ការដួលរលំនៃបន្ទាយលង្វែក និងប្រាក់ឌួងសៀម
- ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី១៧ ឧសភា ២០១៦
- កែប្រែចុងក្រោយ: May 18, 2016
- ប្រធានបទ: ប្រវត្តិសាស្ត្រ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើប្រវត្តិនៃការដួលរលំបន្ទាយលង្វែក នៅចុងសតវត្សន៍ទី១៦ (ក្នុងឆ្នាំ១៥៩៤) បានកើតឡើងដោយសារភាពលោភលន់ និងកង្វះការពិចារណាវែងឆ្ងាយ របស់ប្រជាជនកម្ពុជាខ្លួនឯង រហូតបានកាប់ឆ្ការ កំពែងព្រៃឬស្សីជុំវិញរាជធានី ដើម្បីយកប្រាក់ឌួង និងដើម្បីបង្កភាពងាយស្រួល ឲ្យសៀមលើកទ័ពវាយបំបែករាជធានីមែនឬ? មានមតិជាច្រើន បានលើកឡើងខុសៗគ្នា ជាពិសេសមានការប្រទាំងប្រទើសគ្នា រវាងឯកសារព្រះរាជពង្សាវតាខ្មែរ របស់ប្រទេសកម្ពុជា និងព្រះរាជពង្សាវតាអយុធ្យា របស់ប្រទេសថៃ ទាក់ទងនឹងហេតុការណ៍ នៃការធ្វើសង្គ្រាមរបស់សៀមប្រឆាំងខ្មែរ នៅក្នុងសម័យកាលនោះ។
ដំបូងគេ លោក ចិន្ត ច័ន្ទរតនា ទទួលសញ្ញាប័ត្របណ្ឌិត ជំនាញខាងបូរាណវិទ្យា និងប្រវត្តិសិល្បៈ ពីសកលវិទ្យាល័យស៊កប៊ន (Sorbonne) នៃរដ្ឋធានីប៉ារីស (បារាំង) បានលើកយកចំណុចមួយចំនួន ដែលសៀវភៅព្រះរាជពង្សាវតាអយុធ្យា របស់ប្រទេសថៃ បានសរសេរចាប់ពីទំព័រ ១៣៩ ដល់ទំព័រ ១៥៤ និងដែលមានលក្ខណៈផ្ទុយពីសៀវភៅ ព្រះរាជពង្សាវតាខ្មែរ របស់ប្រទេសកម្ពុជា។ លោកបានចាប់ផ្ដើមបន្ទាត់ថា បន្ទាប់ពីបានវាយបក ទៅលើព្រះចៅនៃរាជវង្ស តុងអ៊ូ (Tongoo) នៅរាជធានី ហង្សាវតី (ប្រទេសភូមា) រួចមក ព្រះចៅ ណារ៉េសូរ (King Naresuan) របស់សៀម បានលើកទ័ពចូលធ្វើសង្គ្រាម ប្រឆាំងក្រុងកម្ពុជាធិបតី។
លោក ចិន្ត ច័ន្ទរតនា បានស្រង់ចំណារ ពីក្នុងឯកសារ ព្រះរាជពង្សាវតាអយុធ្យា នោះមករៀបរាប់ថា៖ «នៅក្នុងសង្គ្រាមជាមួយខ្មែរលើកនេះ សៀមបានកែនកងទ័ពមានទាំងជើងគោក និងជើងទឹក កងទ័ពសេះ កងទ័ពដំរី ជាច្រើនកង ដើម្បីវាយបង្ក្រាបមកលើទ័ពខ្មែរ។ សៀមបានប៉ះប្រយុទ្ធ ជាមួយកងទ័ពខ្មែរនៅក្រុង (បន្ទាយ?) បាត់ដំបង ពោធិ៍សាត់ និងនៅស្រុកបរិបូរណ៍ ដែលធ្វើអោយកងទ័ពទាំងសងខាងស្លាប់ ជាច្រើនម៉ឺននាក់។» ឯកសារថៃដដែលនេះ បានរំលឹកអំពីវីរៈភាពរបស់កងទ័ពខ្មែរ ដែលមានថ្វីដៃខ្លាំងពូកែ សុខចិត្តពលីជីវិតនៅក្នុងសមរភូមិ មិនចុះញ៉មជាមួយទ័ពសៀម ជាដាច់ខាត។
