សម រង្ស៊ី កឹម សុខា រ៉ុង ឈុន ដឹក​ដៃ​គ្នា​ឡើង​តុលាការ​នៅ​ព្រឹក​នេះ

ដូចការគ្រោងទុកប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា ព្រមទាំងប្រធានសហភាពសហជីពការងារកម្ពុជា លោក រ៉ុង ឈុន នៅព្រឹកថ្ងៃអង្គារទី ១៤ ខែមករា នេះ បាននាំគ្នាចូលទៅឆ្លើយបំភ្លឺ នៅចំពោះមុខចៅក្រម តុលាការសាលាដំបូងរាជធានីភ្នំពេញ ដើម្បីតបតាមការកោះហៅរបស់តុលការកាលពីថ្ងៃទី ០៣ ខែមករា កន្លងទៅ។
Loading...
  • ដោយ: ជា ធីរិទ្ធ
  • កែប្រែចុងក្រោយ: January 14, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដូចការគ្រោងទុកប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា ព្រមទាំង​ប្រធានសហភាពសហជីពការងារកម្ពុជា លោក រ៉ុង ឈុន នៅព្រឹកថ្ងៃអង្គារទី ១៤ ខែមករា នេះ បាននាំគ្នាចូលទៅ​ឆ្លើយបំភ្លឺ នៅចំពោះមុខចៅក្រម តុលាការសាលាដំបូងរាជធានីភ្នំពេញ ដើម្បីតបតាមការកោះហៅ​របស់តុលការ​កាលពីថ្ងៃទី ០៣ ខែមករា កន្លងទៅ។


មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (កណ្ដាល) និងលោក កឹម សុខា (ស្ដាំ) ព្រមទាំង​ប្រធានសហភាពសហជីព​ការងារកម្ពុជា លោក រ៉ុង ឈុន នៅព្រឹកថ្ងៃអង្គារទី ១៤ ខែមករា។ (រូបថត MONOROOM.info/ C. Thyrith)

នយោបាយកម្ពុជា - គ្មានអ្វីប្រែប្រួលឡើយ ការសន្យាថានឹងចូលទៅឆ្លើយបំភ្លឺ នៅចំពោះមុខចៅក្រម​តុលាការ​សាលាដំបូងរាជធានីភ្នំពេញ របស់មេដឹកនាំគណបក្សសង្គ្រោះជាតិទាំងពីររូបគឺលោក សម រង្ស៊ី និងលោក កឹម សុខា ព្រមទាំងប្រធានសមាគមគ្រូបង្រៀនឯករាជ្យមួយរូបទៀតគឺ លោក រ៉ុង ឈុន គ្មានការលើកពេលនោះទេ។ មេដឹកនាំ​កំពូលគណបក្សប្រឆាំង និងប្រធានសហជីព ដែលល្បីល្បាញខាងរិះគន់រដ្ឋាភិបាលមិនសំចៃម៉ាត់ទាំង ៣ រូបនេះ នៅ​ព្រឹកថ្ងៃអង្គារទី ១៤ ខែមករា ឆ្នាំ ២០១៤ នេះ បាននឹងកំពុងមានវត្តមាន នៅក្នុងបរិវេណតុលាការសាលាដំបូង​រាជធានី​ភ្នំពេញទាំងអស់គ្នា។

លោក សម រង្ស៊ី លោក កឹម សុខា និងលោក រ៉ុង ឈុន ត្រូវបានតុលាការចែកកាលវិភាគដាច់ដោយឡែកពីគ្នា ដើម្បី​ចូលបំភ្លឺម្នាក់ម្តងៗ នៅវេលាព្រឹកនេះ។ នៅក្នុងនោះ លោក រ៉ុង ឈុន ប្រធានសហភាពសជីពការងារកម្ពុជា ត្រូវចូល​ទៅឆ្លើយបំភ្លឺនៅចំពោះមុខតុលាការនៅវេលាម៉ោង ៨:០០ លោក កឹម សុខា នឹងចូលទៅបំភ្លឺនៅម៉ោង ៩:០០ ចំណែក​លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិចុងក្រោយគេ ចូលទៅបំភ្លឺនៅម៉ោង ១០: ០០ ព្រឹកនេះ។

