ចល័តទ័ព៖ ស ខេង ថាដើម្បីសន្តិសុខជាតិ ខណៈកឹម សុខា ថារដ្ឋាភិបាល«ទាល់ច្រក»
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: August 13, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្នំពេញ៖ ពាក្យសម្ដីឆ្លើយឆ្លងគ្នា តាមបណ្ដាញផ្សព្វផ្សាយ នៃមេដឹកនាំនយោបាយ ទាក់ទងនឹងការចល័តទ័ពមកកាន់រាជធានីភ្នំពេញ បានធ្វើឲ្យមានការចាប់អារម្មណ៍ជាទូទៅ ជាពិសេសអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា។ រដ្ឋាភិបាលតែងតែការពារខ្លួនថា ជាការចល័តទ័ពដើម្បីសុវត្ថិភាពសង្គម និងសន្តិសុខជាតិ ខណៈដែលគណបក្សសង្គ្រោះជាតិ ចាត់ទុកថានេះជាការគម្រាមមួយ និងទាមទារឲ្យរដ្ឋាភិបាល«ចាំផ្ទះ» បញ្ឈប់នូវសកម្មភាពនេះជាបន្ទាន់។
រថពាសដែក ដែលត្រូវបានគេ យកមកពង្រាយ នៅជុំវិញច្រកចូលសំខាន់ៗនៃរាជធានីភ្នំពេញ។ (រូបថត siv channa)
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ក្នុងសន្និសិទកាសែតកាលពីព្រឹកថ្ងៃទី១២ខែសីហា បានលើកមកនិយាយថា ការចល័តទ័ព ការគំរាមកំហែងគ្រប់រូបភាព បានធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច។ លោកកឹម សុខា បានចាត់ទុកថា «ជាចំណុចមួយ ដែលរាជរដ្ឋាភិបាលបានបង្ហាញ ពីភាពទាល់ច្រក ភាពអន់របស់ខ្លួន ដែលមិនចេះដោះស្រាយបញ្ហា ផ្តល់ព័ត៌មានស្តីពីការជ្រើសរើសក្រុមអ្នកបច្ចេកទេស ដើម្បីធ្វើការស្រាវជ្រាវលើភាពមិនប្រក្រតី នៃការបោះឆ្នោតនោះ»។
នៅលើបណ្ដាញហ្វេសប៊ុក លោក សម រង្ស៊ី ដែលធ្លាប់បានអំពាវនាវ ឲ្យកងកម្លាំងប្រដាប់អាវុធ ឲ្យចូលរួមជាមួយកម្លាំងរបស់លោក ដើម្បីទម្លាក់របបបច្ចុប្បន្ននេះនោះ បានដកសេចក្ដីអំពាវនាវនេះ ចេញវិញពីទំព័រហ្វេសប៊ុកផ្លូវការរបស់លោកវិញ។ ការដកចេញនេះទំនងជាត្រូវបានធ្វើ នៅបន្ទាប់ពីមានប្រតិកម្មពីមន្ត្រីរដ្ឋាភិបាល ដែលចាត់ទុកថា សេចក្ដីអំពាវនាវរបស់លោក សម រង្ស៊ី បានជម្រុញឲ្យមានអំពើហឹង្សា ហើយព្រមានចាត់វិធានការផ្លូវច្បាប់ប្រឆាំងមេដឹកនាំរូបនេះ។
«ការបំផុសឲ្យកងទ័ព ធ្វើការបះបោរ គឺជាទោសព្រហ្មទណ្ឌមួយ» ?
