តឺនីស៖ ណាដាល់ ចាញ់នៅជុំទី១ ក្រោមថ្វីដៃកីឡាករលេខ១៣៥ពិភពលោក
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: June 25, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កីឡាករវាយតឺនីសលេខ៥ពិភពលោក រ៉ាហ្វាអែល ណាដាល់ (Rafael Nadal) បានធ្លាក់នៅជុំបើកឆាកដំបូង បន្ទាប់ពីប្រកួតចាញ់កីឡាករ ចំណាត់ថ្នាក់លេខ១៣៥ពិភពលោក របស់ប៊ែលហ្សិក ស្តេវ ដាស៊ីស (Steve Darcis) ក្នុងការប្រកួតពានរង្វាន់វីលបលដុន (Wimbledon) កាលពីថ្ងៃច័ន្ទ។
រ៉ាហ្វាអែល ណាដាល់ ជាមួយនឹងបរាជ័យយ៉ាងអាម៉ាស នៅក្នុងការប្រកួតវីលបលដុន។
កីឡាករអេស្ប៉ាញ វ័យ២៧ឆ្នាំ ដែលមានបំណងចង់លើកពានវីលបលដុនលើកទី៣ (ណាដាល់) ចាប់ផ្តើមទាំងរកាំរកូស និងមានកំហុសឆ្គងជាច្រើន ខណៈដែលគាត់ចាញ់កីឡាករប៊ែលហ្សិក ដោយលទ្ធផល ៧-៦, ៧-៦ និង ៦-៤ បន្ទាប់ពីចំណាយពេលអស់ ១ម៉ោង២៤នាទី។
ការបរាជ័យនេះ ជាការបរាជ័យដ៏អាម៉ាសបំផុតរបស់ណាដាល់ ក្នុងការធ្លាក់ជុំទី១ ហ្គ្រែនស្លាម (Grand Slam) នេះ ខណៈដែលឆ្នាំមុន គាត់បានចាញ់កីឡាករលូកាស រ៉ូសូល (Lukas Rosol) ក្នុងជុំទី២ម្តង នៅក្នុងប្រទេសសាធារណៈរដ្ឋឆែក មុនពេលដែលគាត់រងរបួសជង្គង់ បាត់មុខអស់រយះពេល៧ខែមក។
ណាដាល់ ដែលទើបតែលើកពានរង្វាន់ហ្រេនអូផិន (French Open) លើកទី៨ កាលពីដើមខែនោះ បានបង្ហាញឲ្យឃើញថា គាត់មិនទាន់មានភាពស៊ាំជាមួយនឹងទីលានវាលស្មៅនៅឡើយទេ បន្ទាប់ពីត្រឡប់មកពីរបួសវិញ។
ពេលនេះ ណាដាល់បានជាប់ប្រវត្តិសាស្ត្រដ៏អាក្រក់បំផុត និងក្លាយជាកីឡាករលំដាប់កំពូលដំបូងគេ ដែលបានប្រកួតធ្លាក់ក្នុងជុំទី១ ក្នុងពានរង្វាន់វីលបលដុននេះ បន្ទាប់ពីកីឡាករហ្គាសតាវ៉ូ ក្វឺតថិន (Gustavo Kuerten) ធ្លាប់ជួបរឿងសោកសៅម្តងដែរ កាលពីឆ្នាំ១៩៩៧។
ទោះបីជាចាញ់ក៏ដោយ ក៏ណាដាល់មិនបានបន្ទោស ដោយសារតែរបួសរបស់គាត់នោះដែរ។ គាត់បាននិយាយថា៖ «វាមិនមែនជារឿងល្អទេសម្រាប់ខ្ញុំ។ ខ្ញុំបានព្យាយាមឲ្យល្អបំផុតហើយ ហើយខ្ញុំក៏មានឱកាសដែរ ប៉ុន្តែខ្ញុំនៅតែធ្វើមិនបានល្អ។ វាពិតជាពិបាកនៅលើទីលានស្មៅនេះ។ ពេលនេះមិនមែនជាពេលដែលត្រូវនិយាយពីបញ្ហារបួសជង្គង់របស់ខ្ញុំទៀតនោះទេ។ អ្វីដែលខ្ញុំអាចធ្វើនៅពេលនេះ មានតែជួយអបអរដៃគូរបស់ខ្ញុំ ដែលបានឈ្នះ។ វាមិនមែនជារឿងសោកនាដកម្មអ្វីនោះទេ ហើយខ្ញុំចាញ់ ព្រោះជាកីឡា។»
រីឯកីឡាករដាស៊ីស បាននិយាយថា៖ «ណាដាល់ លេងមិនបានល្អទេនៅទីនេះ។ វាពិតជាលំបាក នៅពេលដែលអ្នកមកកាន់ទីលានវាលស្មៅលើកដំបូង។ ខ្ញុំគ្រាន់តែចង់លេងការប្រកួតរបស់ខ្ញុំឲ្យបានល្អតែប៉ុណ្ណោះ អ្វីផ្សេងខ្ញុំមិនគិតនោះទេ។ ខ្ញុំតែងតែលេងបានល្អបំផុតនៅលើទីលានស្មៅ ហើយខ្ញុំពិតជារីករាយខ្លាំងណាស់ នូវជ័យជំនះមិនគួរឲ្យជឿមួយនេះ៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