សម្ព័ន្ធ ERA ថា គ.ជ.ប ថ្មី នៅតែ«មិនឯករាជ្យ អព្យាក្រិត្យ»
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៣០ តុលា ២០១៤
- កែប្រែចុងក្រោយ: October 31, 2014
- ប្រធានបទ: ប្រព័ន្ធបោះឆ្នោត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅក្នុងកិច្ចពិភាក្សាតុមូល ដែលបានរៀបចំឡើង ដោយសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ នាសណ្ឋាគារអ៊ីមភើរៀល លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការនិកហ្វិក បានថ្លែងឡើងថា គណបក្សនយោបាយធំៗទាំងពីរ ហាក់ដូចជាមិនចង់បាន ឬដាក់ គ.ជ.ប ឲ្យស្ថិតក្នុងភាពអព្យាក្រិត្យ១០០%ឡើយ។ ព្រោះកន្លងមក កិច្ចប្រជុំនៃគណបក្សទាំងពីរ មិនដែលបានបង្ហាញ នូវព័ត៌មានជាសាធារណៈឡើយ រហូតមកទល់ពេលនេះ។ ចំណុចនេះ ដែលជាការបារម្ភមួយ យ៉ាងធំរបស់នាយកប្រតិបត្តិអង្គការរូបនេះ ចំពោះ គ.ជ.ប ថ្មី។
ការថ្លែងបារម្ភរបស់លោក ហង្ស ពុទ្ធា បានធ្វើឡើង នៅក្នុងកិច្ចពិភាក្សាតុមូលនេះ ដែលមានគោលដៅ រៀបធ្វើជាសំណើច្បាប់នៃគណៈកម្មាធិការរៀបចំការបោះឆ្នោត ទៅកាន់គណបក្សនយោបាយធំៗទាំងពីរ ដើម្បីឲ្យដាក់គ.ជ.ប ទៅក្នុងភាពអព្យាក្រិត ឯករាជ្យ និងមិនស្ថិតក្រោមការគ្រប់គ្រង ឬដឹកនាំដោយគណបក្សនយោបាយ។
ចំពោះការបារម្ភខាងលើនេះ ត្រូវបានមន្រ្តីមកពីគណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន និងជាសហប្រធាននៃក្រុមរៀបចំស្ថាប័ន គ.ជ.ប បញ្ជាក់វិញថា សេចក្តីស្នើច្បាប់ គ.ជ.ប ថ្មី នៅតែ១០មាត្រា ក្នុងចំណោម៦៦មាត្រាប៉ុណ្ណោះ ដែលជជែកមិនត្រូវគ្នានោះ។ លោកថា មាត្រាទាំងនោះនិយាយពីការតែងតាំង ប្រធាន អនុប្រធាន និងលក្ខណៈសម្បត្តិនៃសមាជិក ការងារ តួនាទី ភារកិច្ច និងការទទួលខុសត្រូវនានា ក្នុងស្ថាប័នគ.ជ.ប។ ហើយកិច្ចពិភាក្សានេះ ក៏នឹងត្រូវបញ្ចប់នាថ្ងៃទី១០ ខែវិច្ឆកា ខាងមុខនេះដែរ មុននិងសម្រេចដាក់ទៅថ្នាក់ដឹកនាំកំពូលនោះ។
ដោយឡែក អ្នកវិភាកនយោបាយឯករាជ្យ លោក សុខ ទូច បានគាំទ្រចំពោះការលើកឡើងរបស់លោក ហង្ស ពុទ្ធា ដោយលោកបានអះអាងថា សមាជិកទី៩ នៃគ.ជ.ប នៅតែមិនមានភាពឯករាជ្យ បើទោះជា គ.ជ.ប នេះត្រូវបានរៀបចំឡើងថ្មីក៏ដោយ។ លោកបានធ្វើការបង្ហាញថា ព្រោះសមាជិកទី៩ នោះ ត្រូវបានជ្រើសចេញ មកពីការចាត់តាំងរបស់គណបក្សនយោបាយទាំងពីរ ជាដដែល។ មានន័យថា សមាជិកទី៩នោះ នៅតែស្ថិតក្រោមការគ្រប់គ្រង ដោយគណបក្សនយោបាយទាំងពីរ។
លោក ហង្ស ពុទ្ធា បាននិយាយទៀតថា៖ «ខ្ញុំឃើញយន្តការរបស់គណបក្ស សហប្រធាន ហ្នឹង ល្អមែនទែន។ ប៉ុន្តែធ្វើបានដែរអត់? ទីមួយ មិនដាក់បងប្អូន, គ្រាន់ពង្រាងមក វាដាក់បងប្អូនហើយស្រេច ហើយខ្ញុំមិនបាច់ឲ្យគណបក្សទាំងពីរ និយាយដល់ ស្ថាប័នរាជការទេ សូមគិតតែ គ.ជ.ប. បានហើយ។»
គណបក្សប្រជាជនកម្ពុជា មិនបានចាត់តាំងតំណាងរបស់ខ្លួន មកចូលរួមក្នុងកិច្ចពិភាក្សានេះទេ។ តែតំណាងគណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសង្គមរាស្ត្ររាជាធិបតេយ្យ គណបក្សខ្មែរឈប់ក្រ គណបក្សសាធារណៈរដ្ឋប្រជាធិបតេយ្យ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលមិនមានអសនក្នុងរដ្ឋសភា និងមានវត្តមានក្នុងកិច្ចពិភាក្សា បានស្នើឡើងថា ទាំងគណបក្សប្រជាជនកម្ពុជា ទាំងគណបក្សសង្គ្រោះជាតិ ត្រូវរៀបចំ និងធ្វើយ៉ាងណាឲ្យ«ច្បាប់»ស្ថាប័ន គ.ជ.ប មួយនេះ ដាក់ស្ថាប័ន គ.ជ.ប ខ្លួនឯងជាស្ថាប័នឯករាជ្យ អព្យាក្រឹត្យ ដើម្បីភាពយុត្តិធម៌ និងត្រឹមត្រូវ នាពេលបោះឆ្នោតខាងមុខ។
គួររំលឹកឡើងវិញថា ការខ្វែងគំនិតគ្នា នៃគណបក្សនយោបាយធំទាំងពីរ លើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នេះ ត្រូវបានសង្គមស៊ីវិល គណបក្សនយោវាយ និងអ្នកវិភាគឯករាជ្យ ដាក់បង្ហាញក្នុងកិច្ចពិភាក្សាដែលរួមមាន ការតែងតាំងថ្នាក់ដឹកនាំ ប្រធាន ឬអនុប្រធាន គ.ជ.ប ដែលមតិមួយថា ត្រូវជ្រើសរើសក្នុងចំណោមគណបក្ស ដែលមានអាសនៈនៅរដ្ឋសភា។ ឯមតិមួយទៀតថា គ.ជ.ប ជាអ្នកសម្រេច ជ្រើសរើស ប្រធាន ឬអនុប្រធាន ដោយមតិភាគច្រើនដាច់ខាត នៃសមាជិក គ.ជ.បទាំងមូល(៩រូប)។ និងមតិចុងក្រោយ ស្នើឲ្យសមាជិកទី៩ នៃគ.ជ.ប នេះកាន់តំណែងជាប្រធាន៕