ដំណើរកំសាន្ដ«ស្គី»របស់ សម រង្ស៊ី រងការរិះគន់ថា«ខុសពេល»
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: February 02, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ជាការបង្ហាញរឿងឯកជន ដែលមិនត្រូវពេល និងមិនចេះគិតវែងឆ្ងាយ» នេះជាការឧទានឡើងរបស់ពលរដ្ឋដើមកំណើតខ្មែរមួយរូប ពីក្នុងចំណោមពលរដ្ឋមួយចំនួនទៀតរស់នៅក្នុងប្រទេសបារាំង ដែលបានរិះគន់ការកំសាន្ដជិះ«ស្គី»របស់លោក សម រង្ស៊ី នៅប្រទេសស្វីស។
រូបភាពផ្តិតចេញពីវីដេអូមួយ ដែលបង្ហាញថា លោក សម រង្ស៊ី កំពុងជិះស្គីយ៉ាងរំភើយនៅលើភ្នំទឹកកក ក្នុងប្រទេសស្វីស។
នយោបាយកម្ពុជា - ការធ្វើកីឡា ជារឿងមួយចាំបាច់ណាស់សម្រាប់មនុស្សគ្រប់រូប។ រីឯការជិះស្គី ក៏ជាកីឡាមួយដែរ។ តែផ្ទុយទៅវិញ ការជិះស្គីថតដាក់ផ្សាយក្នុងទំព័រហ្វេសប៊ុកផ្លូវការ របស់ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មិនត្រូវបានចាត់ទុកជាការធ្វើកីឡាធម្មតានោះទេ បែជាត្រូវបានពលរដ្ឋដើមកំណើតខ្មែរមួយចំនួន ដែលរស់នៅក្នុងប្រទេសបារាំង ពេបជ្រាយនិងធ្វើការរិះគន់ ថាជាការបង្ហាញឲ្យគេដឹង ពី«ការកំសាន្ដបែបឯកជនមួយដែលមិនត្រូវពេល»។
នៅក្នុងកាលៈទេសៈមួយដ៏ពិបាក ដូចជាអនុប្រធានរបស់ខ្លួន លោក កឹម សុខា បានរងនូវការគម្រាមសម្លាប់ និងក្រុមបាតុករប្រឆាំងក្នុងស្រុកជាច្រើន បានរងនូវការបាញ់សម្លាប់ និងវាយឲ្យរបួសហូរឈាម ប៉ុន្តែគេបានឃើញមេបក្សប្រឆាំង បានចេញទៅកំសាន្ដស្គីនិងថែមទាំងបានថតរូប ផ្ដិតជាវីដេអូ ដាក់បង្ហាញបង្អួតគេឯងថែមទៀត។ នោះគឺជាការិះគន់ដោយចំៗ ទៅកាន់ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដោយពលរដ្ឋមួយរូប មកពីទីក្រុងលីយ៉ុង (Lyon) ឈ្មោះ ថេត សារឿន នៅក្នុងប្រតិកម្មមួយធ្វើមកកាន់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដែលមានទីស្នាក់ការនៅក្នុងរដ្ឋធានីប៉ារីស។ ពលរដ្ឋដែលជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិមួយរូបដែរនេះ បាននិយាយទៀតថា «នៅក្នុងដំណាក់កាលនេះ លោកប្រធាន គប្បីសម្ដែងកាយវិការជាសាធារណៈ ដោយចូលរួមឈឺឆ្អាល ឬការកាន់ទុក្ខ ឬសាមគ្គីភាព ជាមួយជនរងគ្រោះនៅប្រទេសកម្ពុជា ជៀសជាងការបង្ហាញរូបភាពលំហែកំសាន្ដ»។
