មហា​សង្ក្រាន​ឆ្នាំច ពុទ្ធសករាជ​២៥៦២ គ្រឹស្ដិ៍សករាជ២០១៨

ឆ្នាំថ្មី ឆ្នាំចរ ពុទ្ធសករាជ ២៥៦១ ត្រូវនឹងគ្រឹស្ដិ៍សករាជ ២០១៨ នឹងចូលមកដល់ នៅវេលាម៉ោង ៩ និង១២នាទី ព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមេសាខាងមុខ។ តើរណ្ដាប់ និងរបៀបទទួលទេវតាឆ្នាំថ្មី ក៏ដូចជាទំនាយប្រចាំឆ្នាំ មានអ្វីខ្លះទៅ?
មហា​សង្ក្រាន​ឆ្នាំច ពុទ្ធសករាជ​២៥៦២ គ្រឹស្ដិ៍សករាជ២០១៨
គំនូរស្ដីពីប្រពៃណី នៃការប្ដូរវេនគ្នាថែរក្សាព្រះកេស កបិលមហាព្រហ្ម សម្រាប់រយៈពេល១ឆ្នាំម្ដង រវាងបុត្រីឆ្នាំមុន និងបុត្រីឆ្នាំនេះ។ (រូបគំនូរមហាសង្គ្រាន)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៩ មេសា ២០១៨
  • កែប្រែចុងក្រោយ: April 10, 2018
  • ប្រធានបទ: ទំនៀមទម្លាប់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្បួនមហាសង្ក្រាន្ ដែលរៀបរៀងដោយ លោក អ៊ឺម បុរិន្ទ នាយកនៃគណកម្មការស្រាវជ្រាវវិជ្ជាហោរាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ បានសរសេរ​បញ្ជាក់ថា៖ «មហាសង្ក្រាន្តឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ នឹងចូលមកដល់ នៅវេលាម៉ោង ៩៖១២នាទីព្រឹក ថ្ងៃសៅរ៍១៤រោច ខែចែត្រ ត្រូវនឹងទី ១៤ ខែមេសា ឆ្នាំ ២០១៨»។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមដកស្រង់ក្បួនតម្រាមួយចំនួន ដែលមានសរសេរនៅក្នុងសៀវភៅនោះ មកជម្រាបជូនលោកអ្នក ដូចខាងក្រោម៖

ទេពធីតា ដែលនឹងយាងចុះមកបន្តវេន រក្សាមនុស្សលោកឆ្នាំនេះ គឺ «ព្រះនាងមហោធរៈទេវី» បុត្រីទី៧ នៃកបិលមហាព្រហ្ម ទ្រង់អម្ពរពណ៌ខៀវ មានផ្កាត្រកៀត សៀតនៅព្រះកាណ៌ សោយសាច់ទ្រាយ (ជាសត្វព្រៃពពួកឈ្លូស តែតូចជាងឈ្លូស) ជាភក្សាហារ ព្រះហស្តស្តាំកាន់កងចក្រ ព្រះហស្តឆ្វេងកាន់ត្រីសូល៍ គង់លើមយូរ៉ា ឬស្ដេចក្ងោក ជាពាហនៈ។

–ថ្ងៃចូលឆ្នាំ ថ្ងៃទី១ គឺ «ថ្ងៃវារៈមហាសង្ក្រាន្ត» ត្រូវនឹងថ្ងៃសៅរ៍១៤ រោច ខែចេត្រ ត្រូវនឹងថ្ងៃ១៤ ខែមេសា គ.ស ២០១៨ វេលាម៉ោង ៩ និង១២ នាទីព្រឹក ជាថ្ងៃចូលឆ្នាំច សំរឹទ្ធិស័ក។
–ថ្ងៃទី ២ គឺថ្ងៃ «វារៈវ័នបត» ត្រូវនឹងថ្ងៃអាទិត្យ ១ កើត ខែពិសាខ ត្រូវនឹងថ្ងៃទី១៥ ខែមេសា គ.ស ២០១៨។
–ថ្ងៃទី៣ គឺថ្ងៃ «វារៈឡើងស័ក» ត្រូវនឹងថ្ងៃចន្ទ ២ កើត ខែពិសាខ ត្រូវនឹងថ្ងៃទី១៦ ខែមេសា គ.ស ២០១៨ វេលាម៉ោង ១២ និង ៥៩ នាទី និង២៤ វិនាទី គម្រប់ជាសង្ក្រាន្ត៣ថ្ងៃ។

