កាវ៉ានី រិះគន់គ្រូបង្វឹកលីវើភូល ដែលនិយាយពីភក្តីភាពជាមួយ ល្វីស ស្វារែស
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: August 12, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខ្សែប្រយុទ្ធ អេឌីនសិន កាវ៉ានី (Edinson Cavani) របស់ក្រុម ប៉ារីស ហ្សិនជឺម៉ិន (Paris Saint-Germain) ជឿថា ក្លិបហង្សក្រហម លីវើភូល (Liverpool) កំពុងតែដាក់គំនាបមិនយុត្តិធម៌ ទៅលើខ្សែប្រយុទ្ធ ល្វីស ស្វារែស (Luis Suarez) ដោយរារាំងមិត្តរួមក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយរបស់គាត់ មិនឲ្យចាកចេញពីក្លិប។
កីឡាករមិត្តភ័ក្រទាំងពីរ សប្បាយចិត្តនៅពេលលេងជុំគ្នា ក្នុងក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ។ (រូបថត Reuters)
គ្រូបង្វឹកក្រុមលីវើភូល លោកប្រិនដេន រ៉ដចឺស (Brendan Rodgers) បាននិយាយយ៉ាងច្បាស់ហើយថា គាត់មិនអាចអនុញ្ញាតឲ្យកីឡាករដែលទាត់បញ្ចូលទីបានច្រើនជាងគេនៅក្នុងក្រុម ចាកចេញពីក្លិប នៅក្នុងរដូវក្តៅនេះនោះទេ បើទោះបីជាអតីតកីឡាករក្រុម អាស្សាក (Ajax) បានលើកឡើងថា វាជាការបំពានកិច្ចសន្យារបស់គាត់ ជាមួយនឹងក្លិបក៏ដោយ។
បន្ទាប់ពីផ្ទេរពីក្រុមណាប៉ូលី (Napoli) ទៅកាន់ក្រុមប៉ារីស ក្នុងតម្លៃថ្លៃជាងគេ នៅប្រទេសបារាំងកាលពីពេលថ្មីៗ កាវ៉ានី បានប្រាប់ដល់កាសែត ដៀលីម៉ែល (Daily Mail) ថា ក្លិបហង្សក្រហមមិនគួរណា ចង់រក្សារទុកកីឡាករ ដែលមិនចង់ផ្តល់អ្វីៗគ្រប់បែបយ៉ាងជូនដល់ក្លិបទៀតនោះទេ។
កីឡាករអន្តរជាតិអ៊ុយរ៉ាហ្គាយ បានពន្យល់ថា៖ «គ្រូបង្វឹកលីវើភូល អាចនិយាយពីភក្តីភាព ឬការមិនគោរព ប៉ុន្តែប្រហែលជាគាត់ត្រូវតែមើលពីអត្ថន័យឡើងវិញ។ ស្វារែស គាត់មានឱកាសទៅកាន់ក្លិបធំដូចជា ជូវីនទូស (Juventus) ដែលឈ្នះលីកអ៊ីតាលី កាលពីឆ្នាំមុន។ ប៉ុន្តែផ្ទុយទៅវិញ គាត់នៅជាមួយលីវើភូល១រដូវកាលទៀត ហើយនោះជាអ្វីដែលអ្នកនិយាយថា ភក្តីភាព។»
ខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំបានបន្ថែមថា៖ «ខ្ញុំបានដឹងពីកិច្ចព្រមព្រៀងរបស់គាត់ ជាមួយនឹងក្រុមលីវើភូល ហើយខ្ញុំយល់ថា គាត់សាកសម្យនឹងចាកចេញ បើពួកគេមិនបានលេងក្នុងក្របខ័ណ្ឌ ឆែមពានលីក (Champions League)។»
ចំណែកឯគ្រូបង្វឹកក្រុម ឃ្វីនផាក រ៉ែងចឺ (Queens Park Rangers) លោក ហារី រ៉ែដណេប (Harry Redknapp) បានលើកឡើងថា ស្វារែសគាត់មិនខ្វល់ពីនរណាទាំងអស់ ឲ្យតែគាត់បានចាកចេញពីក្លិប។
គ្រូបង្វឹកវ័យ៦៦ឆ្នាំរូបនេះ បាននិយាយថា៖ «គាត់ (ស្វារែស) មិនខ្វល់ពីគ្រូបង្វឹក មិត្តរួមក្រុម និងអ្នកគាំទ្រទាំងអស់ ដែលតែងតែជួយការពារ និងគាំទ្រគាត់ នៅពេលដែលគាត់មានរឿងរ៉ាវជាមួយនឹងអ្នកដទៃនោះទេ។ ជាក់ស្តែងគាត់មិនខ្វល់ពីក្លិបបាល់ទាត់លីវើភូលអ្វីទាំងអស់ ពោលគឺគាត់ខ្វល់តែខ្លួនគាត់តែប៉ុណ្ណោះ។»
ខណៈដែលក្របខ័ណ្ឌបាល់ទាត់ ព្រីមែលីកជិតនឹងបើករដូវកាល មិនដល់ពេល១អាទិត្យទៀតនោះ អតីតកីឡាករក្រុមហង្សក្រហម លោក ជេមី រ៉េដណេប (Jamie Redknapp) បានផ្តល់ដំបូន្មានដល់លោក រ៉ដចឺសថា ឲ្យលក់ស្វារែសចេញទៅ មុនពេលដែលទីផ្សារទិញដូរកីឡាករត្រូវបានបិទ កុំឲ្យមានរឿងរ៉ាវវែងឆ្ងាយនៅលើទីលានទៅថ្ងៃក្រោយទៀត។
លោក រ៉េដណេប ដែលបច្ចុប្បន្នជាអ្នកវិភាគបាល់ទាត់នៅកាសែត ដៀលីម៉ែល បានពន្យល់ថា៖ «ការប្រកួតបាល់ទាត់នៅក្នុងសម័យទំនើបនេះ វាពិតជាពិបាកណាស់ ដែលយើងចង់រក្សារកីឡាករ ដែលមិនរីករាយជាមួយក្រុម ឲ្យនៅលេងជាបន្ត។ បើលីវើភូល នៅតែរក្សារទុកស្វារែស ពួកគេ នឹងនៅតែមានរឿងរ៉ាវរកាំរកូសជាបន្តទៀត៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