សុខ ទូច និង កុយ ពិសី ប្រឈមនឹងការគម្រាមសម្លាប់ ពីជនអនាមិក
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៣១ សីហា២០១៥
- កែប្រែចុងក្រោយ: September 04, 2015
- ប្រធានបទ: ព្រំដែន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីមានការគម្រាមលោក សុខ ទូច ប្រធានក្រុមស្រាវជ្រាវ នៃរាជបណ្ឌិតសភាកម្ពុជា កាលពីថ្មីៗមុននេះ នាថ្ងៃទី៣០ បន្តមកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ នេះ ជនអនាមិកផ្សេងទៀត បានប្រើភាសារគម្រាម ទៅលើអ្នកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការ កិច្ចការចម្រុះព្រំដែនកម្ពុជា វិញម្តង។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានព្យាយាម សុំការបញ្ជាក់ពីអ្នកស្រី ជុំវិញការគម្រាម របស់ជនអានាមិកនោះបាននៅឡើយ ដោយទូរស័ព្ទអ្នកស្រី ពុំមានការលើកទទួល។ តាមព័ត៌មាន ដែលទស្សនាវដ្តី ទទួលបាន បានបញ្ជាក់ថា ការគម្រាមនេះបានកើតឡើង តាមរយៈការផ្ញើរសារក្នុងទូរស័ព្ទដៃផង និងតាមរយៈហ្វេសប៊ុក របស់អ្នកស្រីផង។
គេនៅមិនទាន់ដឹង ពីព័ត៌មានណាមួយ ដែលបញ្ជាក់ពីជំហរអ្នកស្រី ថាតើនឹងត្រូវធ្វើការ ដោះស្រាយយ៉ាងណានៅឡើយ ហើយមកទល់ពេលនេះ និងថាតើការគម្រាម នៅមានបន្ត ឬបានបញ្ចប់ស្ងប់ស្ងាត់ ទៅវិញហើយ? ឯអ្នកស្រីនឹងដោះស្រាយបែបណា? តើអ្នកស្រី បានប្តឹងទៅអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធដែរឬទេ?
សារគម្រាមអ្នកស្រី កុយ ពិសី នៅបណ្តាញសង្គម ដែលត្រូវបានក្រុមអ្នកប្រើប្រាស់ ចែករំលែកតៗគ្នានោះ មានសេចក្តីថា៖ «ប្រយ័ត្នខ្លួនបន្តិចណា ម៉េចមីច្រម៉ក់ឯងថា លោក អ៊ុំ សំអាន ដើរកុហករឿងព្រំដែន។ ព្រោះកន្លងមកថ្មី២នេះ លោកស្រីធ្លាប់បានលើកឡើងចំៗថា សកម្មភាពរបស់តំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន កំពុងធ្វើដើម្បីកេងចំណេញ ផ្នែកនយោបាយ ជាមួយនឹងការភរភូត កុហក បោកប្រាស់ប្រជាពលរដ្ឋ ដោយគ្មានសំអាងការពិតនោះ»។
ឯលោក សុខ ទូច ប្រធានក្រុមស្រាវជ្រាវ បញ្ហាព្រំដែន នៃរាជបណ្ឌិតសភាកម្ពុជា (ជាសេនាធិការមួយ របស់រដ្ឋាភិបាលកម្ពុជា) ក៏ត្រូវបានជនអនាមិកផ្សេងទៀត សរសេរគម្រាមដែរថា៖ «ទុកបាញ់ក្បាល សុខ ទូច អាបណ្ឌិតខួរឆ្កែ អាបណ្ឌិត កែប្រែប្រវត្តិសាស្រ្ត អាបណ្ឌិតលក់ខួរឲ្យយួន»។ ម្ចាស់សំណេរ គម្រាមលោក សុខ ទូច នោះ ដាក់ឈ្មោះខ្លួន នៅលើហ្វេសប៊ុកថា «Sey Hu»។ ក្រៅពីការសរសេរពាក្យគម្រាមខាងលើ ម្ចាស់គណនីមួយនេះ ក៏បានផុសភ្ជាប់ជាមួយ នូវរូបថតមួយចំនួន ដូចជារូបកាំភ្លើងខ្លីមួយដើម និងគ្រាប់ចំនួន ៣១ គ្រាប់ ជាពិសេសផង។