លោក ខៀវ កាញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័តមាន កាលពីដ្ងៃទី១០ ខែសីហា បានចាត់ទុកសេចក្ដីអំពាវនាវនេះ ថា«ការបំផុសឲ្យកងទ័ព ធ្វើការបះបោរ» ហើយអ្នកធ្វើសេចក្ដីអំពាវនាវ នឹងទទួលទោសព្រហ្មទណ្ឌ ប្រសិនណាជាការប្រកាសនេះ ធ្វើជាលក្ខណៈសម្លង។ មិនត្រឹមតែប៉ុណ្ណោះ លោកខៀវ កាញ្ញារិទ្ធ ថែមទាំងបានថ្លែងទៅកាន់អ្នកការសែតថា រាល់ការផ្សាយព័ត៌មាននៅលើហ្វេសប៊ុក មិនគួរត្រូវបានយកជាការបានឡើយ។
ប៉ុន្តែ អនុប្រធានគណបក្សប្រឆាំង លោក កឹម សុខា ដែលបានយកបណ្ដាញហ្វេសប៊ុក ជាមធ្យោបាយស្វែងរកការគាំទ្រនោះ នៅតែអះអាងថា ការស្នើរឡើងដោយលោកសម រង្ស៊ី នៅលើទំព័របណ្តាញសង្គម(facebook) ទៅកងកំលាំងប្រដាប់អាវុធទាំងនោះ មិនអាចកើតមាន ឬបង្កឲ្យមានភាពរំជើបរំជួលក្នុងប្រទេសនោះទេ។ ផ្ទុយទៅវិញ លោកបានចាត់ទុកថា ការដាក់ទ័ព ការដាក់រថក្រោះ ការចល័តទ័ព ទាំងនេះទៅវិញទេ ទើបជាការបង្កើតឲ្យមាន នូវភាពរំជើបរំជួលពិតប្រាកដនោះ។
នៅក្នុងសន្និសិទសារព័ត៌មានដដែល លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានបន្ថែមថា ការអំពាវនាវរបស់លោក សម សង្ស៊ី មានចេតនាល្អ ក្នុងការចង់បង្រួបបង្រួមជាតិ ចង់បង្ហាញទៅដល់មតិជាតិ និងអន្តរជាតិថា ចង់ដោះស្រាយដោយសន្តិវិធី។ លោកបន្តរថា «កងទ័ពទាំងអស់ ដែលមាននៅក្នុងប្រទេស ជាកងទ័ពរបស់ជាតិ ជាកងទ័ពរបស់ប្រទេសទាំងមួល មិនមែនជាកងទ័ពរបស់បក្សណាមួយនោះទេ។ (...) ទ័ពមិនត្រូវមកបំរើឲ្យគណបក្សណាទេ ហើយស្ថិតក្នុងបរិយាកាសមួយដែលអព្យាក្រិត យុត្តិធម៌ ការពារផលប្រយោជន៍ ឲ្យប្រជាជតិទាំងមួល ហើយទុកលទ្ធភាពឲ្យគណបក្សនយោបាយ ធ្វើការដោះស្រាយ និងការចចារគ្នាដោយសន្តិវិធី»។
ឆ្លើយតបនឹងការចោទប្រកាន់ របស់ក្រុមប្រឆាំង ពាក់ព័ន្ធនិងការចល័តកងទ័ពនេះ លោកខៀវ កាញ្ញារិទ្ធ បានបកស្រាយថា «យើងមិនបានពង្រាយកងទ័ពទេ តែយើងបានដាក់កងកម្លាំងខ្លះ នៅតាមតំបន់ដែលជាយុត្តិសាស្រ្ត ដូចជានៅលើស្ពាន តាមរង្វង់មូល និងនៅតាមស្ថាប័នមួយចំនួន ប្រសិនបើមានបាតុកម្មនោះ»។ លោកបានបញ្ជាក់ថា ការធ្វើបាតុកម្មធម្មតាតែងតែមានជនខិលខូច លួចបន្លំបង្កឲ្យមានការខូចខាតផ្សេងៗ ដូច្នេះយើងត្រូវតែការពារនូវបញ្ហាទាំងនេះ។
ដោយឡែក លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានបញ្ជាក់កាលពីថ្ងៃទី៩ ខែសីហាថា ការចល័តទ័ពនេះ ដើម្បីការពារសន្តិសុខ ប្រសិនបើគណបក្សសង្គ្រោះជាតិ មានការធ្វេសប្រហេសនាំឲ្យជនឱកាសនិយម ឆ្លៀតយកពេលមនុស្សប្រមូលផ្តុំគ្នាច្រើន កំពុងធ្វើមហាបាតុកម្មអហិង្សា ដើម្បីធ្វើសកម្មភាពអ្វីមួយនាំមានអសន្តិសុខក្នុងប្រទេស៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១២ សីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