ច្បាស់ឬព្រាល៖ មតិផ្សះផ្សារជាតិ ជាអាជីវកម្មលើជនដែលរងអំពើអយុត្តិធម៌
- ដោយ: ដារា រិទ្ធ
- កែប្រែចុងក្រោយ: August 07, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដើម្បីជាទុនក្នុងការពិចារណា ថាតើរវាងគូរបដិបក្ខទាំងសងខាង ខាងណា«ល្អឬអាក្រក់» ឬខាងណា«ខិលឬខូច»បែបណា ឬបែបដូម្ដេច និងដើម្បីជៀសវាងការបំភ្លៃសភាពការណ៍ ដោយក្រុមអ្នកផ្សាយ«មនោគមវិជ្ជា» ឬក្រុមអ្នក«ផ្កាប់មុខ»មួយចំនួននោះ មនោរម្យព័ងអាំងហ្វូ សូមលើកយកការវិភាគនេះមកបង្ហាញជូន ដើម្បីជាកញ្ចក់ឆ្លុះនូវអ្វីដែលអ្នកអានគួរដឹង។ ប្រធានបទក្នុងថ្ងៃនេះ ទាក់ទងនឹង «ការផ្សះផ្សារបង្រួបបង្រួមជាតិ និងបង្កើតសន្តិភាពឲ្យប្រទេស» ដែលមតិមួយចំនួន តែងលើកឡើងដើម្បីឲ្យមានការសម្របសម្រួល រវាងបក្សឈ្នះនិងបក្សចាញ ក្នុងពេលថ្មីៗនេះ។
នៅពេលចាំផ្ដើមរាប់សន្លឹកឆ្នោត ដែលបោះឆ្នោតហើយនៅម៉ោង៣រសៀល ថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៣ នៅមណ្ឌលវត្តវង្គត្តបូរី។ (រូបថត MONOROOM.info/ U.Bory)
គណបក្សប្រឆាំងបានប្រកាសរួចជាស្រេចហើយ ពីការមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ដែលគណបក្សនេះរកឃើញថា មានការលួចបន្លំជាប្រព័ន្ធនៅទូទាំងប្រទេស។ ការរកឃើញនេះ ក៏ដូចទៅនឹងការលើកឡើង របស់អង្គការសង្គមស៊ីវិល ជាតិនិងអន្តរជាតិមួយចំនួន ដែលធ្វើការឃ្លាំមើលការបោះឆ្នោតនេះដែរ។ តែរយៈពេលចុងក្រោយនេះ មតិមួយចំនួនបានធ្វើការផ្សព្វផ្សាយថា ពួកគេចង់ឲ្យគណបក្សទាំងពីរ ដែលបានជាប់ឆ្នោតនៅរដ្ឋសភា ចូលធ្វើការជាមួយគ្នា ដើម្បីជាការ«ផ្សះផ្សារបង្រួបបង្រួមជាតិ និងបង្កើតសន្តិភាព»ឲ្យប្រទេស។
តើកលឧបាយអ្វីខ្លះ ស្ថិតនៅពីក្រោយពាក្យមួយឃ្លានេះ? ខាងក្រោមនេះ ជាការបកស្រាយខ្លះៗមួយចំនួន ទាក់ទងនឹងការលើកឡើង នៃមតិខាងលើ៖
១- ការមិនរវល់រកយុត្តិធម៌ បានស្ដែងចេញយ៉ាងច្បាស់ ពី«វប្បធម៌និទណ្ឌភាព» សូម្បីតែពេលបោះឆ្នោតជាតិ។ ការលួចបន្លំសន្លឹកឆ្នោត សូម្បីមួយសន្លឹកក៏ដោយ ការលប់ឬបាត់ឈ្មោះដោយអចេតនា សូម្បីឈ្មោះម្ចាស់ឆ្នោតតែម្នាក់ក៏ដោយ ការបោះឆ្នោតជំនួសដោយច្រឡំ សូម្បីតែការច្រឡំមានតែម្ដងក៏ដោយ ... ក៏សុទ្ធតែត្រូវរាប់ថាជា«កំហុស»។ កំហុសតិចឬច្រើន ត្រូវតែមានអ្នកប្រព្រឹត្តិ ឬអ្នកធ្វើខុស។ សួរថាមកដល់ម៉ោងនេះ មាននរណាម្នាក់ហើយ ត្រូវបានគេយកទៅមកកាត់ទោស ឬចេញមកទទួលខុសត្រូវ ឬលាចេញពីតំណែង? ឯណាទៅយុត្តិធម៌ សម្រាប់អ្នកដែលត្រូវគេលប់ឈ្មោះ មិនបានបោះឆ្នោត? អ្នកដែលត្រូវបានគេបោះឆ្នោតជំនួស?
