តឺនីស៖ ណាដាល់ បំបាក់រ៉ាវណិក លើកពានលើកទី៣នៅកាណាដា
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: August 12, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កីឡាករឆ្នើមរបស់អេស្ប៉ាញ រ៉ាហ្វាអែល ណាដាល់ (Rafael Nadal) បានចំណាយពេលត្រឹមតែ ៦៨នាទីតែប៉ុណ្ណោះ ក្នុងការយកឈ្នះកីឡាករជើងខ្លាំងរបស់កាណាដា មីឡូស រ៉ាវណិក (Milos Raonic) ដោយលទ្ធផល ៦-២ និង៦-២ និងបានលើកពាន អេធីភី ម៉ុងរៀលម៉ាស្ទើ (ATP Montreal Masters) កាលពីថ្ងៃអាទិត្យ។
កីឡាករ មីឡូស រ៉ាវណិក (ខាងឆ្វេង) និងកីឡាករ រ៉ាហ្វាអែល ណាដាល់។ (រូបថត EFE)
ណាដាល់ បានប្រាប់យ៉ាងច្បាស់ថាគាត់កំពុងតែត្រៀមខ្លួន ដើម្បីប្រកួតក្នុងពានរង្វាន់ដ៏ធំចុងក្រោយ យូអេស អូផិន (US Open) នៅសប្តាហ៏ក្រោយ ដែលរួមបញ្ចូលជាមួយនឹងព្រឹត្តិការណ៏ អេធីភី ដិបិលយូធីអេ ស៊ីនស៊ីនណាទី (ATP-WTA Cincinnati) ផងដែរ។
កីឡាករ ដែលលើកពានទេសចរណ៏អេធីភី លើកទី៣នៅកាណាដា (ណាដាល់) បាននិយាយ បន្ទាប់ពីឈ្នះកីឡាករ រ៉ាវណិកយ៉ាងងាយស្រួល ថា៖ «យើងនឹងឃើញនៅពេលបន្ទាប់ទៀត ប៉ុន្តែពេលនេះ ខ្ញុំមានអាការៈប្រសើរ។ ខ្ញុំនឹងត្រៀមខ្លួនឲ្យបានល្អ ហើយថ្ងៃនេះ ខ្ញុំមានកម្លាំងកាយល្អណាស់ និងគ្មានអ្វីរំខាននោះទេ។»
ណាដាល់ បានឈ្នះពានរង្វាន់ ម៉ាស្ទើ១០០០ លើកទី២៥ហើយ និងបានឈ្នះពានមិត្តភាពទេសចរណ៏នេះ លើកទី៨ហើយដែរនៅក្នុងរដូវកាលនេះ ខណៈដែលពានរង្វាន់របស់គាត់ទាំងអស់សរុបមានរហូតដល់ ៥៨ពាន។
កីឡាករលំដាប់លេខ៤ពិភពលោក បាននិយាយថា៖ «ទោះបីជាទទួលបានជ័យជំនះ ឬក៏បរាជ័យ វាមិនប៉ះពាល់ដល់ការប្រកួតខាងមុខ របស់ខ្ញុំនោះទេ។ នៅពេលដែល ខ្ញុំទៅដល់ទីក្រុងញ៉ូយ៉ក ខ្ញុំនឹងគិតពី ពានរង្វាន់យូអេសអូផិន។ ខ្ញុំតែងតែផ្តោតអារម្មណ៏ មួយដំណាក់កាលម្តងៗ។ ខ្ញុំធ្វើបានល្អណាស់ នៅលើទីលាន នៅក្នុងសប្តាហ៏នេះ។ ខ្ញុំពិតជារីករាយ ហើយខ្ញុំនឹងរក្សារទម្រង់ល្អបែបនេះទៀត។»
ចំណែកឯកីឡាករ រ៉ាវណិក ជាកីឡាករម្ចាស់ផ្ទះតែមួយរូបគត់ ដែលប្រជាជនកាណាដាសង្ឃឹមថា នឹងអាចជួយកាណាដាលើកពានជាលើកដំបូង ចាប់តាំងពីឆ្នាំ១៩៥៨ បាននិយាយទាំងខកចិត្ត និងសរសើរដល់ណាដាល់ថា៖ «ណាដាល់ ពិតជាធ្វើឲ្យខ្ញុំដឹងច្បាស់ថ្ងៃនេះ ហើយនេះជាការប្រកួតដ៏សំខាន់បំផុត នៅក្នុងអាជីពរបស់ខ្ញុំ។ ខ្ញុំរីករាយ ប៉ុន្តែក៏មានការសោកស្តាយខ្លាំងណាស់ដែរ ដែលមិនអាចលើកពាន នៅក្នុងទឹកដីកាណាដា របស់ខ្លួនឯង៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