ទាំងលោក សម រង្ស៊ី និង​លោក កឹម សុខា ព្រមទាំងលោក រ៉ុង ឈុន អ្នកទាំងបីរូបនេះ ត្រូវបានតុលាការចេញដីកា​កោះហៅទៅបំភ្លឺកាលពីថ្ងៃទី ០៣ ខែមករា កន្លងទៅ ពោលក្រោយពីមានអំពើហិង្សា នៅផ្លូវវ៉េងស្រេងនាសួន​កាណាឌីយ៉ា ដោយចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ និងប្រព្រឹត្តអំពើបង្កភាពវឹកវរ​ដល់សន្តិសុខ​សង្គម។

នៅមុខបរិវេណតុលាការសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកនេះ ពោលគឺនៅមុនបន្តិចចូលខ្លួនទៅបំភ្លឺនៅចំពោះ​មុខតុលាការលោក រ៉ុង ឈុន ប្រធានសហភាពសហជីពការងារកម្ពុជា បានថែ្លងប្រាប់អ្នកការសែតថា លោកមិនមាន​ការភ័យខ្លាយអ្វីទាំងអស់ ព្រោះលោកមិនបានប្រព្រឹត្តកំហុសនោះទេ។ លោកបន្តថា ប្រសិនបើតុលាការសម្រេច​ដាក់ទោសរូបលោក សហជីពអន្តរជាតិគេនឹងមិននៅស្ញៀមនោះឡើយ ពីព្រោះថា សហជីពរបស់លោកជាសមាជិក​នៃសហជីពពិភពលោក។

សកម្មជនអ្នកការពារសិទ្ធិកម្មកររូបនេះ បានគួសបញ្ជាក់ថា តាមពិតតុលាការគួរតែចេញដីកាកោះហៅអ្នក​បាញ់​សម្លាប់កម្មករ និងធ្វើឲ្យកម្មកររងរបួសកាលពីពេលកន្លងទៅទៅវិញទេ ដើម្បីឲ្យពួកគេមកឆ្លើយបំភ្លឺចំពោះការ​បាញ់​កម្មករ មិនមែនហៅមេសហជីព ដែលជាជនរងគ្រោះមួយរូបដែរ មកឆ្លើយបំភ្លឺនោះទេ។

ចំណែកលោកប្រធាន និងអនុប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា កាលពីយប់ម៉ិញ​បានថ្លែងតាមរយៈវិទ្យុសំឡេងសហរដ្ឋអាមេរិកផងដែរថា លោកទាំងពីរមិនញញើតសោះឡើយ ចំពោះការប្រឈម​មុខជាមួយតុលាការ ពីព្រោះតែលោកមិនបានសាងកំហុសដូចការចោទប្រកាន់នោះទេ។ មេដឹកនាំទាំងពីរនេះ បាន​សន្យាបូជាជីវិតដើម្បីប្រទេសជាតិទៀតផង។

យ៉ាងណាក៏ដោយជុំវិញការកោះហៅអ្នកនយោបាយ និងមេដឹកនាំសហជីពទៅសាកសួរនេះ សម្រាប់ក្រសែភ្នែកអ្នក​តាមដានស្ថានការណ៍នយោបាយ ហាក់មិនបានឲ្យតម្លៃចំពោះការចោទប្រកាន់របស់តុលាការនោះទេ ពួកគេបាន​លើកឡើងថា នេះគឺជារឿងដដែលៗសម្រាប់តុលាការនៅកម្ពុជា ពីព្រោះតុលាការគ្រាន់តែជាឧបករណ៍របស់​អ្នក​មាន​អំណាច ដើម្បីស្វែងរកផលប្រយោជន៍សម្រាប់ពួកគេតែប៉ុណ្ណោះ។ អ្នកតាមដាន បានស្នើឲ្យអ្នកនយោបាយខ្មែរ គួរ​វិលមករកតុចរចាគ្នាវិញប្រសើរជាងប្រជែងគ្នាយកឈ្នះចាញ់ ដែលគ្មានផលចំណេញអ្វីសម្រាប់ប្រទេសជាតិ៕

---------------------------------------------------
ដោយ ជា ធីរិទ្ធ (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...