វប្បធម៌និទណ្ឌភាព ដែលតែងតែរងនូវការរិះគន់ នៅក្នុងប្រទេសជារឿយៗនោះ មិនចាំបាច់ទៅមើលឯណាទេ សូម្បីនៅពេលបោះឆ្នោតនេះ ក៏ប្រទេសកម្ពុជា អាចនឹងត្រូវជាប់ឈ្មោះថា ជាប្រទេសពូកែបន្លំដែរ។ អ្នកដែលទទួលខុសត្រូវ ខាងការរៀបចំការបោះឆ្នោត បើទោះជាខ្លួនថា មិនបានជួយបន្លំឆ្នោតឲ្យខាងណា ក៏គួរតែមានការខ្មាសអៀនខ្លះដែរ ទាក់ទងនឹងបញ្ហាដែលកើតមានទាំងនេះ។
២- គណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន ធ្លាប់ប្រើយុទ្ធវិធីផ្សះផ្សារ បង្រួបបង្រួមជាតិ និងលិទ្ធិសន្តិភាពនិយមនេះ ជាមួយនឹងគណបក្សហ្វ៊ុនស៊ិនប៉ិចម្ដងហើយ កាលពីឆ្នាំ១៩៩៣ ក្រោយការបោះឆ្នោតរៀបចំឡើង ដោយអង្គការសហប្រជាជាតិ។ កាលនោះ មានទាំងទ័ពទីង លើកគ្នាទៅត្រើយម្ខាង ដើម្បីបង្កើតតំបន់អប្បគមន៍។ល។ និង។ល។ ដើម្បីដាក់បង្អើលប្រជារាស្ត្រខ្មែរ។ យុទ្ធវិធីនេះ បានកើតឡើងទៀតក្នុងពេលនេះ។ សួរថា អញ្ចឹងសម្រាប់ ៥ឆ្នាំ ១០ឆ្នាំ ឬ២០ឆ្នាំទៅមុខទៀត តើនឹងនៅមានយុទ្ធវិធីរបៀបនេះប៉ុន្មានដងទៀត ដើម្បីដោះស្រាយបញ្ហាទាំងឡាយ ដែលទាក់ទងនឹងការបោះឆ្នោត?
ដូច្នេះបានសេចក្ដីថា នៅប្រទេសកម្ពុជា ទោះ១០០ឆ្នាំឬ២០០ឆ្នាំទៅមុខទៀត ក៏ត្រូវតែលើកយកករណីផ្សះផ្សារ បង្រួបបង្រួមជាតិ និងលិទ្ធិសន្តិភាពនិយម មកនិយាយឡើងវិញជានិច្ចជាកាល ហើយសន្តិភាពដែលកើតមានសព្វថ្ងៃកន្លងមកនេះ ជាសន្តិភាពសិប្បនិមិត្តដែលអាចនឹងរបូតទៅដោយឯកឯង នៅពេលណាមានការបោះឆ្នោត ឬការចង់ឲ្យមានផ្លាស់ប្ដូរអ្នកដឹកនាំ។ បើអញ្ចឹងទៅវិញទេ មិនពិបាកបកស្រាយឡើយ។ បើគេចាំលើកតែករណីផ្សះផ្សារ បង្រួបបង្រួមជាតិ និងលិទ្ធិសន្តិភាពនិយមជារៀងរហូតទៅ ហើយធុញទ្រាន់នឹងបញ្ហា ដែលចេះកើតឡើងមិនស្រាកស្រាន្ដ នៅរាល់តែពេលនៃការបោះឆ្នោតនោះ គេគួរនាំគ្នាប្ដូររបបប្រជាធិបតេយ្យ សេរីនិយមពហុបក្សសព្វថ្ងៃ ទៅជារបបឯកបក្ស ឬកុម្មុយនីសផ្ដាច់ការវិញទៅ។
