កំណត់ទូតរឿង«ព្រំដែន»៖ ហោ ណាំហុង ចង់ស្ដារមុខ?
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី១៣ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 14, 2015
- ប្រធានបទ: ព្រំដែន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីករណី វៀតណាមចូលមក បាញ់ថ្នាំសម្លាប់ដំណាំ ពលរដ្ឋខ្មែរ នៅខេត្តត្បូងឃ្មុំ រួច រដ្ឋាភិបាលលោក ហ៊ុន សែន ដែលមានលោក ហោ ណាំហុង ជារដ្ឋមន្ត្រីការបរទេស បានលោត មួយជំហានយ់ាងវែង។ ជំហានដ៏វែងនោះ គឺការផ្ញើរកំណត់ទូត ពីករណីវិវាតព្រំដែនថ្មីមួយ នៅផ្នែកឦសាននៃប្រទេស តវ៉ាទៅប្រទេសវៀតណាម ខុសពីករណីវិវាតព្រំដែនមុន នៅខេត្តត្បូងឃ្មុំ ដែលលោក ហោ ណាំហុង បានអះអាងថា ពលរដ្ឋកម្ពុជាបានឈ្លានពាន ទៅដាំដំណាំ នៅក្នុងទឹកដីវៀតណាម។
ជម្លោះព្រំដែនថ្មីនោះ កើតឡើងនៅក្នុងតំបន់មួយ ដែលបើតាមរដ្ឋាភិបាល ជា«តំបន់ស» មិនមែនជាទឹកដី របស់ប្រទេសណាឡើយ តែបើតាមក្រុមប្រឆាំង ថានោះគឺជាទឹកដីកម្ពុជា ស្ថិតក្នុងខេត្តរតនៈគីរី។ កងកម្លាំងចម្រុះស្រុកអូរយ៉ាដាវ ខេត្តរតនៈគីរី សហការជាមួយកងកម្លាំងសមត្ថកិច្ច វរៈការពារព្រំដែនគោក របស់កម្ពុជា បានចុះពិនិត្យ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ ហើយបានរកឃើញថា ស្រះទឹកចំនួន៥កន្លែង (មានទំហំមិនតូចជាង ៥X១៣ម៉ែត្រ) និងរណ្តៅដីផ្សេងទៀត ត្រូវបានភាគីវៀតណាមប្រើគ្រឿងចក្រ ជីករំលោភចូលមកតំបន់ មិនទាន់កសាងខណ្ឌសីមារវាងកម្ពុជា-វៀតណាម ដែលស្ថិតក្នុងចន្លោះភូមិសាស្ត្រ នៃបង្គោលព្រំដែនលេខ៣០ និងលេខ៤០។
នៅក្នុងកំណត់ទូត ចុះថ្ងៃទី១២ ខែមិថុនា តវ៉ាទៅប្រទេសវៀតណាម ដែលជាបងប្អូនម្មឺនឆ្នាំ ចាក់ទឹកមិនលេច ជាមួយនឹងគណបក្សប្រជាជនកម្ពុជានោះ លោក ហោ ណាំហុង បានសរសេរថា តំបន់នេះ ពុំទាន់បានកំណត់ខណ្ឌសីមា នៅឡើយ។ កំណត់ទូត បានបញ្ជាក់ទៀតថា៖ «រាជរដ្ឋាភិបាលកម្ពុជា ស្នើឲ្យរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម គោរពតាមខ្សែព្រំដែននៃផែនទីបោនខ្នាត ១/១០០.០០០ និងចំណុចទី៨ នៃសេចក្តីប្រកាសព័ត៌មានរួម ដែលចុះថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។»
រីឯចំណុចទី៨ នៃសេចក្តីប្រកាសព័ត៌មានរួម ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ បានលើកឡើងថា ភាគីទាំងពីរឯកភាព រក្សាស្ថានភាពបច្ចុប្បន្នដដែល មិនឲ្យមានការផ្លាស់ប្ដូរ ឬដកទីតាំងកំណត់សម្គាល់ព្រំដែន និងអប់រំទប់ស្កាត់ ពលរដ្ឋទាំងសងខាង មិនត្រូវធ្វើការដាំដុះ ឬតាំងទីលំនៅឆ្លងដែន និងសហការរក្សាសណ្ដាប់ធ្នាប់ និងសន្តិសុខព្រំដែន រហូតដល់មានដំណោះស្រាយ បញ្ហាព្រំដែននេះ។
