ដោនណីង ចង់លេងបាល់ទាត់ពិភពលោក បន្ទាប់ពីផ្ទេរទៅក្រុមវែសហេម
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: August 13, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខ្សែបម្រើស្លាប ស្តេវ៉ាត ដោនណីង (Stewart Downing) របស់ក្រុមហង្សក្រហម លីវើភូល (Liverpool) នឹងផ្ទេរទៅកាន់ក្រុមញញួរយក្ស វែសហេម (West Ham) ជាផ្លូវការ នៅថ្ងៃអង្គារ៏នេះ ក្នុងតម្លៃខ្លួន ៦លានផោន (៩.២៧ លានដុល្លា) ហើយគាត់សង្ឃឹមថា នឹងជួយឲ្យគាត់ជាប់ក្នុងក្រុមជម្រើសជាតិអង់គ្លេស ដើម្បីលេងបាល់ទាត់ពិភពលោកឆ្នាំក្រោយ។
ខ្សែបម្រើស្លាប ស្តេវ៉ាត ដោនណីង នៅពេលលេងឲ្យក្រុម លីវើភូល។ (រូបថត Julian Finney / Getty Images)
កីឡាករវ័យ២៩ឆ្នាំ បានធ្វើតេស្តពិនិត្យសុខភាព កាលពីយប់ថ្ងៃច័ន្ទ បន្ទាប់ពីក្រុមលីវើភូល យល់ព្រមខាតបង់ក្នុងតម្លៃ ១៤លានផោន ខណៈដែលក្លិបហង្សក្រហម បានទិញគាត់មកពីក្រុម អាស្តុន វីឡា (Aston Villa) កាលពី២ឆ្នាំមុន ក្នុងតម្លៃរហូតដល់ ២០លានផោន។
ដោនណីង នឹងទៅចូលរួមជាមួយនឹងអតីតមិត្តរួមក្រុមលីវើភូល អេនឌី ខារ៉ូល (Andy Carroll) ដែលកីឡាករមាឌយក្សរូបនោះ បានផ្ទេរទៅក្រុមវែសហេម ក្នុងតម្លៃ១៧លានផោន កាលពីពេលថ្មីៗ។ នេះមានន័យថា ក្លិបញញួរយក្ស បានទិញកីឡាករ២នាក់ ក្នុងតម្លៃសរុប ២៣លានផោន ខណៈដែលពួកគេមានតម្លៃ ៥៥លានផោន នៅពេលដែលផ្ទេរចូលទៅកាន់កីឡាដ្ឋាន អេនហ្វៀល (Anfield)។
ខ្សែបម្រើអន្តរជាតិអង់គ្លេស ដោនណីង បានបង្ហាញខ្លួនឲ្យក្រុមលីវើភូល ក្នុងក្របខ័ណ្ឌព្រីមែលីក (Premier League) បានចំនួន ២៩ប្រកួត បញ្ជូនឲ្យមិត្តរួមក្រុមទាត់បញ្ចូលទីបាន ៥លើក ប៉ុន្តែគាត់ទាត់បញ្ចូលទីបានតែ ៣គ្រាប់តែប៉ុណ្ណោះ កាលពីរដូវកាលមុន ខណៈដែលរដូវកាលដំបូងរបស់គាត់ (២០១១-២០១២) លេងបាន ៣៦ប្រកួត មិនបានបញ្ជូនឲ្យមិត្តរួមក្រុមសោះ និងគ្មានគ្រាប់បាល់ទាត់បញ្ចូលទីសូមបីតែ១គ្រាប់ថែមទៀត (0 Goal, 0 Assist)។
ដោយសារតែទម្រង់លេងមានភាពធ្លាក់ចុះដូចនេះ ធ្វើឲ្យគាត់ធ្លាក់ចេញពីដំណែងក្រុមជម្រើសជាតិអង់គ្លេស របស់លោកគ្រូបង្វឹក រ៉យ ហដសិន (Roy Hodgson) ខណៈដែលវត្តមានចុងក្រោយបង្អស់របស់គាត់ក្នុងក្រុមជម្រើសជាតិ កំពុងពេលប្រកួតមិត្តភាពជាមួយនឹងក្រុមន័រវែស កាលពីខែឧសភា ឆ្នាំ២០១២។
ហើយគាត់ក៏ត្រូវបានគ្រូបង្វឹកក្រុមលីវើភូល លោកប្រេដិន រ៉ដចឺស (Brendan Rodgers) ព្រមានដែរថា គាត់នឹងមិនមានដំណែងចូលលេងជាជម្រើស១១នាក់ដំបូងរបស់ក្រុមហង្សក្រហមទៀតនោះទេ បន្ទាប់ពីការមកដល់របស់ខ្សែបម្រើវ័យក្មេងសញ្ជាតិអេស្ប៉ាញ ល្វីស អាល់បឺតូ (Luis Alberto)។
ការលេងបាល់ទាត់ពិភពលោក (World Cup) ជាក្តីស្រម៉ៃរបស់កីឡាករគ្រប់ៗរូប ប៉ុន្តែបើពួកគេចង់លេងក្នុងព្រឹត្តិការណ៏នោះ ចាំបាច់ពួកគេត្រូវតែជាកីឡាករលេងជាជម្រើស១១នាក់ដំបូងជានិច្ច សម្រាប់ក្លិបបាល់ទាត់អាជីពរបស់ខ្លួន និងមានទម្រង់លេងល្អថែមទៀត ទើបអាចមានការកោះហៅឲ្យចូលក្រុមជម្រើសជាតិ។
ដោនណីង គាត់ដឹងខ្លូនថា បើគាត់នៅក្នុងក្រុមលីវើភូលជាបន្ត គាត់ប្រហែលជាគ្មានឱកាសទៅលេងបាល់ទាត់ពិភពលោកនោះទេ ដូច្នេះគាត់ត្រូវតែចាកចេញ ដើម្បីទៅក្រុមណាមួយ ដែលអាចឲ្យគាត់បង្ហាញសមត្ថភាព ជាកីឡាករជម្រើស១១នាក់ដំបូងបាន ជាក់ស្តែងដូចជាក្រុមវែសហេមនេះជាដើម៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