មន្រ្តីក្រសួងការងារ «ប្តេជ្ញា»គោរពបញ្ជាលោកហ៊ុន សែន ចំពោះបញ្ហារោងចក្រសហគ្រាស
រដ្ឋមន្រ្តីក្រសួងការងារប្តេជ្ញាអនុវត្តន៍ នូវបទបញ្ជារបស់លោកហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា ស្តីអំពីការរក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅតាមតំបន់រោងចក្រ សហគ្រាស និងតំបន់ឧស្សាហកម្ម ដែលបានចេញកាលពីថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៣ ដោយលោកនឹងចាត់វិធានការ លើកម្មករក្នុងករណី ដែលពួកគេធ្វើការតវ៉ាដោយបិទផ្លូវ។
លោករ៉ុងឈុន ប្រធានសហព័ន្ធសហជីបកម្ពុជា ពេលជួបនិយាយជាមួយកម្មករធ្វើកូដកម្ម។
រូបថត សហព័ន្ធសហជីបកម្ពុជា។
ការប្តេជ្ញានេះបានធ្វើឡើង នៅមុខមន្រ្តីសហជីពដែលជាតំណាងឲ្យកម្មករ និងសមាគមរោងចក្រតំណាង ឲ្យនិយោជក។ លោករដ្ឋមន្រ្តី បាននិយាយខ្លាំងៗថា៖ «យើងមានអធិការកិច្ចការងារ យើងមានច្បាប់ បើកាលណាយើងមានបញ្ហាអី ដំណោះស្រាយដែលល្អបំផុតគឺ ការជជែកពិភាក្សាគ្នាដោយសន្តិវិធី។ សិទិ្ធសេរីភាពរបស់យើង មានទៅតាមអ្វីដែលច្បាប់ ចង្អុលបង្ហាញ ប៉ុន្តែកន្លងទៅនេះ (...) ខ្ញុំនិយាយឲ្យស្មោះត្រង់ទៅចុះ វាមានប្រយោជន៌អី បានជានាំគ្នា ទៅបិទផ្លូវពេលមានការតវ៉ា។ សួរថាពួកគេធ្វើចឹង វាត្រឹមត្រូវអត់?»។
លោកបានបន្តទៀតថា៖ «ឥឡូវនេះចាប់ពីពេលនេះតទៅ បទបញ្ជានេះ ប្រហែលជាយើងមិនអាចធ្វើដូចមុនទៀតទេ ព្រោះយើងមើលទៅ វាក្លាយជាទំលាប់មួយមិនល្អ។ កាលណាយើងមានវិវាទអីមួយ យើងមានយន្តការច្បាស់ណាស់ ក្នុងការពិភាក្សាដោះស្រាយ ចុះហេតុអីបានជានាំគ្នា យកកំលាំងទៅបិទផ្លូវសាធារណៈ។»។
លោកវង សូតបានថ្លែងបន្ថែមទៀតថា មិនមែនតែលោកទេ ដែលមានការ«ខឹងសម្បារ» នៅពេលកំពុងប្រញាប់ តែត្រូវបានមករារាំងដោយកូដករបិទផ្លូវ ប៉ុន្តែអ្នកធ្វើដំណើរផ្សេងទៀតក៏មិនពេញចិត្ត និងដែលអាចនាំឲ្យពួកគេ មានការជេរប្រមាថដែរ។
សម្រាប់លោករដ្ឋមន្រ្តី នេះជាបទបញ្ជា ដែលទាក់ទិនសំខាន់ ទៅនឹងការអនុវត្ត«នីតិវិធី»មួយគឺ ការគ្រប់គ្រងស្ថានការនយោបាយ ដែលមានការធ្វើ«យុទ្ធការ»បោះឆ្នោត នាពេលខាងមុខនេះ។ ប្រសិនបើពួកគេបង្ក ឲ្យមានភាពច្របូកច្របល់ ទៅគឺវាស្មើនឹងសង្គមមួយគ្មានច្បាប់។
«នៅពេលដែលសង្គមមួយអត់ច្បាប់នោះ វានឹងបង្កឲ្យមានភាពអនាធិបតេយ្យ។ ដូចនេះអ្នកដែលមានការពាក់ព័ន្ធ ត្រូវតែខិតខំចូលរួម ធ្វើការប្រតិបត្តិទៅលើបទបញ្ចានេះ ឲ្យមានប្រសិទ្ធិភាព ព្រោះបទបញ្ជានេះ មិនមែននិយាយតែទៅលើបងប្អូនសហជីពទេ គឺនិយាយទៅលើភាគីពាក់ព័ន្ធ ទាំងអស់នាំគ្នាគោរពច្បាប់។ បទបញ្ជានេះនឹងមិនមានប្រសិទ្ធិភាព ប្រសិនបើយើងមិនធ្វើវា ឲ្យបានតឹងរ៉ឹងទេនោះ។» នេះជាសម្ដីអះអាងរបស់លោក វង សូត។
លោកហៀង ជាកម្មករនៅរោងចក្រមួយ ក្នុងខ័ណ្ឌមានជ័យ រាជធានីភ្នំពេញដែលធ្លាប់មានការតវ៉ាបិទផ្លូវ បានឲ្យដឹងថា លោកមិនមានការចាប់អារម្មណ៌ ចំពោះបទបញ្ជារបស់លោកហ៊ុន សែននេះទេ ដោយសារលោកយល់ថា បទបញ្ជានេះនឹងគ្មានប្រសិទ្ធិភាព ប្រសិនបើនិយោជក«នៅតែជិះជាន់» រំលោភសិទ្ធិកម្មករដូចសព្វថ្ងៃនេះ។
