តេជគុណ ឆេង សុវណ្ណឆៃ៖ ស៊ូស្លាប់ក្នុងការទាមទារ តែមិនស្លាប់ក្រោមការគាបសង្កត់
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: December 11, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រោមការពិនិត្យ និងតាមដានដោយយកចិត្តទុកដាក់ពីបណ្តាប្រជាពលរដ្ឋខ្មែរ និងអង្គការអន្តរជាតិ ទាំងក្នុងនិងក្រៅស្រុក ឃើញថាបញ្ហាពុករលួយ បក្ខពួកនិយម ការប្រើប្រាស់នូវអំណាចបុណ្យស័ក្ក និងប្រាក់កាសនៃមន្រ្តីធំៗមួយចំនួននៅកម្ពុជាបាន បង្កើតឲ្យមានបញ្ហា«នីទណ្ឌភាព» ដែលបានប្រែក្លាយឲ្យប្រទេសមួយនេះមាននូវវប្បធម៌ដែលជាទម្លាប់ «ដ៏អាក្រក់»មួយ ចាក់ឬសយ៉ាងជ្រៅ ទៅក្នុងនយោបាយដឹកនាំ នៃស្ថាប័នសាធារណៈជាលក្ខណៈប្រព័ន្ធមួយចំនួនរបស់រដ្ឋាភិបាល។
ព្រះតេជគុណ ឆេង សុវណ្ណឆៃ ក្នុងទិវាប្រារព្វសិទ្ធិមនុស្ស១០ ខែធ្នូ នាក្រុងសៀមរាប។ (រូបថត MONOROOM.info/ O.Vary)
នីទណ្ឌភាព - «គ្រូសារក្នុងសម័យតេជោ ដឺខេមបូឌា អហ្វ វុនដឺ (Cambodia of Wonder) ជា ខេមបូឌាមហាពុករលួយ។ (...) ក្រោយការបោះឆ្នោតថ្មីៗ លោកហ៊ុន សែន បាននិយាយថា គ្មាននណាម្នាក់បង្កើតច្បាប់ឲ្យទាល់ច្រកទេ។ (...) បើចាញ់ឆ្នោតចុះចេញពីតំណែង បើការពារព្រៃឈើមិនបាន សុខចិត្តកាត់ក្បាល សម្តីរបស់គាត់ជាសម្តីកំសាក សម្តីអន់។ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិបានចាត់ទុកថា "ខ្មែរជាប្រទេសរំលោភសិទ្ធិមនុស្ស លំដាប់អន្តរជាតិ"។» បញ្ហាខាងលើ ត្រូវបានលើកឡើងដោយព្រះតេជគុណ ឆេង សុវណ្ណឆៃ ក្នុងទិវាប្រារព្វសិទ្ធិមនុស្ស១០ ធ្នូ កាលពីម្សិលម៉ិញនាក្រុងសៀមរាប ខេត្តសៀមរាប-អង្គរ។
ព្រះតេគុណអង្គនេះបានមានសង្ឃដីកាបន្តរថា មកទល់នឹងបច្ចុប្បន្ននេះ ព្រះអង្គមានព្រះជន្ម២៧ឆ្នាំហើយ តែនាយករដ្ឋមន្រ្តីសម្រាប់ស្រុកខ្មែរ ឃើញមានតែលោក ហ៊ុនសែន មួយគត់ដែលបន្តរកាន់អំណាច ខុសពីប្រទេសថៃដែលមកទល់នឹងពេលនេះ មាននាយករដ្ឋមន្រ្តីជាងដប់ទៅហើយនោះ។ «ឥឡូវល្មមប្តូរលោក ហ៊ុន សែនបានឬនៅ? អត់សុខចិត្តទេ តាំងពីពេលនេះតទៅ។ ប្រទេសខ្មែរ មិនអាចទ្រាំរស់នៅ ក្រោមអំពើពុករលួយបែបហ្នឹងបានទេ ប្រជាពលរដ្ឋយំរាល់ថ្ងៃអំពីដីធ្លី។ (...) បើខ្លួនមិនបានធ្វើខុស នោះគេមិននិយាយាឡើយ។»
ព្រះអង្គបានលើកជាឧទាហរណ៍ថា ដូចករណីលោក ជាម យាប ដែលជាមន្រ្តីថ្នាក់កំពូលមកពីគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្រ្ត ដែលតំណាងឲ្យប្រជាពលរដ្ឋទូទាំងប្រទេស បែរជាបុកមនុស្សស្លាប់ហើយ ជិះរថយន្តរត់ មិនទទួលខុសត្រូវ ដោយគ្រាន់តែថា បើមិនរត់ប្រជាពលរដ្ឋនិងវាយស្លាប់។ លោក ជាម យាប ដាច់ខាតត្រូវទទួលខុសត្រូវចំពោះមុខច្បាប់រដ្ឋ ទាំងរដ្ឋប្បវេណី និងព្រហ្មទណ្ឌ និងហ៊ានប្រឈមមុខនឹងការពិត មិនត្រូវធ្វើជាមនុស្សកំសាកទេ។ «ក្នុងនាមជាតំណាងរាស្រ្ត បើខ្លាចស្លាប់យ៉ាងនេះ តើយកមកធ្វើជាតំណាងរាស្រ្តបានដែរ?។ (...) តើតុលាការស្រុកខ្មែរនឹងដោះស្រាយយ៉ាងណាចំពោះបញ្ហានេះ ?»