រហូតមកដល់ថ្ងៃទី១៣ ខែមិថុនានេះ ភាគីខាងស្ថានទូតវៀតណាម មិនទាន់បង្ហាញការឆ្លើយតបរបស់ខ្លួនយ៉ាងណានោះឡើយ ចំពោះ«កំណត់ទូត»ខាងលើ។
កំណតទូតរបស់លោក ហោ ណាំហុង ត្រូវបានទទួលការសាទរ ជាទូទៅមួយ ក្នុងនោះក៏មានលោក អ៊ុំ សំអាន តំណាងរាស្រ្ត មកពីគណបក្សសង្គ្រោះជាតិមួយរូបដែរ។ ប៉ុន្តែលោក អ៊ុំ សំអាន នៅតែបង្ហាញការសោកស្តាយ ដែលរដ្ឋាភិបាលមិនបានបង្ហាញ ឬប្រគល់ឲ្យលោកនូវផែនទី ដែលរដ្ឋាភិបាលកម្ពុជា ចេះតែលើកឡើងថាជា«ផែនទីផ្លូវការ» ឬមិនមែនជាផែនទីក្លែងក្លាយ តាមការស្នើសុំរបស់តំណាងរាស្រ្ត ជាង១០រូប កាលពីថ្ងៃទី៣ ខែមិថុនាកន្លងមកនេះ។
លោក សុខ ទូច អ្នកវិភាគឯករាជ្យ បានហៅសកម្មភាពទាំងឡាយ ទាក់ទងនឹងព្រំដែនខាងលើ ថាជាការទាញយកប្រជាប្រិយភាព របស់អ្នកនយោបាយ។ លោកបានសរសេរ ក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា ការឆ្លើយឆ្លងគ្នានៃ អ្នកនយោបាយនៅកម្ពុជា មិនបានចូលរួមដោះស្រាយបញ្ហាទេ តែវាជាការបង្កឲ្យមានបញ្ហាទៅវិញ។ លោកសរសេរថា៖ «អ្នកនយោបាយ នៅពេលបច្ចុប្បន្ននេះ កំពុងតែយកបញ្ហាព្រំដែន ជាគោលដៅក្នុងការទាញយក ប្រជាប្រិយភាព។ តែអ្នកនយោបាយនីមួយៗ គ្មានដំណោះស្រាយ មានតែការចងបញ្ហ។»
លោក ព្រហ្ម គិត អតីតមន្ត្រីច្បាប់បួនជំនាន់មកពីកម្ពុជា ដែលសព្វថ្ងៃចូលនិវត្តន៍ នៅក្នុងប្រទេសបារាំង បានថ្លែងប្រាប់ទស្សនាវដ្ដីថា ករណីព្រំដែន ជារឿងជាក់ស្ដែង ជាមួយនឹងសាក្សីរស់ នៅផ្ទាល់កន្លែង។ រឿងទាំងនេះ ទាំងខាងរដ្ឋាភិបាល ទាំងខាងក្រុមប្រឆាំង សុទ្ធតែដឹងច្បាស់។ ប៉ុន្តែបញ្ហាវានៅត្រង់ថា តើភាគីទាំងនោះ ទទួលយកបានប៉ុណ្ណា និងចង់ដោះស្រាយដែរឬទេ។ លោក ព្រហ្ម គិត បានថ្លែងឡើងថា៖ «អ្វីដែលលោក ហោ ណាំហុង បានធ្វើពេលនេះ មានដូចជាធ្វើកំណត់ទូតអីណ្នឹង ជារឿងស្ដារមុខមាត់ ដោយជៀសមិនរួច ហើយជាករណីជាក់ស្ដែង។ រឿងនៅខាងខេត្តត្បូងឃ្មុំ ក៏មិនខុសគ្នាដែរ។ គ្រាន់តែថា នៅករណីត្បូងឃ្មុំនេះ ត្រូវបានរដ្ឋាភិបាល ខ្មែរ-យួន ណ្នឹងព្រមព្រៀងគ្នា និងបាននាំគ្នា ទៅបោះបង្គោលយ៉ាងប្រញ៉ាប់ប្រញ៉ាល ដោយមិនរវល់ដោះស្រាយ ថាដីនេះ ធ្លាប់ពលរដ្ឋខ្មែរ ធ្វើស្រូវធ្វើស្រែ រស់នៅតាំងពីច្រើនជំនាន់ មកហើយនោះទេ។»៕