៣- ក្រុមដែលផ្សាយនូវមតិបែបនេះ នឹងឆ្លុះបញ្ចាំងពីគំនិត និងទស្សនវិស័យរបស់ក្រុមខ្លួន ដែលម៉ាកងាយដល់ការបោះឆ្នោត ម្ចាស់ឆ្នោត និងអំពើយុត្តិធម៌ ហើយបើក្រុមនេះបានឡើងមកដឹកនាំប្រទេស នឹងកើតមានជាពុំខាន នូវរបបផ្ដាច់ការនិយមមួយ។ ការអភិវឌ្ឍន៍ជាតិ ឬការផ្សះផ្សារជាតិណាក៏ដោយ និងដើម្បីសន្តិភាពមានភាពរឹងប៉ឹងយូអង្វែង គេត្រូវឈរលើគោលការណ៍ស្មើភាព និងយុត្តិធម៌មិនរើសអើង រវាងពលរដ្ឋនិងពលរដ្ឋ ជាពិសេសការរស់នៅរបស់ពួកគាត់ នៅក្នុងសង្គមតែមួយដូចគ្នា។ ម្នាក់បានបោះឆ្នោត ម្នាក់ទៀតមិនបានបោះ តើអ្នកដែលបានបោះឆ្នោត ត្រូវនិយាយ«ផ្លែផ្កា»ដាក់អ្នកដែលមិនបានបោះឆ្នោតថា៖ «មិនបាច់ចាំទៅបោះឆ្នោតទេ អញបោះជំនួសហើយ។ ឥឡូវនេះនាំគ្នាផ្សះផ្សារ ធ្វើការជាមួយគ្នាទៅ ដើម្បីសន្តិភាពរបស់ប្រទេស (Sic) ?»
ដូច្នេះ ទស្សនវិស័យរបស់ក្រុមនេះ ជាគ្រោះថ្នាក់មួយ ក្នុងការដឹកនាំប្រទេស ព្រោះបើគ្រាន់តែនៅក្នុងពេលបោះឆ្នោតនេះប៉ុណ្ណោះ ក្រុមនេះបានបង្កើតឲ្យមាន«អយុត្តិធម៌សង្គម» រួចបាត់ទៅហើយនោះ។
តាមពិតទៅ ការផ្សះផ្សារជាតិ ជាភាសាតែមួយមិនពិបាកនិយាយទេ ព្រោះវាជាការចាំបាច់ណាស់ ដែលគេត្រូវគិតពីការផ្សះផ្សារជាតិ ដោយកម្ពុជាបានហែលឆ្លងកាត់ការហែកហួរគ្នា ជាច្រើនកន្លងរួចមកហើយ។ ប៉ុន្តែការផ្សះផ្សារជាតិ ដែលបានបំភ្លេចចោល នូវការរកយុត្តិធម៌ជូនជនរងគ្រោះ ដែលមិនបានទៅបោះឆ្នោត ឬត្រូវគេបោះឆ្នោតជំនួស វាជាការផ្សះផ្សារជាតិក្លែងបន្លំ មិនសុទ្ធ និងដើម្បីតែអ្នកនយោបាយប៉ុន្មាននាក់ ឈោងទៅយកអំណាច។ ផ្ទុយទៅវិញ ការផ្សះផ្សារជាតិរបៀបនេះ នឹងមានលក្ខណៈផុយស្រួយ ដូចទឹកទើលើស្លឹកឈូក ហើយអាចបម្រើបាន មហិច្ឆតារបស់ក្រុមណាមួយនោះ តែនៅក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។ អាជីវកម្មដែលបានធ្វើ នៅលើជនដែលរងនូវអំពើអយុត្តិធម៌ មិនស្ថិតស្ថេរចិរកាលទេ ព្រោះអំពើអយុត្តិធម៌មិនដែលមានអាយុវែងឡើយ៕
-------------------------------------------------
ដោយ ៖ ដារា រិទ្ធ - ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