា ២០១៦
- កែប្រែចុងក្រោយ: May 17, 2016
- ប្រធានបទ: ព្រំដែន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រទេសកម្ពុជា តាមរយៈក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ខ្លួន បានផ្ញើរកំណត់ទូត«តវ៉ា» ដល់ទៅពីរដង ទាក់ទងនឹងករណីស្រះទឹក ដែលវៀតណាមបានជីកចូលមកក្នុងដីកម្ពុជា កាលពីអំឡុងខែឧសភា ឆ្នាំ២០១៥កន្លងមកនោះ។ ស្រះទឹកទាំងនោះ មានទីតាំងស្ថិតនៅក្នុងភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ជាប់នឹងប្រទេសវៀតណាម ស្ថិតក្នុងភូមិសេសៅ ឃុំយ៉ាណាង ស្រុកដាក់កឺ ខេត្តយ៉ាឡាយ។
ប៉ុន្តែជាលទ្ធផល គឺស្រះទឹកទាំងនេះ នៅតែមានវត្តមាននៅឡើយ ហើយការរំលោភចូលដីកម្ពុជា ពីសំណាក់ប្រទេសវៀតណាម នៅត្រង់ចំណុចនោះ ក៏នៅតែជាបញ្ហាដដែលដែរ។ នេះបើតាមលោក សុខ ទូច ប្រធានក្រុមស្រាវជ្រាវ កិច្ចការព្រំដែន នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលទើបនឹងបញ្ចប់ការងារពិនិត្យ និងវាស់វែងបង្គោលព្រំដែន រវាងប្រទេសទាំងពីរ នៅក្នុងខេត្តរតនគិរី កាលពីថ្ងៃទី១៥ ខែឧសភាកន្លងមក។
លោក សុខ ទូច បានអះអាងពីភាពប្រក្រតី នៃការបោះបង្គោលព្រំដែន នៅក្នុងខេត្តរតនគិរី ថាមិនជួបនឹងបញ្ហាអ្វីឡើយ។ តែផ្ទុយទៅវិញ លោកបានលើកមកនិយាយថា មានបញ្ហានៅត្រង់ការជីកស្រះទឹក របស់វៀតណាម ដែលបានធ្វើឡើង នៅក្នុងទឹកដីកម្ពុជា។ ប្រធានក្រុមស្រាវជ្រាវកិច្ចការព្រំដែនរូបនេះ បានថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា ស្រះទឹកនោះ ស្ថិតនៅចន្លោះបង្គោល៣០ និងបង្គោល៤០ ហើយត្រូវបានវៀតណាមជីក ដោយមិនគោរពតាមកិច្ចព្រមព្រៀង រវាងរដ្ឋាភិបាលទាំងពីរ ដែលថា «មុននឹងធ្វើអី ត្រូវតែពិគ្រោះផ្ដល់ដំណឹង ទៅដល់ប្រទេសនៅជិតខាង គឺប្រទេសកម្ពុជា និងវៀតណាម»។
លោក សុខ ទូច បានពន្យល់ថា ស្រះទឹកនេះ ត្រូវបានវៀតណាមជីក នៅក្នុងទឹកដីរបស់កម្ពុជា ជម្រៅ៩០ម៉ែត្រ ពីព្រំដែន នៅចន្លោះបង្គោលលេខ៣០ ទៅ ៤០ ដែលជាតំបន់ ពុំទាន់បានបោះបង្គោលរវាងប្រទេសទាំងពីរ។ ចន្លោះពីបង្គោលលេខ៣០ ទៅបង្គោល៤០ នោះ មានចម្ងាយជិត ១០គីឡូម៉ែត្រ (៩,៧០គីឡូម៉ែត្រ)។ លោកបានបញ្ជាក់ទៀតថា៖ «តំបន់នោះ ខ្ញុំមិនបន្តទៀតទេ ព្រោះមានបញ្ហា ដែលត្រូវដោះស្រាយទៀត។ ចំនួនស្រះឥឡូវនៅសល់៨។ អាមួយទៀតលុបបាត់ហើយ។ តំបន់ហ្នឹងជាតំបន់ទឹក។»
