សម រង្ស៊ី នៅ​តែ​ប្រកាន់​ជំហរ​ថា រដ្ឋាភិបាល ហ៊ុន សែន គ្មាន​ធម្មនុញ្ញភាព

ទន្ទឹមនឹងញ្ញត្តិគាំទ្ររដ្ឋាភិបាល ដែលចេញផ្សាយបន្តបន្ទាប់គាំទ្រ សេចក្ដីថ្លែងការណ៍ថ្កោលទោស មេដឹកនាំគណបក្ស​សង្គ្រោះជាតិ ចេញដោយរដ្ឋាភិបាលលោក ហ៊ុន សែន លោក សម រង្ស៊ី នៅតែប្រកាន់ជំហររបស់ខ្លួន ដោយបាន​សរសេរបញ្ជាក់ នៅលើទំព័រហ្វេសប៊ុកជាផ្លូវការរបស់លោកថា គឺគណបក្ស​ប្រជាជន​កម្ពុជាទៅវិញទេ ដែលបានកំពុង​ធ្វើ​រដ្ឋ​ប្រហារធម្មនុញ្ញ ដោយសារ​អ​ធម្មនុញ្ញ​នៃ​ការបើក​សម័យប្រជុំ​សភា​លើក​ដំបូង​ ថ្ងៃទី​២៣ ​ខែ​កញ្ញា ឆ្នាំ២០១៣ ដែល​​ជា​សភា​ឯក​បក្ស​។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: April 06, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទន្ទឹមនឹងញ្ញត្តិគាំទ្ររដ្ឋាភិបាល ដែលចេញផ្សាយបន្តបន្ទាប់គាំទ្រ សេចក្ដីថ្លែងការណ៍ថ្កោលទោស មេដឹកនាំគណបក្ស​សង្គ្រោះជាតិ ចេញដោយរដ្ឋាភិបាលលោក ហ៊ុន សែន លោក សម រង្ស៊ី នៅតែប្រកាន់ជំហររបស់ខ្លួន ដោយបាន​សរសេរបញ្ជាក់ នៅលើទំព័រហ្វេសប៊ុកជាផ្លូវការរបស់លោកថា គឺគណបក្ស​ប្រជាជន​កម្ពុជាទៅវិញទេ ដែលបានកំពុង​ធ្វើ​រដ្ឋ​ប្រហារធម្មនុញ្ញ ដោយសារ​អ​ធម្មនុញ្ញ​នៃ​ការបើក​សម័យប្រជុំ​សភា​លើក​ដំបូង​ ថ្ងៃទី​២៣ ​ខែ​កញ្ញា ឆ្នាំ២០១៣ ដែល​​ជា​សភា​ឯក​បក្ស​។


លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថត គណបក្ស)

នយោបាយកម្ពុជា - ដំណើររឿងភាគនៃនយោបាយក្នុងប្រទេសកម្ពុជា អាចនឹងមាន«តភាគ»វែងឆ្ងាយតទៅទៀត។ វែងឆ្ងាយ ព្រោះការឆ្លើយឆ្លងសំបុត្រ ឬសេចក្ដីថ្លែងការណ៍ ឬការចេញញ្ញត្តិគាំទ្របានកើតមានជាហូរហែរ និងព្រោង​ព្រាតនៅចុងសប្ដាហ៍នេះ ដែលធ្វើឲ្យគេគិតថា នោះគឺជាចម្រៀងដដែលៗ ដែលក្រុមអ្នកនយោបាយ តែងនាំគ្នា​ច្រៀង​មិនចេះនឿយណាយ។

នៅយប់ថ្ងៃសៅរ៍ទី៥ ខែមេសា លោក សម រង្ស៊ី នៅលើទំព័រហ្វេសប៊ុកជាផ្លូវការរបស់លោក នៅតែប្រកាន់ជំហរថា គឺ​គណបក្ស​ប្រជាជន​កម្ពុជាទៅវិញទេ ដែលបានកំពុង​ធ្វើ​រដ្ឋ​ប្រហារធម្មនុញ្ញ ដោយសារ«​អ​ធម្មនុញ្ញ​»នៃ​ការបើក​សម័យ​ប្រជុំ​សភា​លើក​ដំបូង​ ថ្ងៃទី​២៣ ​ខែ​កញ្ញា ឆ្នាំ២០១៣ ដែល​ជា​សភា​ឯក​បក្ស​។ ប្រធានគណបក្សសង្គ្រោះជាតិ បាន​បញ្ជាក់​ទៀតថា សភា​អ​ធម្មនុញ្ញ ដែលបង្កើតដោយគណបក្សប្រជាជនកម្ពុជា «តែមួយ» អាច​បង្កើត​ជា​រដ្ឋាភិបាល មិន​ស្រប​រដ្ឋធម្មនុញ្ញ និង​មិន​ស្របច្បាប់​។

