អ្នកភូមិបឹងកក់ជម្រុញតុលាការកំពូលជំនុំជម្រះករណី យ៉ោម បុប្ផា
នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣នេះ អ្នកភូមិបឹងកក់ប្រមាណជាជិតមួយរយនាក់ បានធ្វើការប្រមូលផ្តុំគ្នា នៅមុខតុលាការកំពូល ដោយស្រែកទាមទារតវ៉ាឲ្យតុលាការជាន់ខ្ពស់នេះ ធ្វើការជំនុំជម្រះក្តីករណីអ្នកស្រី យ៉ោម បុប្ផា ឲ្យបានឆាប់។
ការតវ៉ារបស់អ្នកភូមិបឹងកក់ នៅមុខតុលាការកំពូល ថ្ងៃទី១២ខែសីហា។ (រូបថត MONOROOM.info/ U. Bory)
អ្នកស្រី ទេព វន្នី តំណាងអ្នកភូមិបឹងកក់បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងកំឡុងពេលតវ៉ា ថាអ្នកភូមិបឹងកក់ បានដាក់ញ្ញត្តិទៅតុលាការកំពូលតាំងពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣ ក្នុងគោលបំណងពន្លឿន តុលាការ ដោះស្រាយករណីនេះ។ ប៉ុន្តែរហូតមកដល់ពេលនេះ ក្រុមអ្នកភូមបឹងកក់មិនទាន់ឃើញមានការឆ្លើយតប ឬក៏មានចំណាត់ការណាមួយ ពីភាគីតុលាការកំពូលនៅឡើយទេ ហេតុដូចនេះក្រុមអ្នកភូមិ នឹងបន្តធ្វើការតវ៉ារហូត ទាល់តែមានដំណោះស្រាយមួយច្បាស់លាស់។
ក្នុងករណីនេះទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ មិនអាចសុំការបកស្រាយបំភ្លឺ ពីខាងភាគីតុលាការកំពូលបានទេ។ ប៉ុន្តែបើយោងលើអ្នកស្រី ទេព វន្នី ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយជំនួបរវាងតំណាងអ្នកភូមិបឹងកក់ និងតំណាងតុលាការកំពូលបានពន្យល់ ថាតុលាការកំពូលទើបតែទទួលបានពាក្យបណ្តឹងសារទុក្ខ ពីសាលាឧទ្ធរណ៍នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៣ ដូចនេះការយឺតយ៉ាវមកពីភាគីសាលាឧទ្ធរណ៍។
ទន្ទឹមនឹងនេះអ្នកស្រីបញ្ជាក់ថា៖ «តុលាការកំពូលផ្តល់ពេលឲ្យយើងម្ភៃថ្ងៃ ក្នុងការសរសេរសារណា ហើយបើសារណាអាចបញ្ចាប់ក្នុងពេលឆាប់ ការបើសវនាការក៏អាចបើកបានឆាប់ដែរ»។
សូមរម្លឹកថា សំណុំរឿងអ្នកស្រី យ៉ោម បុប្ផា ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ៣ឆ្នាំ និងពិន័យជាប្រាក់សរុប៦០ លានរៀល កាលពីខែធ្នូ ឆ្នាំ២០១២ ក្នុងបទចោទថាបានរួមដៃជាមួយប្អូន ព្រួតគ្នាវាយលើបុរសអ្នករត់ម៉ូតូឌុបពីរនាក់ ឲ្យរបួសបែកក្បាល កាលពីដើមខែសីហា ឆ្នាំ២០១២ កន្លងមក ហើយសំណុំរឿងដដែលនេះ ក៏ត្រូវបានសាលាឧទ្ធរណ៍លើកយកមកជំនុំជម្រះកាលខែមិថុនា ឆ្នាំ២០១៣ ហើយសម្រេចផ្តន្ទាទោស ឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និងពិន័យជាប្រាក់២០លានរៀលដល់ជនរងគ្រោះ។
ផ្ទុយមកវិញការកាត់ទោសអ្នកស្រី យ៉ោម បុប្ផា នេះត្រូវបានមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងអង្គការលើកលែងទោសអន្តរជាតិ ចោទប្រកាន់តុលាការថា កាត់សេចក្តីមិនយុត្តិធម៌ និងស្មើឲ្យមានការដោះលែងជាបន្ទាន់។
ក្នុងករណីអ្នកស្រី យ៉ោម បុប្ផានេះ ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការលីកាដូ លោក អំ សំអាត បានពន្យល់ថា ករណីកាត់ទោសនេះមានភាពមិនក្រក្រតី តាំងពីសាលាតំបូងរហូតដល់សាលាឧទ្ធរណ៍ ពោលគឺគ្នានភស្តុតាងណា អាចបញ្ជាក់ថាអ្នកស្រី យ៉ោម បុប្ផា បានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។ លោក អំ សំអាត បញ្ជាក់ថា៖ «ប្រសិនបើអ្នកស្រី យ៉ោម បុប្ផា មិនមែនជាសកម្មជនដីធ្លីដ៏សកម្មនៅតំបន់បឹងកក់ទេ អ្នកស្រីក៏មិនមានវាសនាដូចនេះដែរ»។
មេធាវីការពារក្តីអ្នកស្រី យ៉ោម បុប្ផា លោក ហម សុនរិទ្ធិ អះអាងថា៖ «ខ្ញុំនៅតែសង្ឃឹម ថាតុលាការកំពូលរកយុត្តិធម៌ ឲ្យកូនក្តីខ្ញុំ»។ មេធាវីរូបនេះបន្ថែមថាអ្នកស្រី យ៉ោម បុប្ផា អាចនឹងមានសេរីភាពក្នុងពេលឆាប់ៗខាងមុខនេះ ប្រសិនបើតុលាការកំពូលយករឿងក្តីនេះមកពិចារណាឡើងវិញ។
--------------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