ជួន សុវណ្ណ៖ មិនមានការប្រើអំពើហិង្សា ឬការឃាត់ខ្លួនស្អីទាំងអស់
មិនមានការឃាត់ខ្លួន ឬការប្រើអំពើហិង្សាណាមួយ លើប្រជាពលរដ្ឋនៅជិតស្ថានទូតអាមេរិក កាលពីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣នោះទេ។ នេះបើយោងតាមការអះអាងរបស់សមត្ថកិច្ច និងដោយមានបញ្ជាក់អះអាង ពីមន្ត្រីអង្គការសង្គមស៊ីលវិលផង។
សកម្មភាព ដែលចាប់ពលរដ្ឋនិងព្រះសង្ឃ ព្រមទាំងសម្ភារះផ្សេងៗពីពូកគាត់ ដាក់ក្នុងរថយន្ដ។ (រូបថត Facebook)
សន្តិសុខ សណ្ដាប់ធ្នាប់ - ប្រភពពីកងកម្លាំងសមត្ថកិច្ច បានលើកឡើងថា ក្នុងហេតុផលសន្តិសុខ និងសណ្តាប់ធ្នាប់របស់រាជធានីភ្នំពេញ ក៏ដូចជាស្ថានទូតអាមេរិក សមត្ថកិច្ចគ្រាន់តែជម្លៀស ឬបណ្តេញពួកគេចេញដោយសន្តិវិធី ខណៈពួកគេមានទាំងព្រះសង្ឃ និងប្រជាពលរដ្ឋច្រើនជាង៣០០ (អង្គ-នាក់) បានក្រាញននៀល ក្នុងបំណងប្រមូលផ្តុំ និងបោះទីតាំងសម្រាកនៅទីនោះ ដើម្បីទាមទារឲ្យមានការគោរពសិទ្ធិមនុស្ស និងមានយុត្តិធម៌ក្នុងការបោះឆ្នោត។
ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន សុវណ្ណ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ នេះថា សមត្ថកិច្ចរបស់លោកមិនមានការប្រើអំពើហិង្សា ឬការចាប់ឃាត់ខ្លួនបាតុករណាម្នាក់ទេ បើទោះជាក្រុមបាតុករ បានព្យាយាមបដិសេធ មិនចាកចេញពីកន្លែង ដែលត្រូវហាមឃាត់មិនអោយស្នាក់នៅក៏ដោយចុះ។ ស្នងការក្រុងដដែលនេះបន្តថា ដើម្បីសន្តិសុខ និសណ្តាប់ធ្នាប់សង្គម ជាពិសេសស្ថានទូតអាមេរិក សមត្ថកិច្ចបានសម្រេចនាំបាតុករ ដែលរឹងទទឹងមួយចំនួន ទៅសម្រាកនៅផ្ទះសំណាក់ តែពួកគេ បានបដិសេធ។
លោក ជួន សុវណ្ណ បញ្ជាក់ថា៖ «ដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈ យើងបានអញ្ជើញគាត់ចេញ ដោយរកផ្ទះសំណាក់ឲ្យគាត់សំរាក ចេញលុយផ្ទះសំណាក់ឲ្យផង ។ ប៉ុន្តែពួកគាត់មិនព្រមស្នាក់នៅផ្ទះសំណាក់ទេ ដោយពួកគាត់ចង់ស្នាក់នៅវត្ត អញ្ចឹងយើងក៏ទាក់ទងទៅគណៈកម្មការវត្តគៀនឃ្លាំង ផ្តល់ជម្រកសមបំណងគាត់ទៅ (...) មិនមានការប្រើអំពើហិង្សា ឬការឃាត់ខ្លួនស្អីទាំងអស់»។
ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ មិនអាចទាក់ទងតំណាងក្រុមបាតុករ ដើម្បីធ្វើការអត្ថាធិប្បាយបានទេ។ តែបើយោងលើលោក មឿន តុលា មន្ត្រីកម្មវិធីសិទ្ធិការងារ របស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ដែលបានស្ថិតនៅក្នុងហេតុការណ៍នោះ បានលើកឡើថា បើទោះជាមានប្រភពខ្លះបានអះអាងថា មានការឃាត់ខ្លួន និងការប្រើអំពើហិង្សាក៏ដោយ ក៏លោកមិនបានគិតថា ក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានប្រើអំពើហិង្សា ឬឃាត់ខ្លួនបាតុករនោះទេ ខណៈមានមន្រ្តីអង្គការសហប្រជាជាតិ ក៏បានចូលរួមតាមដានករណីនេះដែរ។
លោក មឿន តុលា បញ្ជាក់ថា៖ «ខ្ញុំមិនយល់ថា នេះជាការចាប់ខ្លួនទេ ព្រោះអាជ្ញាធរសុំឲ្យពួកគាត់ចេញពីស្ថានទូតអាមេរិក តែប្រជាពលរដ្ឋនៅទទឹង ចង់សម្រាកនៅស្ថានទូតអាមេរិក គេឲ្យគាត់ឡើងឡាន គាត់អត់ឡើងអញ្ចឹង គេក៏សែងគាត់ដាក់ឡានទៅស្នាក់នៅ ផ្ទះសំណាក់មហាលាភ។ (...) អត់មានការប៉ះទង្គិចដោយហិង្សាទេ គាត់មានសេរីភាពតាំងពីយប់មិញម្លេះ។ តែការឆ្លើយតបរបស់សមត្ថកិច្ចច្រើនពេក រាប់រយនាក់ អត់មានសមតុល្យភាព ខណៈពួកបាតុករមានគ្នាតិច៕»
---------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