សម្ភាសមេធាវី វន់ ពៅ៖ ហេតុផល២ ដែល«គ្មាន»ហេតុផលច្បាស់លាស់
នេះមិនមែនជាលើកទីមួយឡើយ ដែលតុលាការនៃសាលាដំបូងរាជធានីភ្នំពេញ បដិសេធសំណើរសុំនៅក្រៅឃុំរបស់ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បើទោះជាមេធាវីរបស់ព្យាយម លើកហេតុផលតាមផ្លូវច្បាប់ជាច្រើនក៏ដោយ។ សូមអានការបកស្រាយរបស់លោកមេធាវី គីម សុជាតិ ពីហេតុផលចំនួនពីរ របស់ចៅក្រម ដែលបានបដិសេធការសុំនៅក្រៅឃុំ ទាំង«គ្មាន»ហេតុផលច្បាស់លាស់។
លោក វ៉ន ពៅ ប្រធានសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា នៅក្នុងការតវ៉ារបស់លោក ជាមួយកម្មករ នៅមុខការចាប់ខ្លួន។ (រូបថត ហ្វេសប៊ុក)
ប្រព័ន្ធយុត្តិធម៌ - ក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ លោក គីម សុជាតិ មេធាវីការពារក្តីឲ្យលោក វន់ ពៅ ប្រធានសមាគម ប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានអោយដឹងថា ការបដិសេធសំណើរសុំនៅក្រៅឃុំកូនក្តីនៅថ្ងៃទី០៤ ខែមេសានេះ ដោយតុលាការសំអាងទៅលើហេតុផលពីរ៖
ទី១. ប្រសិនបើដោះលែងលោកវន់ ពៅ នឹងធ្វើអោយលោក វន់ ពៅ អាចទៅបង្កបញ្ហាដល់សណ្តាប់ធ្នាប់សាធារណៈ។
ទី២. ពាក់ព័ន្ធទៅនឹងការដែលគ្មានឯកសារ បញ្ជាក់ពីប្រធានពន្ធនាគារអះអាងថា វន់ ពៅ មានបញ្ហាសុខភាព។
លោកមេធាវី បានប្រតិកម្មថា តុលាការមិនគួរសម្រចបែបនេះទេ ព្រោះវាគ្មានអ្វីបញ្ជាក់ថាលោកវន់ ពៅ ទៅធ្វើអញ្ចឹងទេ នេះគ្រាន់តែជាការយល់ឃើញរបស់តុលាការ ហើយក៏គ្មានភស្តុតាងណាមួយបញ្ជាក់ថា លោក វន់ ពៅ ទៅធ្វើសកម្មភាពបង្កបញ្ហា ដល់សណ្តាប់ធ្នាប់សាធារណៈដែរ។ រីឯហេតុផលទី២ លោក គីម សុជាតិបានបកស្រាយថា៖ «យើងបានលើកឡើងហើយ ដោយយើងបានបង្ហាញភស្តុតាងទៅតុលាការថា មានឯកសារបញ្ជាក់មកពីរមន្ទីរពេទ្យបំរុងរ៉ាត់ ដែលអះអាងថា វន់ ពៅ ត្រូវទទួលការវះកាត់ អញ្ចឹងត្រូវទៅជួបពេទ្យ»។
ឆ្លងតាមការបកស្រាយ ទៅលើបញ្ហាទាំងពីរនេះ លោកមេធាវី យល់ថា «អញ្ចឹងតុលាការគួតែអនុញ្ញាតអោយ វន់ ពៅ នៅក្រៅឃុំសិន ដើម្បីព្យាលបានរបួស ព្រោះអីបញ្ហាដែលប្រឈម គឺបញ្ហាសុខភាពរបស់គាត់ទេ។ បើថ្ងៃក្រោយតុលាការរកឃើញថា វន់ ពៅ មានពិរុទ្ធភាព ឬក៏មានប្រព្រឹត្តបទល្មើសទៅតាមផ្លូវច្បាប់មែន អញ្ចឹងតុលាការចាប់ វន់ ពៅ យកទៅឃុំទៅ វាក៏មិនទាន់ហួសពេលដែរ។»
លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កាលពីថ្ងៃទី២៥ ខែមីនាកន្លងមកក្នុងសន្និសិទថ្នាក់ជាតិមួយ ស្តីពីការឃុំខ្លួនបណ្តោះអាសន្ន និងជម្រើសជំនួសឲ្យការឃុំខ្លួន លោកបានថ្លែងបញ្ជាក់ពីគោលការណ៍ និងសារាចរណែនាំដូច្នេះថា «ជំរុញចៅក្រមឲ្យមានការទទួលខុសត្រូវខ្ពស់ ក្នុងការសម្រេចឃុំខ្លួនបុគ្គលណាមួយ ដែលជាការធ្វើឲ្យប៉ះពាល់ដល់គោលការណ៍ទូទៅ ដែលមានបញ្ញត្តិក្នុងមានត្រា២០៣ នៃក្រមនីតិព្រហ្មទណ្ឌថា “ជាគោលការណ៍ជនត្រូវចោទ ត្រូវតែមានសេរីភាព”»។
ពាក់ព័ន្ធនឹងសារាចរណ៍ណែនាំនេះ មេធាវីការពារក្តីអោយលោក វន់ ពៅរូបនេះ បានបញ្ជាក់ថា៖ «បញ្ហាហ្នឹងយើងក៏លើកឡើងដែរ ហើយមិនមែនតែសារាចរណ៍ហ្នឹងទេ យើងក៏បានលើកឡើងដល់សារាចរណ៍មួយទៀត ដែលសម្រេចអំពីការព្យួរទោស បើករណីតុលាការរកឃើញថា ថ្ងៃ១៨ ក្រោយនេះ វន់ ពៅ មានពិរុទ្ធភាពមែន តុលាការក៏អាចព្យួរទោសបានដែរ ស្របតាមសារាចរណ៍របស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ដែលបានចេញថ្មីនេះ។ (...) តែតុលាការគាត់មិនពិចារណាទេ។»៕
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ០៤ មេសា ២០១៤