ការលើកឡើងនៅលើទំព័ររបស់លោក សម រង្ស៊ី បានធ្វើឡើងបន្ទាប់ពីសេចក្ដីថ្លែងការណ៍មួយ របស់រដ្ឋាភិបាល លោក ហ៊ុន សែន ចុះថ្ងៃទី៥ ខែមេសាដដែលនេះ ហៅលិខិតរបស់លោក សម រង្ស៊ី ផ្ញើរថ្វាយព្រះមហាក្សត្រ ជាការ​«ញុះញង់ និងជំរុញឲ្យព្រះមហាក្សត្រ អនុវត្តផ្ទុយពីរដ្ឋធម្មនុញ្ញ ដែលទង្វើនេះ មានតម្លៃស្មើនឹងការធ្វើរដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ»។ សេចក្ដីថ្លែងការណ៍ ដែលបានចេញផ្សាយនៅពេលល្ងាច បានចោទប្រកាន់ធ្ងន់ៗ ទៅលើមេ​ដឹកនាំ​គណបក្សសង្គ្រោះជាតិ ថា«ពិតជាបានរំលោភបំពានទាំងកំរោល ទៅលើអង្គព្រះមហាក្សត្រ ហើយក៏ជាការជាន់ឈ្លី នូវគោលការណ៍និតិរដ្ឋនៅកម្ពុជា»។ សេចក្ដីថ្លែងការណ៍ បានសរសេរទៀតថា នឹងពិចារណានូវ​វិធានការ​ដ៏«ម៉ឺង​ម៉ាត់»​ចំពោះបុគ្គល សម រង្ស៊ី» ដើម្បីរក្សា ការពារ ទោះក្នុង«តម្លៃណាក៏ដោយ» នូវបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និង«សេចក្ដីថ្លៃថ្នូរ»របស់សង្គមជាតិ។

ប្រតិកម្មខ្លាំងៗរបស់រដ្ឋាភិបាលលោក ហ៊ុន សែន បានធ្វើឡើងតែមួយថ្ងៃក្រោយលិខិតមួយរបស់លោក សម រង្ស៊ី ផ្ញើរ​ថ្វាយ​ព្រះមហាកក្សត្រ ព្រះបាទ នរោត្ដម សីហមុនី ដែលបានលើកឡើងពីអធម្មនុញ្ញភាព នៃស្ថាប័ននិតិបញ្ញត្តិ​នីតិកាល​ទីប្រាំនេះ។ លិខិតដែលលោក សម រង្ស៊ី បាននិយាយថាមានលក្ខណៈឯកជន ផ្ញើរថ្វាយព្រះមហាក្សត្រនេះ ត្រូវបាន​ដាកផ្សាយ​ជាសាធារណៈ នៅលើហ្វេសប៊ុកជាផ្លូវការ របស់មេដឹកនាំគណបក្សប្រឆាំង ហើយបន្ទាប់មក ប្រព័ន្ធ​ផ្សព្វផ្សាយ​ក៏​បាន​យកទៅផ្សាយ ជាបន្តយ៉ាងព្រោងព្រាត។

លិខិតនោះសរសេរថា៖ «រដ្ឋសភាបច្ចុប្បន្នគឺមិនបានឆ្លុះបញ្ចាំង ពីឆន្ទៈពិតប្រាកដរបស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ឡើយ ហើយ​ក៏ពុំអាចធ្វើជាតំណាង ឲ្យពលរដ្ឋខ្មែរទាំងមូលបានដែរ ដោយសារពុំមាន​តំណាងរាស្រ្ត​គ្រប់​ចំនួន១២០​រូប ចូលរួម​សម័យប្រជុំដំបូង នៃរដ្ឋសភា ដូចដែលតម្រូវដោយមាត្រ៧៦ នៃរដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​​កម្ពុជា»។

ជុំវិញប្រតិកម្មរបស់រដ្ឋាភិបាល ដែលព្រមានចាត់វិធានការ ប្រឆាំងរូប​លោក​នោះ លោក សម រង្ស៊ី បានសរសេរ​នៅ​យប់ថ្ងៃសៅរ៍​ទៀត​ថា «នោះជាគម្រោងថ្មីមួយទៀត ក្នុងការប្រើប្រាស់ តុលាការឆាកល្ខោន របស់​ពួកគេ ដើម្បីបំបិត​សម្លេងរបស់​ក្រុម​ប្រឆាំង»។ លោក​បានចាត់ទុកថា ប្រតិកម្មរបស់រដ្ឋាភិបាល លោក ហ៊ុន សែន ​ហាក់​ដូចជា​មិន​ទាន់​ត្រឹមត្រូវ​ឡើយ ខណៈពេលមិនទាន់មានការឆ្លើយតប ពីព្រះមហាក្សត្រផងនេះ។ លោក សម​ រង្ស៊ី បាន​សរសេរ​ថា៖ ​«យើង​ទាំង​អស់​គ្នា គប្បីរង់ចាំ ​រាជ​បន្ទូល​ឆ្លើយតប​របស់​ព្រះមហាក្សត្រជាមុនសិន​»៕

-----------------------------------------------
ដោយ កេសរកូល (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៦ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...