តារាថ្មី «ជួប ទះ» រះព្រោងព្រាតពេញហ្វេសប៊ុក
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៩ មីនា ២០១៨
- កែប្រែចុងក្រោយ: March 30, 2018
- ប្រធានបទ: ត្រកូលជួប
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើគេស្គាល់ពីមុនមក ពីតារាចម្លែកៗ ដែលដាក់ឈ្មោះខ្លួនឯង ជួប សម្លាប់ និងត្រូវបានគេដាក់ឈ្មោះឲ្យ ដូចយ៉ាង ជួប ប្ដឹង - ជួប សន្លប់ - ឬក៏តារាថ្មីមួយ ហៅថា ជួប ខាំ នោះ ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម សូមបង្ហាញជូន ឈ្មោះតារាថ្មីមួយរូប ហៅថា ជួប ទះ!
តារា ជួប ទះ ដែលរះនៅពាសពេញហ្វេសប៊ុក តាំងពីថ្ងៃបើកសវនាការ របស់សាលាឧទ្ធរណ៍ លើសំនុំរឿងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិមកនោះ គឺគ្មាននរណាផ្សេង ក្រៅពីលោក គឹម វុត្ថា ប្រធានសន្តិសុខ របស់ខណ្ឌដូនពេញនោះឡើយ។ លោក គឹម វុត្ថា ចាប់ផ្ដើមល្បីឈ្មោះ បន្តិចម្ដងៗ រហូតបានក្លាយជា«តារា» បន្ទាប់ពីលោកបានប្រើ «សន្ទុះដៃមហាកម្លាំង» របស់លោក ទះផាំងទៅលើផែនថ្ពាល់ របស់យុវជនម្នាក់ ដែលគ្រាន់តែយុវជនរូបនោះ គូសគំនូសបន្តិចបន្តួច នៅលើទ្រូងថ្នល់សាធារណៈ។
គំនូសនោះ ជាអក្សរ «0+0=8» ហើយត្រូវបានក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស អះអាងថា ជាការបញ្ចេញមតិ ក្នុងនាមជាពលរដ្ឋម្នាក់ និងមិនមានប៉ះពាល់ ដល់សម្បត្តិសាធារណៈ ឬសណ្ដាប់ធ្នាប់អ្វីធ្ងន់ធ្ងរឡើយ។ ផ្ទុយទៅវិញ ការប្រើ «សន្ទុះដៃមហាកម្លាំង» ទះតប់ ពីសំណាក់មន្ត្រីខណ្ឌ ដែលមានតួនាទី ជាអ្នកការពារសន្តិសុខនោះ គឺជាបទល្មើសឧក្រិដ្ឋ បង្ករបួសស្នាម ដែលចាំបាច់ ត្រូវមានការផ្ដន្ទាទោស។
តែការរង់ចាំចំណាត់ការ ពីសំណាក់អាជ្ញាធរ ឬពីសំណាក់រដ្ឋាភិបាលកម្ពុជា ទំនងជាពិបាក មិនខុសអ្វី ពី«ការសុំភ្លើងពីយក្ស»ឡើយ បើទោះជាហេតុការណ៍ «ទះតប់» ខាងលើ ទទួលរងនូវប្រតិកម្មយ៉ាងខ្លាំងក្លា (វីដេអូ និងរូបថត ដែលបង្ហាញពីហេតុការណ៍នេះ ទទួលបានការចែករំលែក រាប់ពាន់ និងម៉ឺនដង ក្នុងរយៈពេល រវាងតែប៉ុន្មានម៉ោងប៉ុណ្ណោះ) ពីបណ្ដាជនទូទៅក៏ដោយ។ ពិបាកដូចសុំភ្លើងពីយក្ស... ដូច្នេះដើម្បីកាត់បន្ថយភាពទន្ទឹង និងការក្ដៅក្រហាយ អ្នកប្រើប្រាស់បណ្ដាញសង្គម មានជម្រើសមួយទៀត គឺត្រូវចាត់ការ ដោយខ្លួនឯង៖ យករូបភាពរបស់តារា ទើបនឹងរះថ្មី ធ្វើការចំអក កាត់ត មុននឹងយកមកបង្ហោះ នៅពាសពេញទឹកពេញដី។
ខាងក្រោមនេះ ជារូបភាពចំអកមួយចំនួន របស់តារាថ្មី ឈ្មោះ «ជួប ទះ» ៖