ចំពោះរណ្ដាប់ទទួលទេវតា តាមទំនៀមពីបុរាណរៀងមក គឺត្រូវរៀបរានទេវតាក្រាលសំពត់ពណ៌ស នៅខាងមុខផ្ទះមួយ សម្រាប់តាំងគ្រឿងពលិការផ្សេងៗ។ ត្រូវរៀបក្រាលសំពត់ពណ៌ស ហើយរៀបចំនូវគ្រឿងសក្ការៈបូជា ទេវតាមានជាអាទិ៍ បាយសី៩ថ្នាក់មួយគូ បាយសី៧ថ្នាក់មួយគូ បាយសី៥ថ្នាក់មួយគូ បាយសី៣ថ្នាក់មួយគូ បាយសីប៉ាឆាមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ធូប៥ លាច៥ផ្កា៥ ដាក់លើជើងពាន១គូ ចេកនួន ចេកណាំវ៉ា ដាក់លើជើងពាន១គូ ផ្លែឈើ១១មុខ រៀបដាក់ជើងពាន១១គូ ដូងឡៅមួយគូ ទឹកស្អាត២កែវ។

ដោយឡែក សម្រាប់ប្រជារាស្ត្រធម្មតា គួររៀបចំត្រឹមបាយសី ៥ថ្នាក់ចុះមក ឬរៀបត្រឹមគ្រឿងសក្ការបូជា ដែលមានទៀនប្រាំ ធូបប្រាំ ស្លាធម៌កូនចេកមួយគូ ក៏សមល្មមដែរ។ ចំពោះផ្លែឈើ គួររៀបឲ្យបានត្រឹម ៣ឬ៥មុខ ក៏ជាការប្រសើរ ឬរៀបទៅតាមធនធានរបស់ខ្លួន។ នៅគ្រប់ដង្វាយទាំងអស់ ត្រូវដាក់ផ្កាម្លិះភួង ពីលើគ្រប់ដង្វាយ នៅលើជើងពាន និងលើបាយសីត្រូវដោតទៀន ហើយដុតបំភ្លឺ។

បើរៀបចំស្រេចហើយ នៅវេលាម៉ោង ដែលទេវតាចុះមកត្រូវជួបប្រជុំ ក្រុមគ្រួសារដើម្បីថ្វាយបង្គំ ព្រះរតនៈត្រ័យសមាទានសីល ហើយតាំងចិត្តឲ្យបានស្អាតបរិសុទ្ធ ជ្រះស្រឡះនូវមន្ទិលទាំងពួងតម្កល់ ចិត្តរំពឹង គិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹងទីរឭក លុះចប់ពិធីទទួលទេវតា។

នៅក្នុងឱកាសសង្ក្រាន្ត ទាំងបីថ្ងៃ សូមបងប្អូនប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយ រៀបចំពលិការ គ្រឿងសក្ការបូជា អុចប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់អន្យតិរ្ថីយ ជាចិត្តអប្រីយ៍ជាប់ដោយគំនុំគុំគួន ព្យាបាទ ឈ្នានីសដែលកើតមានក្នុងឆ្នាំចាស់ ឲ្យជ្រះស្រឡះតាំងចិត្តប្រព្រឹត្តល្អ ប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា ធ្វើបុណ្យសុន្ទរ៍ទាន តាមប្រពៃណី រក្សាសីលប្រាំ ឲ្យបានជាប់ជានិច្ច សុភមង្គល វិបុលសុខគ្រប់ប្រការ តាំងពីឆ្នាំថ្មីនេះតរៀងទៅ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...