«តែទោះជាយ៉ាងនេះក្តី ដោយសារកងទ័ពសៀម មានចំនួនច្រើនជាង ទើបធ្វើឲ្យបន្ទាយការពារតាមតំបន់នីមួយៗ ត្រូវបានទ័ពសៀមដណ្តើមបាន ព្រមទាំងបានចាប់ចៅហ្វាយខេត្តទាំងនោះ ជាឈ្លើយសឹកទៀតផង។»
បណ្ឌិតផ្នែកបូរាណវិទ្យា បានបន្តទៀតថា លុះពេលវាយមកដល់រាជធានីលង្វែក (Lawaek) ស្តេច នរេសូរ បានចេញព្រះរាជបញ្ជា ឲ្យកងទ័ពគ្រប់ផ្នែកទាំងអស់ ឡោមព័ទ្ធបន្ទាយ។ ព្រះរាជពង្សាវតាអយុធ្យាបានសរសេរថា៖ «(...) ព្រះចៅនរេសូរ បានគង់ប្រថាប់នៅលើដំរីខាងមុខកងទ័ព ដើម្បីប្រយុទ្ធនៅក្នុងសមរភូមិ។ (...) ព្រះបាទអគ្គទសរតន៍ ក៏គង់នៅលើដំរីខាងមុខកងទ័ពដែរ។ (...) រីឯកងទ័ពស្រួចដ៏ក្លាហាន (សៀម) បានឈរនៅលើខ្នងដំរី នៅពីមុខក្លោងទ្វារខាងជើងដែរ ដឹកនាំដោយ "Praya Maha Yotha"។ »
«"Praya Maha Yotha" "Praya Si Ratcha Decho" "Praya Thai Nam" និង"Praya Ratcha Manu" បានបញ្ជាដំរីរបស់ពួកគេ សំរុកចូលទៅកំទេចទ្វាររាជធានី។ កងទ័ពខ្មែរដែលឈរការពារ នៅតាមច្រកទ្វារនីមួយៗ បានបាញ់ព្រួញ កាំភ្លើងតូច-ធំ និងគ្រាប់រំសេវ ចេញទៅគ្រប់ជ្រុងទាំងអស់ ធ្វើអោយទ័ពសៀមស្លាប់ និងរបួសជាច្រើននាក់។ ប៉ុន្តែ "Praya Maha Yotha" នៅតែបញ្ជាដំរីអោយរត់ទៅមុខ និងកំទេចទ្វាររបស់រាជធានី ឲ្យទាល់តែបាន។ ទីបំផុត នៅថ្ងៃសៅរ៍ ៣កើត ខែពិសាខ ឆ្នាំវក ក្លោងទ្វារបន្ទាយ ឬរាជធានីលង្វែក ក៏ត្រូវបានដួលរលំ។ ទាហ៊ានសៀមបានចូលទៅក្នុងរាជធានី និងចាប់ខ្មែរជាច្រើននាក់ ហើយបានចាប់យកស្តេចខ្មែរ ទៅថ្វាយស្តេចសៀម។ (...)»
លោក ចិន្ត ច័ន្ទរតនា បានសរុបសេចក្ដី និងចោទជាសំនួរឡើងថា៖ «ត្រង់ចំណុចនៃការរៀបរាប់អំពីចម្បាំងនេះ ខ្ញុំមិនបានឃើញសៀវភៅ ព្រះរាជពង្សាវតាអយុធ្យា និយាយអំពីការបាញ់ប្រាក់ឌួង ចូលក្នុងគុម្ពឬស្សីឡើយ។ ហេតុនេះ យើងគួរតែពិចារណា និងសិក្សាលើសៀវភៅ ព្រះរាជពង្សាវតាខ្មែរឡើងវិញ ដែលបានលើកឡើងថា ទ័ពសៀមបានបាញ់ប្រាក់ឌួង ហើយប្រជាជនខ្មែរខ្លួនឯង ជាអ្នកកាប់ឆ្ការព្រៃឬស្សីទាំងនោះ ទើបធ្វើឲ្យទ័ពសៀម មានឱកាសវាយចូល និងកំទេចរាជធានីបាន។ តើរវាងរាជពង្សាវតាខ្មែរ និងអយុធ្យា មួយណាដែលយើងអាចទុកចិត្តបាន?»។
