ធី សុវណ្ណថា គម្រាមឲ្យ វីល្លៀម ក័ង ជាប់គុកឬរត់ចោលស្រុក
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី៣០ មីនា ២០១៨
- កែប្រែចុងក្រោយ: March 30, 2018
- ប្រធានបទ: តារាហ្វេសប៊ុក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កាលពីម្សិលម៉ិញ អ្នកនាង ធី សុវណ្ណថា អតីតតារាហ្វេសប៊ុកដ៏ល្បី បានសរសេរគម្រាម ដោយមិនចេញឈ្មោះ ទៅលើ«លោក»ម្នាក់ ដែលបាន«ជេរ ប្រមាថ និងប្ដឹង» នាង តាំងពី៤ឆ្នាំមកហើយ ដោយលើកឡើងថា៖ «បើលោកឯងជាប់គុក ឬរត់ចោលស្រុក កុំបន្ទោសខ្ញុំ»។
ប្រសិនជាយុវតី សកម្មនារីគណបក្សកាន់អំណាច និងជាមនុស្សស្និត នឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រូបនេះ មិនបញ្ចេញឈ្មោះ ពី«លោក»ម្នាក់នោះ ថាជានរណាក្ដី តែភិនភាគ និងរឿងរ៉ាវ អាចធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងឡាយយល់ភ្លាម ថាយុវតីវ័យ២៣ឆ្នាំរូបនេះ កំពុងនិយាយពីលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ វីល្លៀម ក័ង (William Guang) ដែលអ្នកនាងកំពុងមានបញ្ហាក្ដីក្ដាំជាមួយ នៅឯតុលាការ។
អ្នកនាង ធី សុវណ្ណថា បានសរសេរឡើងថា៖ «លោកជេរខ្ញុំ៤ឆ្នាំ ខ្ញុំអធ្យាស្រ័យឲ្យលោក។ លោកនៅតែតាមប្រមាថជេរខ្ញុំ ដាក់ពាក្យប្តឹងខ្ញុំ ខ្ញុំនៅតែអាណិត និងបន្តអធ្យាស្រ័យឲ្យលោក។ ថ្មីៗនេះ លោកជំរុញនិតិវិធីច្បាប់ ឲ្យកោះហៅខ្ញុំ។ ការអធ្យាស្រ័យអត់ធ្មត់ខ្ញុំ ដល់ដែនកំណត់ហើយ បើលោកជាប់គុក រឺរត់ចោលស្រុក កុំបន្ទោសខ្ញុំ...។»។
កាលពីដើមខែកុម្ភៈ លោក វីល្លៀម ក័ង បានដាក់ពាក្យបណ្ដឹង ប្ដឹងអតីតតារាហ្វេសប៊ុក ពីបទ«បរិហារកេរ្តិ៍ ជាសាធារណៈ និងញុះញង់ ឲ្យមានការរើសអ៊ើង» ទៅកាន់សាលាដំបូងរាជធានី។ ហើយនៅក្នុងបណ្ដឹងនេះ លោក ខាំ សុផារី ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូង បានចេញដីកា កាលពីថ្ងៃព្រហស្បត្តិ ទី២២ ខែមីនាសប្ដាហ៍មុន កោះហៅអ្នកនាង ធី សុវណ្ណថា ឲ្យចូលខ្លួនទៅកាន់សាលាដំបូង នៅថ្ងៃទី៩ ខែមេសាខាងមុខ ដើម្បីធ្វើការ «សាកសួរ»។
ក្រុមមេធាវី ការពារក្ដីឲ្យអតីតតារាហ្វេសប៊ុក បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា ពួកខ្លួនកំពុងធ្វើនីតិវិធី ដើម្បីសុំពន្លឿនថ្ងៃកោះហៅនោះ ពីថ្ងៃ៩ ខែមេសា មកថ្ងៃទី៥ ខែមេសាវិញ ក្រោមមូលហេតុថា កូនក្ដីរបស់ផងខ្លួន ត្រូវចាកចេញ ទៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី៨ ខែមេសា មួយថ្ងៃមុនថ្ងៃកោះហៅ។
នៅចំពោះការគម្រាម ដោយប្រយោលខាងលើ របស់សកម្មនារីរបស់គណបក្សប្រជាជនកម្ពុជា លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង បានប្រកាសតបវិញ ថា លោកមិន«ញញើត»អ្វីឡើយ។ លោកថា៖ «មុនខ្ញុំឈានជេីង មកប្រឡូកនយោបាយ ខ្ញុំមិនដែលញញេីត គុកច្រវ៉ាក់មឈូសទេ សុំជ្រាប ហេីយកុំយក [គុកច្រវ៉ាក់មឈូម] មកគម្រាម ទៅអត់រួចទេ!»។
លោក វីល្លៀម ក័ង បានបន្តទៀតថា៖ «ខ្ញុំបម្រេីផលបយោជន៍ប្រជាជន ប្រជាជាតិ និង[ប្រឆាំង]ការឈ្លានពាន[ពី]បរទេស ដោយមិនខ្លាចរអារ មិនញញេីត មិនរាថយ មិនចុះចាញ់ និងមិនចុះចូល»៕