ផៃ ស៊ីផាន យល់​ស្រប​តាម សម រង្ស៊ី តែ...

លោក សម រង្ស៊ី ទទួលស្គាល់ថា គណបក្សប្រជាជនកម្ពុជា និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិន​បាន​ចូលរួម ឬ​ធ្វើ​ឲ្យ​បាត់​បង់​ផ្នែក​ណា​មួយ នៃបូរណភាពទឹកដីកម្ពុជានោះឡើយ។ នេះ​បើ​តាម​ការអះអាង​របស់​លោក ផៃ ស៊ីផាន តាម​ជញ្ជាំង​ហ្វេសប៊ុក។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៤ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 11, 2015
  • ប្រធានបទ: ព្រំដែន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ខ្មែរអ្នកស្នេហាជាតិទាំងអស់ មិនត្រូវចាញ់ល្បិចបំបែកបំបាក់ របស់បរទេសឈ្លានពានទេ ហើយត្រូវរួមគ្នា​ជា​ធ្លុងមួយ ដើម្បីការពារទឹកដីប្រទេសយើង ឲ្យបានគង់វង្ស។» នេះជាការលើកឡើង របស់លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី នៅលើបណ្ដាញសង្គម ដែលជាការយល់ស្រប និងដើម្បីឆ្លើយឆ្លងតប​ជាមួយ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ។

បន្ទាប់ពីយុទ្ធនាការផ្ទៀងផ្ទាត់ផែនទីព្រំដែនកម្ពុជា របស់រដ្ឋាភិបាលកម្ពុជា បានធ្វើឡើងជាហូរហែ និងត្រូវបាន​បញ្ចប់កាលពីសប្ដាហ៍មុន លោក សម រង្ស៊ី បានសរសេរ នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់លោកថា៖ «បញ្ហា​ព្រំដែន និងបូរណភាពទឹកដីប្រទេសកម្ពុជា មិនមែនជាបញ្ហារវាងខ្មែរ និងខ្មែរទេ ហើយក៏មិនមែន ជាបញ្ហារវាង​គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិដែរ»។ មេបក្សរូបនេះ បានរំលេចឡើង នូវអ្នកដែល​ទទួល​ខុសត្រូវ ក្នុងការដោះស្រាយបញ្ហានោះថា ជា«ការពិត គឺជាបញ្ហារវាងខ្មែរ និងយួនទេ។ ហើយបញ្ហានេះ ក៏មិន​មែន​ទើបតែកើតឡើង នៅពេលថ្មីៗនេះដែរ។»

ប្រធានគណបក្សសង្គ្រោះជាតិ បានអះអាងទៀតថា៖ «ការពិត គឺខ្មែរយើងបានបាត់បង់ទឹកដី ក្នុងការ​ប្រឈម​មុខ​នឹងយួន តាំងពី៤០០ឆ្នាំមកហើយ។ (ពេលនោះមិនទាន់មានពាក្យ វៀតណាម នៅឡើយទេ) គឺតាំងពី​សម័យ​ស្តេចជ័យជេដ្ឋាទី២ (គ្រងរាជ្យពីឆ្នាំ១៦១៨ ដល់ឆ្នាំ១៦២៧) មកម៉្លេះ។ តាំងពីពេលនោះមក ទឹកដី​ប្រទេស​កម្ពុជារួញកាន់តែតូចទៅៗ។ ពេលនោះ ក៏មិនទាន់មាន គណបក្សប្រជាជនកម្ពុជា និងគណបក្ស​សង្គ្រោះ​ជាតិ នៅឡើយទេ។»

ការលើកឡើង របស់លោក សម រង្ស៊ី ខាងលើនេះ ត្រូវបានលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការ គណៈរដ្ឋ​មន្ត្រី​រដ្ឋាភិបាល ទទួលស្គាល់។ ប៉ុន្តែ លោក ផៃ ស៊ីផាន បានតបថា ប្រជាជនកម្ពុជាភាគច្រើន នឹងមិនចាញ់ ចាញ់​ល្បិចបរទេស ញុះញង់បំបែកបំបាក់ ឬធ្វើអោយមានឧបសគ្គ និងភាពស្មុគស្មាញ ដល់ការងារព្រំដែន របស់​រដ្ឋាភិបាលនោះឡើយ។ លោកបានធ្វើការចោទសួរត្រឡប់ ទៅពាក្យ «ត្រូវរួមគ្នាជាធ្លុងមួយ ដើម្បីការពារ​ទឹកដី ឲ្យបានគង់វង្ស» របស់លោក សម រង្ស៊ី វិញថា៖ «តើពាក្យនេះ ជាពាក្យពិត ឬសកម្មភាពពិត របស់​មេ​បក្ស​នេះ​ដែរ​ឬទេ ឬមួយជាពាក្យប្រជាភិថុត ដើម្បីសំរួលស្ថានភាពនយោបាយបរាជ័យ របស់ CNRP ដែល​បាន​រំលោភ​នោះ​មែនឬទេ? មួយវិញទៀតថា តើសកម្មភាពញុះញង់ និងបំបែកបំបាក់ ជាផែនការផ្ទាល់របស់ ឯ.ឧ សម រង្ស៊ី មែន ឬយ៉ាងណា?»

ការឆ្លើយឆ្លងគ្នា រវាងមន្ត្រីរដ្ឋាភិបាល និងមន្ត្រីគណបក្សប្រឆាំង បានកើតឡើងយ៉ាងខ្លាំងក្លា នៅក្នុងរយៈ​ពេល​ចុងក្រោយ ទាក់ទងនឹងបញ្ហាព្រំដែនដ៏ចម្រូងចម្រាស់។ ដើម្បីបញ្ជៀសការចោទប្រកាន់ ថារដ្ឋាភិបាល ប្រើ​ប្រាស់​ផែនទីក្លែងក្លាយ ក្នុងការបោះបង្គោល ជាមួយប្រទេសវៀតណាមនោះ យុទ្ធនាការផ្ទៀងផ្ទាត់​ផែនទីដ៏ធំ​មួយ ត្រូវបានរៀបចំឡើង ដើម្បីបញ្ជាក់ថា ផែនទីដែលរដ្ឋាភិបាល ខ្លួនឯងមាននៅក្នុងដៃ មានលក្ខណៈដូច​ទាំង​ស្រុង ទៅនឹងផែនទីកម្ពុជា ដែលទុកនៅបណ្ដាប្រទេសមហាអំណាច និងនៅអង្គការសហប្រជាជាតិ។ ការ​ប្រកាស​អះអាង ពីភាពដូចគ្នានេះ បានឈានទៅដល់ ការព្រមានចាត់វិធានការតាមច្បាប់ លើជនណា ឬ​ក្រុម​ណា​ក៏ដោយ ដែលហ៊ានលើកឡើយ ឬរំលឹកថា រដ្ឋាភិបាលប្រើប្រាស់ ផែនទីក្លែងក្លាយ។

តែសម្រាប់​តំណាងគណបក្ស​សង្គ្រោះជាតិ​វិញ បន្ទាប់ពីការផ្ទៀងផ្ទាត់ផែនទី របស់រដ្ឋាភិបាលកម្ពុជា និងផែនទី​មកពីប្រទេសបារាំង ត្រូវបានបញ្ចប់នោះ នៅមិនទាន់មានការបញ្ជាក់ ពីជំហរណាមួយ ឲ្យបានច្បាស់លាស់ ថា​គណបក្សខ្លួនទទួលស្គាល់ ឬមិនទទួលស្គាល់នោះឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...