«ក្លោងទ្វារ"អង្គរសង្ក្រានឆ្នាំ២០១៥" ជាស្នាដៃគ្មានជំនាញ»
- ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ភ្នំពេញ ថ្ងៃទី ០៥ មេសា ២០១៥
- កែប្រែចុងក្រោយ: April 06, 2015
- ប្រធានបទ: វប្បធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើក្លោងទ្វារ «អង្គរសង្ក្រាន ឆ្នាំ២០១៥» យកតាមរចនាបទអ្វី? ក្លោងទ្វារនេះ បានសាងសង់ឡើង ដោយមានសរសរស្គមៗ ចំនួនពីរសងខាង ដើម្បីទ្រ ប្រអប់ចតុកោណដ៏វែងមួយ។ នៅពីលើប្រអប់ចតុកោណវែងនេះ គេបានបន្តុបបន្ថែម នូវរូបសញ្ញាមួយ និងអក្សរ«អង្គរសង្ក្រាន» អមសងខាងដោយ រូបសត្វពពែពីរក្បាល។ ក្លោងទ្វារនេះ ត្រូវបានគេលាបពណ៌ឲ្យ យ៉ាងច្រើនចម្រុះពណ៌។ ពលរដ្ឋមួយចំនួន និងបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គម បានហៅក្លោងទ្វានោះ ថាជាក្លោងទ្វារយករចនាបទវៀតណាម ដោយក្រុមយុវជនអ្នករៀបចំកម្មវិធី ឈ្មោះ «សហភាពសហព័ន្ធយុវជនកម្ពុជា» ដែលដឹកនាំដោយលោក ហ៊ុន ម៉ានី កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានសុំយោបល់ ពីអតីតមន្ត្រីជំនាញមួយរូប មកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា លោក វ៉ា រឿន ដែលកំពុងរស់នៅ ក្នុងប្រទេសបារាំង ដើម្បីធ្វើការបកស្រាយ ពីក្លោងទ្វារដ៍ពិសេសនេះ។ សូមតាមដានកិច្ចសម្ភាស រវាងទស្សនាវដ្ដី និងលោក វ៉ា រឿន ដូចតទៅ៖
តើលោក យល់ឃើញយ៉ាងដូចម្ដេច នៅពេលឃើញក្លោងទ្វារនេះដំបូង?
ជាស្នាដៃរបស់យុវជន ដែលពួកគេចង់បង្ហាញថា ពួកគេបានធ្វើក្លោងទ្វារនេះ។ នេះជាចំនុចមួយ ដែលយើងគួរលើកទឹកចិត្ត។ ប៉ុន្តែរឿងដែលសំខាន់នោះ គឺក្លោងទ្វារនេះ បានធ្វើដាក់ជាប់ នឹងតំបន់ប្រាង្គប្រាសាទ ដ៏ល្បីល្បាញរបស់ខ្មែរ ដែលសម្បូរទៅដោយអ្នកជំនាញ នៅទីនោះ ដើម្បីធ្វើការអភិរក្ស និងការសិក្សាស្រាវជ្រាវ។ ដូច្នេះ នៅតំបន់នោះ អ្នកណាក៏គេស្គាល់ថា តើអ្វីទៅ ជារចនាបទបូរាណ របស់ខ្មែរដែរ។
អញ្ចឹងលោក មិនគិតថា ក្លោងទ្វារនេះ យកលំនាំតាមរចនាបទខ្មែរទេឬ?
ត្រូវហើយ។ គ្មានអ្វីដែលជាខ្មែរនោះទេ។ តែខ្ញុំចាត់ទុកថា នេះជាគំនិតឆ្នៃប្រឌិតមួយ របស់ក្រុមយុវជនទាំងនោះ។ គ្រាន់តែវាខុសរឿង និងខុសកន្លែង ឬអាចនិយាយម្យ៉ាងទៀត ថាមិនបានគិត ឲ្យគ្រប់ជ្រុងជ្រោយ ជាមួយអ្នកជំនាញ ផ្នែករចនាបទខ្មែរ។
ប៉ុន្តែខាងសហភាពសហព័ន្ធយុវជន របស់លោក ហ៊ុន ម៉ានី បានការពារថា គេបានដាក់រូបចាក់ចន្ទ ឬក្បាច់ចម្លាក់ផ្សេងៗ សុទ្ធតែជារបស់ខ្មែរ?
