ជន​ជាប់​ចោទ​យំ ព្រោះ​ដឹង​ថា​ចៅក្រម​កាត់​ក្ដី ជា​«អតីត​មិត្ត​រួម​ថ្នាក់»

ជនជាប់ចោទ លោក អាតៀ ប៊ូធ (Arthur Booth) បានធ្លាក់ខ្លួន ស្រយ៉ុតស្រយ៉ង់ នៅចំពោះសំនួរ ដែល​ស្មាន​មិន​ត្រូវ របស់ចៅក្រមកាត់សេចក្ដី អ្នកស្រី មីនឌី គ្លាស៊័រ (Mindy Glazer) នៅក្នុងសវនាការមួយ នៃ​តុលាការ​ក្រុង មីអាមី សហរដ្ឋអាមេរិក។
ការថ្លែងតទល់គ្នា រវាងអតីតមិត្តភ័ក្រពីរនាក់ ដែលបានក្លាយនៅពេលនេះ ជាចៅក្រម និងជនជាប់ចោទ។
Loading...
  • ដោយ: សុបិន្ដ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៤ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 05, 2015
  • ប្រធានបទ: ជីវិត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ចៅក្រមកាត់សេចក្ដី អ្នកស្រី មីនឌី គ្លាស៊័រ (Mindy Glazer) ត្រូវប្រកាសសាលក្រមមួយ ដើម្បីសម្រេចទោស ទៅលើបទល្មើស គាស់ផ្ទះលួចទ្រព្យសម្បត្តិមួយ នៅក្រុងមីអាមី (រដ្ឋផ្លរីដា សហរដ្ឋអាមេរិក)។ ផ្ទុយទៅវិញ ជនជាប់ចោទ បែរ​ជា​ទទួលបាន នូវការសាកសួរមួយ ដែលខ្លួនមិនដែល​នឹកស្មានដល់ ពីសំណាក់ចៅក្រមខាងលើទៅវិញ។

អ្នកស្រី គ្លាស៊័រ បានសម្លឹងជនជាប់ចោទ ដោយក្រសែរមុត ហើយលើកជាសំនួរឡើងថា៖ «តើយើងដូចជាធ្លាប់ ជាមិត្តភ័ក្រជិតដិត កាលនៅសាលារៀនឬ?» សំនួរដែលធ្វើឲ្យ អាតៀ ប៊ូធ (Arthur Booth) បានរមៀលទឹកភ្នែកចុះ ជាមួយ​នឹង​សំដី​ឧទានឡើងតិចៗថា៖ «ឱ ព្រះជាម្ចាស់... ឱ ព្រះអើយ...»។

បើទោះជាអ្នកស្រី មីនឌី គ្លាស៊័រ មិនទទួលបានចម្លើយ ពីជនជាប់ចោទមកវិញ តែអ្នកស្រីខ្លួនឯងយល់ច្បាស់​ណាស់ ពីអ្វីដែលកំពុងកើតឡើង នៅចំពោះមុខ។ អ្នកស្រីបានថ្លែងឡើងទៀត ទាំងក្រៀមក្រំថា៖ «ខ្ញុំតែងតែ​សួរខ្លួនឯងថា តើអ្នកឯងធ្វើអ្វីហើយពេលនេះ។ អ្នកឯងជាពួកម៉ាកម្នាក់ មានចិត្តថ្លើមល្អណាស់ នៅសាលា។ ឥឡូវនេះ រឿងវាធ្វើឲ្យខ្ញុំសោកសង្រេងណាស់ ដែលឃើញអ្នកឯង នៅចំពោះមុខខ្ញុំ។»។

បើមើលឯកសារស៊ើបអង្កេត និងប្រវត្តិបទល្មើស របស់ជនជាប់ចោទ បានឲ្យដឹងថា លោក អាតៀ ប៊ូធ បាន​ធ្លាក់ខ្លួនញៀនថ្នាំ នៅក្រោយបន្តការសិក្សា នៅថ្នាក់អនុវិទ្យាល័យបានបន្ដិច។ សម្រាប់អ្នកស្រីចៅក្រមវិញ មិនអាចធ្វើអ្វីផ្សេងបាន ក្រៅតែពីផ្ដន្ទាទោសតាមច្បាប់ អតីតមិត្តសម្លាញ់របស់ខ្លួន ឲ្យជាប់ពន្ធនាគារប៉ុន្មាន​ខែ ប៉ុន្តែ​អាច​បង់ប្រាក់តំកល់ ដើម្បីអាចមានសេរីភាព ដែលស្ថិតក្រោមល័ក្ខខ័ណ្ឌ មានចំនួនប្រមាណជា ៤៤ ០០០ ដុល្លា​អាមេរិក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...