នៅក្នុងកំណត់ទូតមួយ ពីក្នុងចំណោមកំណត់ទូតទាំងពីរ ដែលគេដឹងច្បាស់ និងចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២៩១៥ តវ៉ាទៅប្រទេសវៀតណាម លោក ហោ ណាំហុង អតីតរដ្ឋមន្ត្រីការបរទេសកម្ពុជា បានសរសេរថា តំបន់នេះ ពុំទាន់បានកំណត់ខណ្ឌសីមា នៅឡើយ។ កំណត់ទូត បានបញ្ជាក់ទៀតថា៖ «រាជរដ្ឋាភិបាលកម្ពុជា ស្នើឲ្យរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម គោរពតាមខ្សែព្រំដែននៃផែនទីបោនខ្នាត ១/១០០.០០០ និងចំណុចទី៨ នៃសេចក្តីប្រកាសព័ត៌មានរួម ដែលចុះថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។»
» អានអត្ថបទដែលទាក់ទងឡើងវិញ៖ «កំណត់ទូត»ទាំង៨ រឿងព្រំដែន«ខ្មែរ-យួន» មានពិតឬទេ?
រីឯចំណុចទី៨ នៃសេចក្តីប្រកាសព័ត៌មានរួម រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ បានលើកឡើងថា ភាគីទាំងពីរឯកភាព រក្សាស្ថានភាពបច្ចុប្បន្នដដែល មិនឲ្យមានការផ្លាស់ប្ដូរ ឬដកទីតាំងកំណត់សម្គាល់ព្រំដែន និងអប់រំទប់ស្កាត់ ពលរដ្ឋទាំងសងខាង មិនត្រូវធ្វើការដាំដុះ ឬតាំងទីលំនៅឆ្លងដែន និងសហការរក្សាសណ្ដាប់ធ្នាប់ និងសន្តិសុខព្រំដែន រហូតដល់មានដំណោះស្រាយ បញ្ហាព្រំដែននេះ។
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានព្យាយាមទាក់ទងក្រសួងការបរទេសកម្ពុជា ដើម្បីសុំការបំភ្លឺជុំវិញករណីនេះ តែមិនមានអ្នកទទួលទូរស័ព្ទ។
បន្ទាប់ពីការផ្ញើរកំណត់ទូត ទៅកាន់ប្រទេសវៀតណាមនោះ ការប្រជុំរវាងអាជ្ញាធរខេត្ត ដែលជាប់នឹងព្រំដែន ខេត្តរតនគិរី (កម្ពុជា) និងខេត្តយ៉ាឡាយ (វៀតណាម) ត្រូវបានធ្វើជាច្រើនដង តែមិនមានលទ្ធផលអ្វីឡើយ។ លោក ញ៉ែម សំអឿន អ្នកនាំពាក្យ និងជាអភិបាលរងខេត្តរតនគិរី ធ្លាប់បានថ្លែងប្រាប់វិទ្យុអាស៊ីសេរី ពីការអះអាង របស់អាជ្ញាធរវៀតណាម ថាតំបន់នោះជាទឹកដីរបស់គេ។ មិនត្រឹមតែប៉ុណ្ណឹង ភាគីវៀតណាម បានចោទពលរដ្ឋកម្ពុជា ថាបានចូលធ្វើស្រែចម្ការ នៅក្នុងតំបន់ហាមឃាត់នោះថែមទៀត។ លោក ញ៉ែម សំអឿន បានឲ្យដឹងបន្តថា៖ «មានតែថ្នាក់ជាតិទៅដោះស្រាយទេ មិនអាចដោះស្រាយត្រឹមថ្នាក់ខេត្ត និងខេត្តបានទេ។ អ្វីៗ យើងចង់រក្សានៅដដែលសិន យើងចង់ឲ្យលុបរក្សាភាពដើម វានៅតែពិបាក។»៕