លោកហៀង បានថ្លែងឲ្យដឹងថា៖ «ការដែលកម្មករនាំគ្នា ធ្វើការតវ៉ាដោយបិទផ្លូវនេះ គឺដោយតែពួកយើងគ្មានជំរើស គ្មានមន្រ្តីពាក់ព័ន្ធណា មកជួយដោះស្រាយនៅពេល មានការតវ៉ាថ្ងៃដំបូង តែទាល់តែពួកកម្មករនាំគ្នាបិទផ្លូវ ទើបបានជាមកដោះស្រាយ ហើយចោទពួកយើងថា បិទផ្លួវតវ៉ាដោយខុសច្បាប់»។
លោកបានបន្ថែមថា បញ្ហា«ដដែលៗ»នៅតែកើតមាន និងអាចមានចំនួនច្រើន ជាងមុនពេលមានបទបញ្ជានេះទៅទៀត។
កម្មការិនីម្នាក់ទៀត ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងដែរថា ការបិទផ្លូវនេះដោយសារតែគ្មានជំរើស និងដើម្បីស្វែងរក អ្នកមកដោះស្រាយឲ្យពួកគាត់។
កញ្ញាបានបន្តថា ពួកគេមិនចង់ឈរហាលថ្ងៃ ហាលខ្យល់ និងឲ្យអ្នកធ្វើដំណើរជេរប្រមាថពួកគេនោះទេ តែកម្មករពួកនាងមិនដឹងថា តើត្រូវធ្វើយ៉ាងណាទៀត ដើម្បីបញ្ចប់បញ្ហារបស់ពួកគេ ដោយមានអ្នកមកជួយដោះស្រាយ។
រីឯអ្នកវិភាគមួយរូប ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ ដែលតាមដានស្ថានភាព ការធ្វើកូដកម្មនានានៅក្នុងប្រទេសកម្ពុជានោះ ក៏បានយល់ស្រប នឹងយោបល់របស់ក្រុមកម្មករ នយោជិកដែរ។ ថ្នាក់ដឹកនាំជាច្រើននៅក្នុងជួររដ្ឋាភិបាល បានយល់យ៉ាងច្បាស់ នូវពាក្យមួយឃ្លាថា «ទីណាមានការជិះជាន់ ទីនោះនឹងមានការរើបំរាស់»។ តែបើកម្មករនយោជិកបាននិយាយ និងស្រែកហើយ តែនៅតែគ្មាននរណាអើពើ ឬក៏ផ្ទុយទៅវិញ បានប្រើវិធីសាស្ត្រពន្យា ដើម្បីជាផលប្រយោជន៍ទៅអ្នកជិះជាន់នោះ វាប្រាកដណាស់ ការផ្ទុះកំហឹងនឹងច្បាស់ជាកើតមាន។ ដូច្នេះ គេត្រូវយល់ពីឬសគល់របស់វា ដែលមិនខុសអ្វីពី ភ្លើងនិងផ្សែង ព្រោះបើគ្មានភ្លើងទេ ក៏គ្មានផ្សែងនោះដែរ។
វិធានការបង្ក្រាបណាមួយ ដែលអនុវត្តន៍ចេញពី បទបញ្ជារបស់នាយករដ្ឋមន្ត្រី វាមិនបានមកជួយរំលត់ភ្លើងទេ តែផ្ទុយទៅវិញ ប្រៀបបាននឹងយកប្រេងសាំង ចាក់លើភ្លើង អោយឆេះថែម។ អ្នកវិភាគនោះ បានអះអាងថា បញ្ហាដែលមានរួចហើយ មិនបានដោះស្រាយ តែបែជាបន្ថែមបញ្ហាមួយទៀត ដូច្នេះវានឹងក្លាយជា«បណ្ដុំបញ្ហា» ឬនិយាយបានម្យ៉ាងទៀតថា ជា«សង្គម»ដែលមានបញ្ហា។ អ្នកដឹកនាំត្រូវថ្លឹងថ្លែងរវាង សង្គមមានច្បាប់សម្រាប់រដ្ឋាភិបាលខ្លួនឯង និងក្រុមនយោជក ទៅនឹងសង្គមដែលមានបញ្ហា សម្រាប់ក្រុមកម្មករនយោជិក។
តែទោះបីជាយ៉ាងណាក៏ដោយ ក៏អ្នកវិភាគដដែលបាននិយាយថា គេគប្បីជូនដំណឹងជាមុន ទៅអាជ្ញាធរមានសមត្ថកិច្ច ពីការបិតផ្លូវនេះ ដើម្បីអោយក្រុមមន្ត្រីអ្នកអនុវត្តច្បាប់ទាំងនោះ អាចចុះមករៀបសណ្ដាប់ធ្នាប់ទូទៅ ដូចមានចែងនៅក្នុងច្បាប់ជា«ធរមាន»រួចហើយ មិនចាំបាច់ទាល់តែមាន បទបញ្ជា ឬសារាចរណ៍ ឬអនុសាសន៍ទើបបាននាំគ្នាធ្វើនោះទេ៕
-----------------------------------------------
ដោយ ៖ គិន ងុយ - ភ្នំពេញ ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