ទស្សនាវដ្តីក៏មិនអាច ស្វែងរកប្រតិកម្ម ពីលោក សុខ ទូច ដោយផ្ទាល់បាននៅឡើយ នាពេលនេះ។ តែលោកបានបង្ហាញ តាមហ្វេសប៊ុកមានន័យថា សារគំរាមកំហែងនោះ បានធ្វើការចោទប្រកាន់រូបលោក ជាមនុស្សក្បត់ជាតិ និងលក់ដីឲ្យយួនជាដើម។ លោក សុខ ទូច បានសរសេរប្រតិកម្ម នឹងការគម្រាមនេះថា៖ «ជនរួមជាតិជាទីគោរព និងជាទីរាប់អាន ខ្ញុំនឹងធ្វើដំណើរទៅមុខ សម្រាប់ជាតិរបស់យើងទាំងអស់គ្នា និងប្រវត្តិសាស្ត្រ។ គ្មាន អ្វីដែលខ្ញុំត្រូវខ្លាច មនុស្សប្រភេទនេះទេ។ មិនបាច់មកគំរាម លើរូបខ្ញុំ (ទេ) ព្រោះមានប្រជាជនច្រើនណាស់ ធ្វើជាសាក្សី។»។
នេះជារឿងមួយកម្រ ដែលមន្រ្តីទទួលខុសត្រូវ បញ្ហាព្រំដែនកម្ពុជាដ៏ចម្រូងចម្រាស់ ចំនួនពីររូប ត្រូវជនអនាមិក គម្រាមសម្លាប់ ជាបន្តបន្ទាប់ដូច្នេះ។ ការគម្រាមនេះ បានកើតឡើង នៅក្រោយការផ្ទៀងផ្ទាត់ផែនទី ព្រំដែនកម្ពុជា រវាងផែនទី ដែលរដ្ឋាភិបាលប្រើប្រាស់ និងផែនទីមកពីប្រភពជាច្រើន ដែលត្រូវបានធ្វើជាបន្តបន្ទាប់ ក្នុងរយៈពេលចុងក្រោយនេះ។ អ្នកស្រី កុយ ពិសី ជាអនុប្រធានគណៈកម្មាធិការ កិច្ចការចម្រុះព្រំដែនកម្ពុជា ត្រូវបានគេដឹងថា បានការពារយ៉ាងប្ដូរផ្ដាច់ នូវផែនទីព្រំដែនកម្ពុជា របស់រដ្ឋាភិបាល ដែលគណៈកម្មាធិការអ្នកស្រី តែងប្រកាន់ខ្ជាប់ ធ្វើជាគោលក្នុងការចរចា និងការបោះបង្គោលសីមា ជាមួយប្រទេសវៀតណាម។ ផែនទីរបស់រដ្ឋាភិបាលកម្ពុជា ដែលគាំទ្រដោយលោក សុខ ទូច ប្រធានក្រុមស្រាវជ្រាវ បញ្ហាព្រំដែន នៃរាជបណ្ឌិតសភាកម្ពុជា តែត្រូវបានសកម្មជនព្រំដែន គិតថាជាផែនទី«ក្លែងក្លាយ»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានចាត់ទុកការគំរាមសម្លាប់ខាងលើ ជាករណីព្រហ្មទណ្ឌ។ លោកបានសរសេរ ក្នុងគណនីហ្វេសប៊ុករបល់លោកថា៖ «អាស្រ័យដោយបណ្តាញសារព័ត៌មាន សួរខ្ញុំអំពីករណី ការគំរាមសម្លាប់ ដល់បណ្ឌិត សុខ ទូច ចម្លើយរបស់ខ្ញុំ គឺយល់ឃើញថា គឺជាបទល្មើសព្រហ្មទណ្ឌ។ បន្ថែមពីលើនេះទៅទៀត គឺការប៉ុនប៉ងរារាំង ដល់ដំណើរការងារផ្ទៀងផ្ទាត់ផែនទី ដែលត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន។ ខ្ញុំជឿជាក់ថាសមត្ថកិច្ច នឹងចាត់វិធានការជាបន្ទាន់។»៕