ខ្ញុំសូមលើកឧទាហរណ៍មួយ ឧបមាថា លោកស្រី មីឆែល អូបាម៉ា ភរិយាប្រធានាធិបតីអាមេរិក មកខ្មែរ ហើយបានស្លៀកពាក់ជាខ្មែរ តើលោកស្រីជាខ្មែរឬទេ? ខ្ញុំឆ្លើយ ដោយមិនរើសអើងថា លោកស្រីនៅតែជាអាមេរិកាំងអញ្ចឹង។ ព្រោះពាក្យថា ខ្មែរមួយម៉ាត់ វាស្ដែងចេញពីលក្ខណៈសម្បត្តិច្រើនយ៉ាង ក្នុងនោះមានចរិយាសម្បត្តិ និងអ្វីដែលជាឫសគល់ ពីខាងក្នុងមកជាខ្មែរ។ ប៉ុន្តែក្លោងទ្វារនេះ ជាការបំពាក់ខោអាវពីក្រៅ ដើម្បីចង់បង្ហាញថា ជាខ្មែរ តែរចនាបទទាំងមូល មិនបានបង្ហាញថា វាជារចនាបទខ្មែរនោះឡើយ។
បានសេចក្ដីថា យ៉ាងដូចម្ដេចទៅ? សូមលោកបញ្ជាក់ឲ្យច្បាស់។
យើងត្រូវបែងចែកជាពីរករណី រចនាបទនៃក្លោងទ្វារទាំងមូល និងក្បាច់ចាក់ចន្ទ ឬក្បាច់ភ្ញីភ្លើង ដែលយកមកបិទពីលើ។ ខ្មែរធ្វើអ្វីក៏ដោយ ត្រូវគិតពីក្បួនខ្នាត និងភាពសមសួនរបស់វា។ បើសូម្បីតែជហ្វា ឬរូបគ្រុឌ ដែលគេដាក់នៅលើដំបូលព្រះវិហារ សុទ្ធតែមានខ្នាតរបស់វា។ រីឯក្លោងទ្វា របស់ប្រាសាទ ឬក្លោងទ្វារបស់វត្តអារាមបូរាណៗ របស់ខ្មែរ មិនបានសង់ឡើង ដោយគ្រាន់តែ យកសរសរស្គមៗពីរ មកដាក់ទ្រធ្នឹមមួយ រាងចតុកោណ ហើយនាំគ្នាបិទក្បាច់ចាក់ចន្ទ ឬក្បាច់ភ្ញីផ្កា ពីលើ ដើម្បីឲ្យគេឯងហៅថា ក្លោងទ្វារដូច្នេះទេ។ ខ្ញុំនិយាយមែនទែនទៅ បើនិយាយពីរចនាបទខ្មែរ ខ្ញុំមិនដែលឃើញ ក្លោងទ្វារបៀបណ្នឹងទេ។
បើតាមលោក ក្លោងទ្វានេះ មានរចនាបទបែបណាទៅវិញ?
ការរិះគន់ ដែលថាក្លោងទ្វារនេះ មានលក្ខណៈតាមរចនាបទវៀតណាម មិនខុសទេ។ ប៉ុន្តែខ្ញុំមិននិយាយឲ្យចំថា ជារបស់វៀតណាមទាំងស្រុងនោះទេ តែជារចនាបទ នៃស្ថាបត្យកម្មចិន-វៀតណាម ដែលចូលចិត្តធ្វើអ្វីមួយ ជ្រុងៗ ហើយបន្ទាប់មក ទើបយកចម្លាក់ ឬវត្ថុអ្វីផ្សេងៗ មកបិទពីលើ ឬបន្ថែមទៅលើសំណង់ជ្រុងៗ របស់ខ្លួន។ មួយវិញទៀត ក្លោងទ្វារនេះ វាកើតចេញ ពីការសាងសង់ងាយៗមួយ ដែលមិនបានខ្វល់ពីរចនាបទអ្វីទេ ក្នុងនោះមានការតម្លើងដែក ជាសរសរសងខាង ហើយយកក្ដាមកវាយគ្របពីលើ មុននឹងគេថែមថយក្បាច់។
សំនួរចុងក្រោយ។ ខាងសហភាពសហព័ន្ធ បានហៅការរិះគន់នេះ ថាជាការកេងចំណេញនយោបាយ។ តើលោកយល់បែបណា?
ខ្ញុំបានដឹង ពីការឆ្លើយតបនោះហើយ។ ប៉ុន្តែជាការឆ្លើយតប ដែលមិននិយាយពីជំនាញ និងបច្ចេកទេស។ កាលណាយកនយោបាយមកបាំង វាបំបង់រឿងជំនាញហើយ។ ហើយនេះ បើគ្រាន់តែលើកយក ក្បាច់ចម្លាក់ ដូចជាក្បាច់ចាកចន្ទ ឬភ្ញីភ្លើង មកនិយាយ មិនត្រឹមត្រូវទេ ព្រោះគេត្រូវនិយាយ ពីតួក្លោងទ្វារទាំងមូល ដូចខ្ញុំបានធ្វើការឧបមា លោកស្រី អូបាម៉ា ខាងលើនេះអញ្ចឹង។ អ្នកដែលគេរិះគន់ ទោះជាមានបំណងអ្វីក៏ដោយ គឺខ្លួនយើងទេ ដែលត្រូវមានទឡ្ហីករណ៍ ឲ្យរឹងមាំជាងនេះ ជាពិសេសការបកស្រាយ ប្រកបដោយជំនាញច្បាស់លាស់។ ហើយនេះ វាដើម្បីខ្មែរ ដើម្បីវប្បធម៌របស់ជាតិ របស់យើងទាំងអស់គ្នា មិនមែនដើម្បីយកតែឈ្នះនោះទេ៕