ព្រះអង្គ ក៏ស្នើសុំឲ្យតុលាការសាលាដំបូងរាជធានីភ្នំពេញ ដែលមានប្រធានជាសកម្មជនមកពីគណបក្សប្រជាជនកម្ពុជា ធ្វើការបង្ហាញពីភាពឯករាជ្យរបស់ខ្លួន តាមរយៈការតាមចាប់ខ្លួន លោក ឈូក បណ្ឌិត ដែលមានចេតនាក្នុងការបាញ់សម្លាប់កម្មការនីបីនាក់ នៅខេត្តស្វាយរៀងមកផ្តន្ទាទោសតាមច្បាប់។ ព្រះអង្គបានបន្តរថា តាមរយៈបញ្ហាទាំងពីរករណីខាងលើ បើតុលាការឯករាជ្យនោះ នឹងមានយុត្តិធម៌សម្រាប់ជនរងគ្រោះក្រីក្រ និងស្មោះត្រង់ទាំងនេះ។ តែផ្ទុយមកវិញ បើតុលាការកម្ពុជា មិនមានចំណាត់ការណាមួយ តាមច្បាប់ចំពោះបញ្ហាទាំងពីរខាងលើទេ កម្ពុជានឹងបន្តរមានបញ្ហា«នីទណ្ឌភាព» ដែលមិនអាចដោះស្រាយបានសម្រាប់ពេលនេះ និងទៅអនាគត។
ជាមួយនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ ព្រះអង្គបានបន្តថា ប្រជាពលរដ្ឋគ្មានប្រាក់ យំរាល់ថ្ងៃរឿងដីធ្លី រស់នៅយ៉ាងវេទនា ដោយសារតែអំពើរំលោភសិទ្ធិមនុស្ស។ អ្នកក្រកាន់តែក្រ ឯអ្នកមានកាន់តែមានឡើង អ្នកធំសណ្តោងបក្ខ និងកូនចៅជាក្រុមពួកនិយម។ «តើអ្នកធំណាមួយ ដែលមានកូនចៅក្រ គ្មានអំណាច គ្មានបុណ្យស័ក្ត? មិនមានទេ! នោះហើយជាបក្ខពួកនិយមតាមលក្ខណៈជាប្រព័ន្ធ។ (...) អាត្មាសុខចិត្តស្លាប់ដោយការទាមទារ តែមិនសុខចិត្តស្លាប់ក្រោមការគាបសង្កត់របស់អ្នកឡើយ។ មិនអាចទ្រាំទ្ររស់នៅ ក្នុងសង្គមបែបនេះបានទេ។»
«ថ្ងៃនេះថ្ងៃស្អែក សូមកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍»
ជាមួយនឹងពាក្យស្លោកមួយម៉ាត់របស់លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានប្រកាលក្នុងពេលថ្មីៗនេះ ជាមួយនឹងការបិទជាប់ លើរថយន្តធ្វើអាជីវកម្មគ្រប់ប្រភេទក្រោមន័យថា «ថ្ងៃនេះថ្ងៃស្អែក សូមកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍» សង្ឃអង្គនេះបន្ថែមថា លោកហ៊ុន សែនគួរតែគិតគូរ ពីការគោរពសិទ្ធិមនុស្សឲ្យបានច្រើនជាងនេះ បើមិនដូច្នេះទេ សម្តីលោក និងមិនមានន័យទៀតទេសម្រាប់ប្រជារាស្ត្រខ្មែរ។ ហើយព្រះអង្គបានស្នើសុំប្តូរនូវឃ្លាខាងលើមកជាន័យថា «ថ្ងៃនេះថ្ងៃស្អែក បៀមព្រះមកស្បថក៏គ្មានអ្នកជឿ»។ (...) បើស្រលាញ់ បើអាណិត បើជឿទុកចិត្តលើប្រជាពលរដ្ឋ សូមចុះចេញពីតំណែង៕»
---------------------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