អ្នកចូលរួមពិភាក្សាជាច្រើននាក់ បានលើកឡើងពីកង្វះតម្លាភាព នៃឯកសារ«ព្រះរាជពង្សាវតាអយុធ្យា» ដោយពួកគេអះអាងថា សៀម (ថៃសព្វថ្ងៃ) សរសេររឿងរ៉ាវនេះដោយខ្លួនឯង ដើម្បីលើកតម្កើនស្ដេច និងប្រវត្តិសាស្ត្ររបស់សៀមខ្លួនឯង។ នេះបើទោះជាឯកសារនេះ រៀបរៀងឡើង និងសរសេរដោយជនជាតិបរទេស (ផ្សេងពីខ្មែរ និងសៀម) ក៏ដោយ។
លោក អ៊ុំ សារិន ដែលជាអ្នកសារព័ត៌មានមួយរូបនោះ បានសរសេរពន្យល់ថា៖ «តាមខ្ញុំធ្លាប់អាន រឿងបាញ់ប្រាក់ឌួងនោះ កើតមុនពេលវាយបន្ទាយលង្វែក។ តាមពិត ដើមឬស្សីក្រាស់ណាស់ សៀមវាយមិនចូល ហើយបានថយ។ ក្រោយពេលបាញ់ប្រាក់ដួង ខ្មែរឆ្ការដើមឬស្សីឡើងស្តើង ទើបសៀមលើកទ័ព វាយម្តងទៀត បែកបន្ទាយលង្វែក។»
ច្បាស់លាស់ជាងនេះ លោក ម៉ៅ វុត្ថា ប្រធានក្រុមហ៊ុននាំចូលសាច់ សាលម៉ុន មកក្នុងប្រទេសកម្ពុជា បានបញ្ជាក់ថា៖ «បញ្ហាបាញ់ប្រាក់ដួង គឺមាននិយាយ នៅក្នុងព្រះរាជពង្សាវតាក្រុងចាស់ របស់ហ្លួងប្រស៊ើតអក្សរនីតិ និងឯកសារប្រវត្តិការកសាងជាតិ របស់ ព្រះនរេសូរ របស់កងទ័ពជើងទឹកថៃ។»
លោកវិស្វករ វ៉ា សុវណ្ណារ័ត្ន ដែលចេះភាសាថៃ បានពន្យល់បន្ថែមថា លោកធ្លាប់សរសេរអត្ថបទ ទាក់ទងទៅនឹងរឿងបែកបន្ទាយលង្វែកនេះ ហើយក្នុងឯកសារពង្សាវតាខ្មែរ បានបង្ហាញថា ស្តេចសៀម នរេសូរ ឲ្យគេយកជ័រទឹក យកមកជះដុតកំពែងឬស្សី។ លោកវិស្វករ បានសរសេរបន្តថា៖ «ថៃសរសេរថា គេចាប់បានស្តេចខ្មែរយកទៅកាត់ក ក្រោយបែកបន្ទាយលង្វែក (និង)យកឈាមទៅលាងជើងស្តេច នរេសូរ។ តែតាមប្រវត្តិសាស្ត្រខ្មែរ ក៏ដូចជាការកត់ត្រារបស់ពួកព័រទុយហ្គេ ថាស្តេចខ្មែររត់ទៅខេត្តអាច់ក្រពើ ហើយអ្នកដែលត្រូវចាប់ខ្លួន (នោះ) គឺជាព្រះស្រីសុរិយោពណ៌ទៅវិញទេ ហើយក៏មិនបានសម្លាប់ដែរ ព្រោះព្រះអង្គបាន(ត្រឡប់)មកឡើងសោយរាជ្យ នៅស្រុកខ្មែរវិញ។»
ចំណែកឯលោក «MC Sovann» វិញ បានសរសេរទម្លាក់កំហុស ទៅលើអ្នកប្រវត្តិសាស្ត្រថៃ ដែលសរសេរពង្វាង ខុសពីប្រវត្តិពិតថា៖ «បើប្រវត្តិសាស្រ្តសរសេរថា ស្តេចសៀមប្រើល្បិចនោះ ដូចជាប្រមាថចេស្តាស្តេច។ អញ្ចឹងបានអ្នកប្រវត្តិសាស្រ្តសរសេរតែកន្លែងខ្លាំង និងការវាយសន្ធប់លើខ្មែរ។ ជាការពិតណាស់ បើសិនជាអ្នកប្រវត្តិសាស្រ្តសៀមសរសេរថា សៀមប្រើល្បិចលើខ្មែរ នោះសបញ្ជាក់ឱ្យឃើញថា សៀមគ្មានសមត្ថភាពបំបែកក្រុងលង្វែក ទើបបានជាបាញ់ប្រាក់ឌួង ចូលគុម្ពឬស្សី។»៕