ពលរដ្ឋដើមកំណើតខ្មែរមួយរូបទៀត អ្នកស្រី អៀរ វណ្ណថា រស់នៅតំបន់វាល់ដ័ស៍ (Val-d'Oise) ជាយរដ្ឋធានីប៉ារីស បានថ្លែងបញ្ជាក់ដែរថា «លោក សម រង្ស៊ី ត្រូវតែមានពេលវេលាឯកជនរបស់លោក ដើម្បីធ្វើកីឡា សម្រាកកំសាន្ដឬលំហែ។ ប៉ុន្តែប្រសិនបើសកម្មភាពណាមួយ មិនបានផ្ដល់រូបល្អដល់រូបលោក និងនយោបាយរបស់លោកទេ មិនគួរត្រូវយកមកបញ្ចេញផ្សាយជាសាធារណៈយ៉ាងដូច្នេះទេ។ ការជិះស្គី នៅទីនេះ (ក្នុងប្រទេសបារាំង) គេមិនមែនចាត់ទុកត្រឹមតែជាកីឡាធម្មតានោះទេ តែវាក៏ជាការលំហែកាយមួយ របស់ក្រុមអ្នកមានៗដែរច៎ា។»
ការរិះគន់របស់ក្រុមពលរដ្ឋទាំងនេះ បានធ្វើឡើងបន្ទាប់ពីមេបក្សប្រឆាំង បានធ្វើដំណើរទៅចូលរួមបាតុកម្មរបស់ក្រុមអ្នកគាំទ្ររបស់លោកនៅក្រៅប្រទេស នៅមុខឧត្ដមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ ប្រទេសស្វីស ខណៈពេលដែលមានការរៀបចំធ្វើសន្និសីទដ៏ធំមួយ ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា។ ក្នុងរយៈពេលស្នាក់នៅទីនោះ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤ លោក សម រង្ស៊ី បានឆ្លៀតឱកាសពីការចូលរួមបាតុកម្ម និងការចូលរួមសន្និសីទ ដើម្បីទៅជិះកំសាន្ដ«ស្គី» ជាមួយនឹងគ្រួសារខ្មែរមួយដែលរស់នៅក្នុងតំបន់នោះដែរ។ រូបថតរបស់លោកជាមួយនឹងស្នាមញញឹមបន្ដិចផង ដែលបានចុះផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក បានសរសេរជាអក្សរអមថា «ខ្ញុំជិះស្គីលើទឹកកក ជាមួយគ្រួសារខ្មែរមួយ (...)»។
នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់មេដឹកនាំប្រឆាំងមួយនេះ មិនមែនមានតែរូបលេងស្គីមួយនេះប៉ុណ្ណោះទេ តែអ្នកតាមដានទំព័ររបស់លោក ឧស្សាហ៍ឃើញលោក សម រង្ស៊ី ចូលចិត្តយករូបថតឯកជនរបស់លោកជាច្រើនមកចុះផ្សាយជាសាធារណៈណាស់ ដូចជានៅពេលលោកពត់ខ្លួន ហែលទឹក រត់ចម្ងាយ លោតឆ្លងប្រឡាយទឹក ជាដើម។
ការចុះផ្សាយនូវរូបភាពទាំងនេះ មិនមែនគ្មានមូលហេតុ ឬអត់មានប្រយោជន៍នោះទេ។ ជារឿយៗ ក្រុមអ្នកគាំទ្រលោក សម រង្ស៊ី និងគណបក្សសង្គ្រោះជាតិ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក តែងយកសកម្មភាពរបស់ប្រធានគណបក្សប្រឆាំងរូបនេះ ទៅផ្គូរផ្គងជាមួយនឹងដៃគូរបដិបក្ខនយោបាយ លោក ហ៊ុន សែន ដែលកំពុងកាន់អំណាចជិត៣០ឆ្នាំក្នុងប្រទេសកម្ពុជា។ ក្រុមអ្នកគាំទ្រ បានធ្វើការប្រៀបធៀបថា លោក សម រង្ស៊ី ជាបញ្ញាជនមានជីវិតសមញ្ញ ចេះធ្វើកីឡាគ្រប់យ៉ាង និងមានសុខភាពកាយសម្បទារមាំមួន សក្ដិសមនឹងក្លាយជាមេដឹកនាំបាន ខណៈលោក ហ៊ុន សែន មេដឹកនាំចាស់វស្សា ត្រូវបានគេយករូបភាពមកដាក់ក្បែរ ដែលមានលក្ខណៈទប់ខ្លួនដោយមានជំនួយពីក្រុមអង្គរក្សជាដើម។
