តារាចម្រៀង ខេម បើករថយន្ដទំនើបបុកស្លាប់ម្នាក់ រួចនាំស្រីស្អាតរត់?
- ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី១៨ ឧសភា ២០១៦
- កែប្រែចុងក្រោយ: May 18, 2016
- ប្រធានបទ: គ្រោះចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ករណី«តារាល្បីបើកបរបង្កគ្រោះថ្នាក់ តែបែរជារត់គេចខ្លួន» មិនមែនជារឿងថ្មីទេ ដោយគ្រាន់តែដូរមនុស្ស ពីតារានេះ ទៅតារាមួយរូបទៀតប៉ុណ្ណោះ។ ហើយនេះ ទំនងជាហេតុការណ៍ថ្មីមួយទៀត របស់តារាចម្រៀងល្បី ឈ្មោះ«ខេម» របស់ផលិតកម្មថោន ដែលត្រូវបានសាក្សីនៅផ្ទាល់កន្លែងអះអាងថា បានជិះរថយន្ដទំនើប ធុន «RANGE ROVER» របស់ខ្លួន ជាមួយមិត្តស្រីម្នាក់ ទៅបុកចំពីមុខយ៉ាងពេញទំហឹង ជាមួយនឹងរថយន្ដ ធុន «CELICA» មួយគ្រឿងទៀត ដែលបើកក្នុងទិសបញ្ច្រាសគ្នា បង្កឲ្យអ្នកបើកបររថយន្ដរូបនោះ បាត់បង់ជីវិតភ្លាមៗ។
ហេតុការណ៍បានកើតឡើង នៅម៉ោង ០០ និង៤០នាទី យប់រំលងអាធ្រាត ពីថ្ងៃទី១៧ ចូលមកថ្ងៃទី១៨ ខែឧសភានេះ នៅត្រង់ចំណុចមុខឃ្លាំងស្ថាននីយ៍ប្រេងសូគីម៉ិច តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ប្រភពពីអាជ្ញាធរ ដែលចុះពិនិត្យនៅនឹងកន្លែង បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ ដោយកៀបខ្លួនក្នុងរថយន្ដ មានឈ្មោះ លី ការីម អាយុ៣១ឆ្នាំ ជាបុគ្គលិកធនាគារអម្រិត និងជាអ្នករស់នៅក្នុងភូមិគីឡូម៉ែត្រលេខ៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ។
រីឯប្រភពដែលបានឃើញហេតុការណ៍ បានបញ្ជាក់ថា គេបានឃើញរថយន្ត «RANGE ROVER» ពណ៍ស និងពាក់ស្លាកលេខ «ភ្នំពេញ 2X-9987» បានបើកតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងល្បឿនយ៉ាងលឿន ទិសដៅពីជើងទៅត្បូង (ចូលមកក្នុងរាជធានីវិញ) និងបានឃើញរថយន្ត «CeLiCa» មួយគ្រឿងទៀត ពណ៍ខ្មៅ និងពាក់ស្លាកលេខ «ភ្នំពេញ 2M-5575» បានបើកក្នុងល្បឿន យ៉ាងលឿនដូចគ្នា តែទិសដៅបញ្ច្រាសគ្នា។ លុះពេលមកដល់ចំណុចកើតហេតុរថយន្ដទាំងពីរបានបុកគ្នា ចំពីមុខយ់ាងពេញទំហឹង បណ្តាលឲ្យរថយន្ដទាំងពីរគ្រឿងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
ប្រភពដដែលបាននិយាយទៀតថា អ្នកបើករថយន្ត «RANGE ROVER» ត្រូវបានគេស្គាល់ ថាជាតារាចំរៀង ខេម នៅក្នុងផលិតកម្មថោន ដែលមានរួមដំណើរដោយនារីម្នាក់ទៀត។ អ្នកទាំងពីរ បានចុះពីលើរថយន្ត ហើយក៏រត់គេចខ្លួនបាត់ស្រមោល ដោយទុករថយន្ដខូចខាត និងជនរងគ្រោះ នៅនឹងកន្លែង។
ក្រុមសមត្ថកិច្ចមូលដ្ឋាន និងនគរបាលជំនាញ ដែលបានទៅដល់កន្លែងកើតហេតុ នៅបន្តិចក្រោយមក បានធ្វើការវាស់វែង និងស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីទុករង់ចាំដោះស្រាយទៅពេលក្រោយ។ ចំណែកសពជនរងគ្រោះ ត្រូវបានក្រុមអាជ្ញាធរទាំងនោះ បញ្ជូនទៅប្រគល់ឲ្យក្រុមគ្រួសាររួចរាល់ហើយ៕