អ្នកស្រី អៀរ វណ្ណថា ដែលជាអតីតសាស្ត្រាចារ្យមួយរូប ពីវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញផងនោះ បានពន្យល់ទៀតថា «ការបង្ហាញថា ខ្លួនចេះលេងស្គី ដាក់រូបបង្អួតគេឯង មិនបានធ្វើឲ្យ សម រង្ស៊ី មានប្រៀបជាង ហ៊ុន សែន នោះទេច៎ា។ ខ្ញុំឃើញរូបនេះហើយ ខ្ញុំចង់សើច (...)។ ផ្ទុយទៅវិញ បើវិភាគឲ្យជ្រៅ វាបានបង្ហាញពីរូបភាពជាអភិជន របស់អ្នកលេងស្គីនោះ មកសប្បាយធ្វើវាហី ដែលខុសឆ្ងាយពីនយោបាយរបស់ សម រង្ស៊ី។ នយោបាយ ដែលគណបក្សលោកស្រែកថា នៅជិត សង្គ្រោះ និងការពារអ្នកតូចទាប ខ្សត់ខ្សោយនោះ។»
មកដល់ពេលនេះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅមិនទាន់ទទួលបានប្រតិកម្មពីមន្ត្រីគណបក្សសង្គ្រោះជាតិ សាខាប្រទេសបារាំងណាម្នាក់នៅឡើយ។
យ៉ាងណាក៏ដោយ ក៏ពលរដ្ឋម្នាក់ទៀត លោក ហ្វ្រង់ស៊័រ សេង ពីទីក្រុងម៉ុងពើលីយ៉េ (Montpellier) ស្ថិតនៅផ្នែកខាងត្បូងនៃប្រទេសបារាំង បានថ្លែងយោគយល់ប្រធានគណបក្សរូបនេះ ថាជាការឆ្លៀតឱកាសដើម្បីដកដង្ហើម។ លោកយល់ស្របទៀតថា គេគួរបានមេដឹកនាំដែលមិនសូវចេះលាក់ មានតម្លាភាពដូចលោក សម រង្ស៊ី ជៀសជាងមេដឹកនាំដែលលួចលាក់ស្ថាត់ៗ តែបក្សពួកខ្លួន។
ពលរដ្ឋដើមកំណើតខ្មែរ អាយុជាង៥០ឆ្នាំរូបនេះ បានថ្លែងផ្ដល់យោបល់ឲ្យលោក សម រង្ស៊ី ថាត្រូវតែធ្វើខ្លួនជាបុគ្គល«ឥតខ្ចោះ»បន្ថែមទៀត ដោយសារតែលោកមានភារកិច្ចដ៏ធ្ងន់មួយ សម្រាប់ប្រទេសកម្ពុជា។ ជាពិសេស លោក សម រង្ស៊ី ខ្លួនលោកត្រូវស្ថិតនៅពីមុខចលនាតស៊ូ«មតិ»មួយ ដែលគ្រប់គ្នានរណាៗ ចាំមើលតែរូបលោកប៉ុណ្ណោះ។ លោក ហ្វ្រង់ស៊័រ បានបន្ថែមថា «បន្ទាប់ពីព្រឹត្តិការណ៍បង្ក្រាបយ៉ាងឃោឃៅរបស់ហ៊ុន សែន លើបាតុករបាតដៃទទេពីពេលកន្លងមក ដំណើរចេញក្រៅប្រទេសរបស់ សម រង្ស៊ី ត្រូវបានខ្មែរពេញពិភពលោកទន្ទឹងរងចាំថា នឹងមានលទ្ធផលមួយពីបេសកកម្មរដោះជាតិរបស់មេដឹកនាំមួយនេះ ចេញពីកណ្ដាប់ដៃយួនឈ្លានពាន ដេញ ហ៊ុន សែន ចេញពីអំណាច។ ប៉ុន្តែគ្មាននរណាម្នាក់គិតសូម្បីបន្តិចថា សម រង្ស៊ី ចេញមកក្រៅប្រទេស ដើម្បីជិះស្គីថតរូបដាក់ហ្វេសប៊ុកនោះឡើយ៕»
------------------------------------------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃ០១ ខែកុម្ភះ ឆ្នាំ២០១៤